ការលើកកម្ពស់ជីវភាព និងការតាំងទីលំនៅថ្មី តាមរយៈគម្រោងកែលម្អការតាំងទីលំនៅសហគមន៍តំបន់ឆ្នេរ

យុទ្ធសាស្ត្រអភិវឌ្ឍន៍លំនៅឋានសមរម្យ និងការកសាងមូលដ្ឋានសេដ្ឋកិច្ចសហគមន៍ប្រកបដោយភាពធន់ និងបរិយាបន្ន

រាជធានីភ្នំពេញ៖ ការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាព និងការផ្តល់ជូននូវទីជម្រកដ៏កក់ក្តៅជូនប្រជាពលរដ្ឋត្រូវបានជំរុញកម្រិតថ្មីមួយទៀត តាមរយៈសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីគម្រោងកែលម្អការតាំងទីលំនៅសហគមន៍ប្រកបដោយសមាហរណកម្ម និងភាពធន់តាមបណ្តាខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។ ក្រោមប្រធានបទ «លំនៅឋានមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប» ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញពីចក្ខុវិស័យយ៉ាងច្បាស់លាស់ក្នុងការអភិវឌ្ឍវិស័យលំនៅឋាន។

បន្ទាប់ពីទទួលបានជោគជ័យលើការចុះបញ្ជីដីបង្ហើយ និងការបង្កើតបរិយាកាសគ្មានវិវាទ ក្រសួងបានដាក់ចេញនូវគោលការណ៍យុទ្ធសាស្ត្រចំនួនបីជាផែនទីបង្ហាញផ្លូវ រួមមាន បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ដើម្បីធានាថាប្រជាពលរដ្ឋខ្មែរគ្រប់រូបមានផ្ទះសម្បែងរស់នៅសមរម្យ។ ក្រសួងបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ ជាពិសេសចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងសំណង់មិនរៀបរយ ជាពិសេសនៅក្នុងខេត្តកែប ដោយទាមទារឱ្យមានការគិតគូរលើការកសាងខឿនសេដ្ឋកិច្ចនៅនឹងមូលដ្ឋាន និងការផ្តល់អន្តរាគមន៍ឱ្យចំគោលដៅ។ ក្រៅពីការផ្តល់ដី និងផ្ទះ ស្តង់ដារនៃការអភិវឌ្ឍក៏ត្រូវរួមបញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ការបង្កើតចំណូល ការបន្ថយបំណុល និងការធានាឱ្យមានអាហារហូបចុកគ្រប់គ្រាន់ដើម្បីពង្រឹងសុខុមាលភាព និងកសាងធនធានមនុស្សសម្រាប់ជាតិ។

សិក្ខាសាលាថ្នាក់ជាតិនេះ បានប្រមូលផ្តុំការចូលរួមពីស្ថាប័នរដ្ឋ និងដៃគូអន្តរជាតិសំខាន់ៗ រួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ គណៈកម្មធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរថ្នាក់ក្រោមជាតិ និងតំណាងស្ថានទូតចិនប្រចាំកម្ពុជា។ ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីអង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ធំៗដូចជា តំណាងធនាគារពិភពលោក (World Bank) តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រធានអង្គការ UN-Habitat និងនាយកប្រចាំប្រទេសនៃអង្គការ Habitat for Humanity International (HFHC) ផងដែរ។

កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិនេះ បានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមតំបន់ឆ្នេរឱ្យមានភាពប្រសើរឡើងមួយកម្រិតទៀត។ ការផ្សារភ្ជាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យជាមួយនឹងការកសាងសេដ្ឋកិច្ចមូលដ្ឋាន និងការពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ នឹងក្លាយជាកាតាលីករដ៏មានឥទ្ធិពលក្នុងការធានាបាននូវការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្នពេញលេញ។ (អានបន្ថែម)

- Video Advertisement -