iSpace ចាប់ផ្តើមដំណាក់កាលសាកល្បងរ៉ុក្កែតដែលអាចប្រើឡើងវិញបាន ជិតដល់ចំណុចសំខាន់ក្នុងមហិច្ឆតាអវកាសរបស់ចិន
ក្រុមហ៊ុនអវកាសឯកជនឈានមុខគេរបស់ប្រទេសចិន គឺក្រុមហ៊ុន Beijing Interstellar Glory Space Technology Ltd. ដែលត្រូវបានគេស្គាល់ជាទូទៅថា iSpace បានសម្រេចនូវព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយបានបាញ់បង្ហោះ និងបានចុះចតដោយជោគជ័យ និងដោយសុវត្ថិភាពនូវការធ្វើតេស្តបង្ហោះយានសាកល្បងមួយដែលមានឈ្មោះថា Hyperbola-2Y single-stage hopper នៅ មជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan។ នេះជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកមហិច្ឆតារបស់ប្រទេសចិនក្នុងការអភិវឌ្ឍរ៉ុក្កែតដែលមានសមត្ថភាពដឹកទម្ងន់មធ្យម (គឺជាប្រភេទរ៉ុក្កែត medium-lift rocket ដែលមានទ្រទម្ងន់បានចន្លោះពី ២០០០ ទៅ ២០ ០០០ គីឡូក្រាម) ដែលអាចប្រើឡើងវិញបាននៅឆ្នាំ ២០២៥ យោងតាមសារៈព័ត៌មាន Space News នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។
ដំណាក់កាលផ្ទៀងផ្ទាត់ដោយជោគជ័យនៃការសាកល្បងយាន iSpace នេះ បានបង្ហាញពីភាពអស្ចារ្យរបស់វា នៅពេលដែលវាបានឡើងដល់កម្ពស់ដ៏គួរឱ្យចាប់អារម្មណ៍ ១៧៨ ម៉ែត្រក្នុងអំឡុងពេលហោះហើររយៈពេល ៥១ វិនាទី។ គោលដៅនៃការសាកល្បងនេះមួយទៀត គឺការធ្វើតេស្តសមត្ថភាពចុះថត ដែលជារឿងមួយដ៏លំបាកធ្វើសម្រាប់ការចុះចតរបស់ក្បាលរ៉ុក្កែតផ្សេងៗទៀត ប៉ុន្តែសម្រាប់យាន ispace នេះ មានសមត្ថភាពទម្លាក់ខ្លួនចុះក្រោម ដែលគ្រប់គ្រងដោយថាមពល និងអាចប៉ះផ្ទៃដីចុះចតដោយថ្នមៗ គាំទ្រដោយជើងចុះចតចំនួនបួន ប្រវែង ១៧ម៉ែត្រ និងអង្កត់ផ្ចិត ៣,៣៥ម៉ែត្រ នេះត្រូវបានបំពាក់ដោយម៉ាស៊ីន Focus-1 ដែលអាចផ្លាស់ប្តូរបានយ៉ាងគួរឱ្យចាប់អារម្មណ៍។
ការធ្វើតេស្តចុះចតបញ្ឈរនេះ គឺជាសមិទ្ធផលជោគជ័យបំបែកឯតទគ្គកម្មថ្មីមួយ នៅក្នុងដំណើរស្វែងរករបស់ iSpace ក្នុងការត្រួសត្រាយផ្លូវសម្រាប់ការចាប់ផ្តើមប្រើប្រាស់រ៉ុក្កែតប្រភេទដែលអាចប្រើឡើងវិញបាននេះ នៅឆ្នាំ ២០២៥ ដែលនេះគឺជាស្នាដៃកើតចេញពីការប្រឹងប្រែងរបស់ប្រទេសចិនក្នុងការចម្លងគំរូសមិទ្ធផលរបស់ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីអេឡុនម៉ាស និងរ៉ុក្កែត Falcon 9 ដ៏ល្បីល្បាញរបស់ខ្លួន។
ក្រុមហ៊ុន iSpace បានចេញសេចក្តីថ្លែងការណ៍ដ៏រំភើបមួយ ដែលប្រកាសពីសមិទ្ធផលនេះថាជា “របកគំហើញដ៏សំខាន់នៅក្នុងឧស្សាហកម្មអវកាសពាណិជ្ជកម្មរបស់ប្រទេសចិនក្នុងបច្ចេកវិទ្យាយាន (ក្បាលរ៉ុក្កែត) ដែលអាចប្រើប្រាស់ឡើងវិញបាន (ក្រោយបង្ហោះម្តងរួច)”។
ក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តដំណើរទៅមុខមួយកម្រិតទៀត ឆ្ពោះទៅរកការបង្ហោះលើកដំបូងនៃរ៉ុក្កែតប្រភេទ Hyperbola-3 ថ្មីមួយទៀត ដែលមានសមត្ថភាពដឹកទម្ងន់ ១៣,៤ តោនទៅកាន់គន្លងផែនដីកម្ពស់ទាប (LEO) នៅត្រឹមឆ្នាំ ២០២៥។ ក្រោយពីបង្ហោះលើកនេះរួច ក្រុមហ៊ុនគ្រោងនឹងបង្ហាញពីការប្រើប្រាស់ឡើងវិញនូវក្បាលរ៉ុក្កែតដែលបានប្រើលើកមុនរួច ដើម្បីនឹងបង្ហោះជាថ្មីម្តងទៀត នៅឆ្នាំ ២០២៦ ដែលនៅពេលនោះគឺប្រើប្រភេទ រ៉ុក្កែតប្រវែង ៦៩ ម៉ែត្រ ដែលមានសមត្ថភាព លើកទម្ងន់បាន ៨,៥ តោនទៅកាន់គន្លងផែនដីកម្ពស់ទាប។ ចក្ខុវិស័យរបស់ក្រុមហ៊ុន iSpace គឺចង់ឈានទៅ ដល់ការបាញ់បង្ហោះយាន Hyperbola-3 ឱ្យបានដល់ចំនួន ២៥ ជារៀងរាល់ឆ្នាំ គិតចាប់ពីឆ្នាំ ២០៣០ខាងមុខនេះតទៅ។
iSpace បានបង្កើតប្រវត្តិសាស្ត្រក្នុងឆ្នាំ ២០១៩ ដោយក្លាយជាក្រុមហ៊ុនចិនដំបូងគេដែលផ្តល់មូលនិធិឯកជន ដើម្បីប្រើយានដឹកមនុស្សទៅដល់គន្លងផែនដីកម្ពស់ទាប ដោយប្រើប្រាស់រ៉ុក្កែត Hyperbola-1 ដោយកាលណោះប្រភពថាមមពលគឺប្រើចំណេះឥន្ធនៈ។ ខណៈពេលដែលក្រុមហ៊ុនប្រឈមមុខនឹងបញ្ហាបង្ហោះរ៉ុក្កែតបីដងជាប់ៗគ្នា ចុងក្រោយក្រុមហ៊ុនបានវិលត្រឡប់មកចាប់ផ្តើមប្រតិបត្តិការបង្ហោះវិញដោយជោគជ័យនៅដើមឆ្នាំនេះ។ ការបាញ់បង្ហោះរ៉ុក្កែតដ៏ជាច្រើនបន្ថែមទៀត នឹងធ្វើឡើងក្នុងឆ្នាំខាងមុខនេះ ទោះបីជាមានការប្រកួតប្រជែងពីស្ថាប័នផ្សេងទៀតនៅក្នុងវិស័យនេះក៏ដោយ។
ជាងនេះទៅទៀត iSpace មិនមែនជាសហគ្រាសចិនតែមួយគត់ដែលចូលទៅក្នុងអាណាចក្រនៃការបង្ហោះរ៉ុក្កែតដែលអាចប្រើឡើងវិញបាននោះទេ។ ក៏មានក្រុមហ៊ុនជាច្រើនទៀតផងដែរ ដូចជា Galactic Energy, CAS Space និង Deep Blue Aerospace សុទ្ធតែស្ថិតក្នុងចំណោមអ្នកដែលរួមចំណែកដល់ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសចិននៅក្នុងវិស័យអវកាស។ ជាមួយនឹងវិធីសាស្រ្តប្រកបដោយភាពច្នៃប្រតិដ្ឋនេះ ក្រុមហ៊ុនទាំងនេះកំពុងជំរុញឱ្យមហិច្ឆតារបស់ប្រទេសចិន ដែលចង់ធ្វើជាអនុត្តរប្រទេសនៅលើឆាកពិភពលោកក្នុងវិស័យយានយន្តដែលប្រើឡើងវិញបាន កំពុងក្លាយទៅជាការពិត៕
- Video Advertisement -