រោងចក្រផលិតស៊ីម៉ងត៍មួយនៅខេត្តកំពត មានសមត្ថភាពផលិតរហូត ២លានតោនក្នុងមួយឆ្នាំ
រោងចក្រផលិតស៊ីម៉ងត៍ Kampot Cement ដែលជាទីតាំងផលិតកម្មស៊ីម៉ងត៍ធំជាងគេ និងដំបូងគេនៅកម្ពុជា ហើយមានវត្តមានលើទីដីខេត្តកំពត អាចមានសមត្ថភាពផលិតបានប្រមាណ ២លានតោនក្នុងមួយឆ្នាំ។ នេះបើយោងតាមដំណើរទស្សនកិច្ចផ្ទាល់នៅរោងចក្រ កាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ទស្សនកិច្ចនេះ ដើម្បីចុះពិនិត្យផ្ទាល់អំពីប្រតិបត្តិការនានាពាក់ព័ន្ធនឹងការគ្រប់គ្រងសង្វាក់ផលិតកម្ម ការអនុវត្តបច្ចេកវិទ្យាទំនើបក្នុងការត្រួតពិនិត្យគុណភាពស៊ីម៉ងត៍ឱ្យស្របតាមបទដ្ឋានអន្តរជាតិ ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលសំដៅធានាឱ្យប្រតិបត្តិការអាជីវកម្មរបស់ពួកគេអាចបន្តរីកចម្រើនដោយចីរភាព និងជំរុញដល់ការពង្រីកទុនវិនិយោគបន្ថែមទៀតនៅក្នុងកម្ពុជា។
ឯកឧត្តម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមយ៉ាងសកម្ម និងការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនលើកិច្ចការពារបរិស្ថានចំពោះដំណើរការរោងចក្រផលិតស៊ីម៉ងត៍ ដែលអាចការពារប្រព័ន្ធអេកូឡូស៊ីមិនឱ្យប៉ះពាល់ដល់សហគមន៍ជុំវិញ។
សូមជម្រាបដែរថា រោងចក្រផលិតស៊ីម៉ងត៍ Kampot Cement បានចាប់ផ្តើមបើកដំណើរការអាជីវកម្មរបស់ខ្លួនចាប់តាំងពីឆ្នាំ២០០៦។ រោងចក្រនេះមានសមត្ថភាពផលិតស៊ីម៉ងត៍បានប្រមាណ ២លានតោនក្នុងមួយឆ្នាំ ដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់តម្រូវការទីផ្សារសំណង់ក្នុងស្រុក កាត់បន្ថយការនាំចូលពីបរទេស និងរុញច្រានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស៕ (អានបន្ថែម)

- Video Advertisement -