ខេត្តកំពង់ស្ពឺ បើកការដ្ឋានសាងសង់កំណាត់ផ្លូវលេខ ១៣០A ប្រវែងជិត ១០គីឡូម៉ែត្រជាផ្លូវការ

ក្រោមអធិបតីភាពរបស់អភិបាលខេត្ត ជាម ច័ន្ទសោភ័ណ គម្រោងក្រាលកៅស៊ូ DBST ស្តារឡើងវិញនូវច្រករបៀងខេត្តដែលខូចខាត ដើម្បីគាំទ្រដល់ការពង្រីកវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍

កំណាត់ផ្លូវលេខ ១៣០A នេះ មានប្រវែងសរុប ៨,៥គីឡូម៉ែត្រ និងទទឹង ៧ម៉ែត្រ ត្រូវបានប្រកាសបើកការដ្ឋានស្ថាបនាជាប្រភេទផ្លូវកៅស៊ូ DBST ជាផ្លូវការ កាលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ដោយឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។

មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កំណាត់ផ្លូវលេខ ១៣០A នេះ មានប្រវែងសរុប ៨,៥គីឡូម៉ែត្រ និងទទឹង ៧ម៉ែត្រ គឺស្ថិតក្នុងឃុំព្រៃញាតិ និងឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្នុងនោះ រួមមាន៖ ផ្លូវបេតុង ប្រវែងប្រមាណ ១គីឡូម៉ែត្រ។ ផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) ប្រវែងប្រមាណ ២គីឡូម៉ែត្រ ដែលធ្លាប់បានស្ថាបនាដោយក្រុមហ៊ុន អ៊ុត ធី។ កំណាត់ផ្លូវសេសសល់ ប្រវែងប្រមាណ ៥,៥ គីឡូម៉ែត្រ ដែលបានរងការខូចខាតធ្ងន់ធ្ងរដល់ស្រទាប់គ្រឹះ ហើយផ្លូវនេះមិនស្ថិតក្នុងគម្រោងថែទាំប្រចាំរបស់មន្ទីរនោះទេ ទើបចាំបាច់ត្រូវរៀបចំធ្វើការជួសជុល និងកែលម្អឡើងវិញនាឱកាសនេះ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់អំពីសក្តានុពលដ៏សំខាន់ៗរបស់ខេត្តកំពង់ស្ពឺ ដែលកំពុងមានការរីកចម្រើនលើគ្រប់វិស័យ រួមមាន វិស័យកសិកម្ម វិស័យរ៉ែ និងថាមពល វិស័យឧស្សាហកម្ម ព្រមទាំងវិស័យទេសចរណ៍ ដែលវិស័យទាំងនេះកំពុងទាក់ទាញវិនិយោគិន និងបង្កើតឱកាសការងារយ៉ាងច្រើនជូនប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានអំពាវនាវឱ្យពលរដ្ឋទាំងអស់ចូលរួមសហការថែរក្សាចំណីផ្លូវឱ្យបានល្អប្រសើរ មិនត្រូវរំលោភយកចំណីផ្លូវជាកម្មសិទ្ធិ ឬសង់សំណង់ផ្សេងៗឡើយ ដើម្បីធានាឱ្យការស្ថាបនាផ្លូវនេះសម្រេចបានតាមបច្ចេកទេស និងប្រើប្រាស់បានយូរអង្វែង៕ (អានបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង