ទឹកជំនន់ធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងហោចជាង ២៦០០គ.ម ទូទាំងប្រទេស

គិតពីថ្ងៃទី ១ កញ្ញា ដល់ល្ងាច ថ្ងៃទី ២២ តុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀង ធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធនានាសរុបប្រមាណ ២ ៦៩៣ គីឡូម៉ែត្រ ទូទាំងប្រទេស។ នេះបើយោងតាមទិន្នន័យពីនាយកដ្ឋានព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយ កាលពីថ្ងៃទី ២២ តុលានេះ។

ប្រភពដដែលនេះ បានឱ្យដឹងទៀតថា ហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតទាំងនោះរួមមាន ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម (ប្រមាណ ៤៦៥ គ.ម) ផ្លូវលំជនបទ (ប្រមាណ ១.៦៦៥ គ.ម) ទំនប់ (៤១ គ.ម) ប្រឡាយមេ (២២៤ គ.ម) ប្រឡាយរង (១៧៩ គ.ម) ប្រឡាយស្រោចស្រព (១១៨ គ.ម) ច្រាំងទន្លេ (ប្រមាណ ១, ៦ គ.ម)។

មិនត្រឹមតែប៉ុណ្ណោះ នៅមានសម្បត្តិរដ្ឋ និងឯកជនជាច្រើនទៀតដូចជាផ្ទះសម្បែង សាលារៀន និងដំណាំដុះជាដើមដែលបានខូចខាតដោយសារទឹកជំនន់។ លើសពីនេះ ប្រជាជនចំនួន ៣៩ នាក់ បានស្លាប់ ហើយប្រជាជនប្រមាណ ១២ មឺុនគ្រួសារទៀត រងផលប៉ះពាល់។

គួរបញ្ជាក់ផងដែរថា ទឹកជំនន់នេះបានធ្វើឱ្យប៉ះពាល់ដល់ ១៩ រាជធានី ខេត្តរួមមាន ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្ដាល កំពង់ឆ្នាំង កំពង់ធំ។

យ៉ាងណាមិញ គ្រប់ក្រសួងពាក់ព័ន្ធ កំពុងធ្វើការយ៉ាងសកម្មដោះស្រាយបញ្ហាចោទមួយនេះ ក្នុងនោះក្រសួងសារធារណការ និងដឹកជញ្ជូន ក៏បានប្ដេជ្ញានឹងស្វែងរកថវិកាមកជួសជុលហេដ្ឋារចនាសម្ព័ន្ធទាំងឡាយដែលខូចខាតដោយសារទឹកជំនន់ ឱ្យបានលឿនបំផុត។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ជប៉ុនជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ជាមួយកញ្ចប់ជំនួយថ្មីជាង ៤៤៦ពាន់ដុល្លារ

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រដ្ឋាភិបាលជប៉ុនបានប្រកាសផ្តល់កញ្ចប់ជំនួយថ្មីដែលមានទឹកប្រាក់សរុបចំនួន ៤៤៦.៨០១ដុល្លារ សម្រាប់គម្រោងសំខាន់ៗចំនួន៣ ដែលផ្តោតលើប្រព័ន្ធធារាសាស្ត្រ និងការសាងសង់ស្ពាន។ ឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងផ្តល់ជំនួយនេះ កាលពីថ្ងៃទី៣០ ខែមករា រួមជាមួយតំណាងមកពីស្ថាប័នទទួលជំនួយទាំងបី ក្រោមគម្រោងជំនួយឥតសំណងសម្រាប់គម្រោងសន្តិសុខមនុស្សជាតិខ្នាតតូច ដែលត្រូវបានគេស្គាល់ជាទូទៅថា (គូសាណូណិ)។ សម្រាប់គម្រោងទី១ ​មាន​តម្លៃ ១៨០.៣៩៦ដុល្លារ នឹងត្រូវប្រើប្រាស់ដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ​សម្រាប់​ការ​ស្តារ​ប្រព័ន្ធ​ធារាសាស្ត្រ​ក្នុង​ខេត្ត​តាកែវ។ គម្រោងនេះផ្តួចផ្តើមឡើង ក្នុងគោលបំណងធានាការផ្គត់ផ្គង់ទឹកដែលអាចទុកចិត្តបានសម្រាប់ការងារកសិកម្ម និងលើកកម្ពស់ជីវភាព និងប្រាក់ចំណូលរបស់កសិករក្នុងមូលដ្ឋាន។ សម្រាប់គម្រោងទី២ អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ១៥៤.៣៥៣ដុល្លារអាម៉េរិក ដើម្បីសាងសង់ស្ពានបេតុងថ្មីមួយ នៅលើទន្លេមួយក្នុងខេត្តកំពង់ធំ។ សម្រាប់គម្រោងទី៣ អនុវត្តដោយរដ្ឋបាលឃុំខ្វាវ ក្នុងខេត្តសៀមរាប រដ្ឋាភិបាលជប៉ុនផ្តល់ ថវិកាចំនួន ១១២.០៥២ ដុល្លារអាម៉េរិក ដើម្បីសាងសង់ស្ពានបេតុងថ្មីមួយ ជំនួសឱ្យស្ពានឈើពុកផុយបច្ចុប្បន្ន។ ស្ពាននេះនឹងជួយសម្រួលដល់ការដឹកជញ្ជូនកសិផល ហើយនឹងផ្តល់ឱ្យប្រជាជនមូលដ្ឋានធ្វើដំណើរ ប្រកបដោយសុវត្ថិភាពទៅសាលារៀន ផ្សារ និងមណ្ឌលសុខភាពដែលនៅជិតបំផុត។ ចាប់តាំងពីឆ្នាំ១៩៩១ ប្រទេសជប៉ុនបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ដោយបានរួមចំណែកជាង ៧០លានដុល្លារដល់គម្រោង Kusanone ចំនួន៦៩៤ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន […]

បច្ចុប្បន្ន គម្រោងពង្រីក និងស្ដារផ្លូវជាតិលេខ៧ សម្រេចការសាងសង់បាន ៣២% ហើយ

គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២៥នេះ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ ទៅជាបួនគន្លង ក្នុងប្រវែងសរុប ៤៥,៥០៤ គីឡូម៉ែត្រ (PK000+000 – PK45+502.84) គិតចាប់ផ្តើមពីវង្វង់មូលស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ខេត្តកំពង់ចាម សម្រេចការងារសាងសង់បាន ៣២,០១% ហើយ។ នេះបើយោងតាមបញ្ជក់របស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តមបញ្ជាក់ថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ នេះសម្រេចវឌ្ឍនភាពសាងសង់បានប្រមាណ ៣២,០១%  ហើយគ្រោងនឹងបញ្ចប់ឱ្យបាន ១០០% នៅអំឡុងខែកក្កដា ឆ្នាំ២០២៧ ខាងមុខនេះ។ ផ្លូវមួយខ្សែនេះ ជាប្រភេទផ្លូវ AC(Asphalt concrete) កម្រាស់៩សង់ទីម៉ែត្រ ទទឹងផ្លូវ ២៤,៥ម៉ែត្រ(៤គន្លង) ដោយត្រូវសាងសង់ស្ពានថ្មីតូច-ធំ ចំនួន៨(មានប្រវែងសរុប ១៥៦ម៉ែត្រ), ជួសជុលស្ពានតូច-ធំ(ចាស់)ចំនួន ៧ស្ពាន(មានប្រវែងសរុប ១១៦ម៉ែត្រ), លូរំដោះទឹកភ្លៀង, លូរំដោះទឹកកខ្វក់ និងជាបរិក្ខាចរាចរណ៍នានា។ […]

គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ២៣ ប្រវែង ២០គ.ម សម្រេចបាន ៧០%ហើយ

គម្រោងសាងសង់ផ្លូវជាតិលេខ២៣ ប្រវែង២០គីឡូម៉ែត្រ តភ្ជាប់ពីស្រុកកោះធំ និងស្រុកលើកដែក ខេត្តកណ្តាល កំពុងដំណើរការទៅមុខយ៉ាងរលូន ដោយការងារសាងសង់សម្រេចបានប្រមាណ ៧០% គ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ផាយ សុវិជ្ជានោ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយទូរទស្សន៍ជាតិកម្ពុជាកាលពីពេលថ្មីៗនេះ។ ឯកឧត្តមបានលើកឡើងថា ផ្លូវថ្មីនេះនឹងតភ្ជាប់តំបន់សំខាន់ៗមួយចំនួន រួមមានស្រុកស្អាង និងស្រុកកោះធំ ដែលជាច្រកទ្វារអន្តរជាតិជ្រៃធំ តភ្ជាប់ទៅផ្លូវជាតិលេខ១៤ និងស្ពានអ្នកលឿង។ ឯកឧត្តម បានបញ្ជាក់យ៉ាងដូច្នេះថា «កំណាត់ផ្លូវជាតិលេខ២៣នេះ ជាគម្រោងការដ្ឋានសាងសង់ ដែលមិនធ្លាប់មានពីមុនមកទេ ខណៈកន្លងមកប្រជាពលរដ្ឋដែលធ្វើដំណើរទៅវិញទៅមកពីស្រុកលើកដែកទៅស្រុកកោះធំ គឺត្រូវធ្វើដំណើរវាងតាមទីក្រុងភ្នំពេញតាមផ្លូវក្រវាត់ក្រុងទី២ និងទី៣»។ គួរបញ្ជាក់ថា ផ្លូវមួយខ្សែនេះ ត្រូវបានស្ថាបនាជា ០២គន្លងទៅ និង ០២គន្លងមក ដោយត្រូវ ពង្រីកទទឹងតួផ្លូវប្រវែង ១១ម៉ែត្រ ចាក់ក្រាលកៅស៊ូប្រភេទ AC កម្រាស់ ៨សង់ទីម៉ែត្រលើ និងសាងសង់ស្ពានចំនួន ០៤កន្លែងផងដែរ។ គម្រោងនេះ ទទួលបានឥណទានសម្បទាន ២១,៦៨លានដុល្លារ​ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានបើកការដ្ឋានកាលពីអំឡុងខែមិថុនា ឆ្នាំ២០២៣។ (អានបន្ថែម) […]

ផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចការសាងសង់បាន ៨២% ហើយ

គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង ប្រវែង ១៤៨គីឡូម៉ែត្រ សាងសង់បាន ៨២,០៣ភាគរយ ហើយ។ នេះបើយោងតាមបញ្ជក់របស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។ គម្រោងស្ដារផ្លូវដ៏សំខាន់មួយខ្សែនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ក្នុងគោលបំណងលើកកម្ពស់នូវគុណភាពផ្លូវ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូន ភស្តុភារ និងសក្តានុពលទេសចរណ៍តាមបណ្តោយផ្លូវសេដ្ឋកិច្ចដ៏សំខាន់នេះ។ គម្រោងនេះ ត្រូវបានសាងសង់ឡើងក្រោម ​ឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា ដែលមានទំហំទឹកប្រាក់សរុប​ជាង ៧៨លាន​ដុល្លារ​។ (អានបន្ថែម និងបន្ថែម) ឯកឧត្តម ផន រឹម បានគូសបញ្ជាក់ថា គ្រប់កំណាត់នៃការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំង ដើម្បីធានាសម្រេចវឌ្ឍនភាពតាមការគ្រោងទុកនៅបំណាច់រដូវប្រាំងឆ្នាំ២០២៥ខាងមុខនេះ។ ខណៈដំណើរការសាងសង់កំពុងបន្តយ៉ាងមមាញឹក ឯកឧត្តម ផន រឹម បានជំរុញឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកបើកបររថយន្តធុនធ្ងន់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការដឹកលើសទម្ងន់ ជាពិសេសនៅលើផ្លូវភ្នំ។ ឯកឧត្តមក៏បានក្រើនរំលឹកដល់អ្នកបើកបររថយន្តឈ្នួល ត្រូវរក្សាល្បឿនដែលអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពរបស់ពួកគេ និងអ្នកដទៃ ខណៈដែលនេះក៏ជាការជួយកាត់បន្ថយធូលីនៅលើដងផ្លូវផងដែរ។ ផ្លូវជាតិលេខ៤៨នេះ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ […]

គម្រោងសង់់ និងស្ដារប្រព័ន្ធរំដោះទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្ត ៣ទៀត សម្រេចបានជិត ១០០%

រដ្ឋាភិបាលកម្ពុជា​ បានបង្ហាញឱ្យដឹងនូវវឌ្ឍនភាពការងារអនុវត្តគម្រោងប្រព័ន្ធរំដោះ និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល​ កំពង់ស្ពឺ និងខេត្តតាកែវ ដែលសាងសង់បានជិត ១០០% ហើយ។ នេះបើតាមការចុះផ្សាយលើបណ្តាញសង្គមហ្វេកប៊ុកផ្លូវការរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥។ ក្នុងនោះ គម្រោងរំដោះ និងពង្វាងទឹកនេះ សម្រេចវឌ្ឍនភាពបាន៖ ប្រព័ន្ធរំដោះទឹកស្ទឹងតូច៖ ការងារដីសម្រេចបាន ១០០% និង ការងារសំណង់សិល្បការ្យធំ តូច សម្រេចបាន ៩៧% ប្រពន្ធរំដោះទឹកសាក់សំពៅ ៖ ការងារដីសម្រេចបាន ១០០% និង ការងារសំណង់សិល្បការ្យធំ តូច សម្រេចបាន ៩៧% ប្រពន្ធរំដោះទឹករលាំងជ្រៃខាងត្បូង-ស្លាគូ៖ ការងារដីសម្រេចបាន ១០០% និង ការងារសំណង់សិល្បការ្យ ធំ តូច សម្រេចបាន ៩៧% ប្រព័ន្ធរំដោះទឹករលាំងជ្រៃខាងជើង-ស្ពានសត្ថា៖ ការងារដីសម្រេចបាន ៩០% និង ការងារសំណង់សិល្បការ្យ​ធំ តូច សម្រេចបាន ៨៧% ប្រព័ន្ធរំដោះទឹកដទៃៗទៀត ៖ ការងារដីសម្រេចបាន ១០០% […]

ត្រឹមឆ្នាំ២០២៤ កម្ពុជាបានសាងសង់ផ្លូវជាតិ និងផ្លូវខេត្តចំនួន ៨៥៤ខ្សែ, មានប្រវែងសរុបជាង ២ម៉ឺនគ.ម

គិតត្រឹមឆ្នាំ ២០២៤ កម្ពុជាបានសាងសង់ផ្លូវជាតិ និងផ្លូវខេត្តចំនួន ៨៥៤ខ្សែ មានប្រវែងសរុប ២០.៣០៧,៦(គ.ម) (កើនឡើង ២៩១,៦គ.ម) បើធៀបនឹងឆ្នាំ២០២៣ មានត្រឹមតែ ២០.០១៦(គ.ម)។ នេះបើតាមរបាយការណ៍សន្និបាតឆ្នាំ២០២៤ របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន។ របាយការណ៍នេះ បានឱ្យដឹងថា ផ្លូវជាតិកម្រិត១ មានចំនួន ៩ខ្សែ មានប្រវែង ២.២៥៤(គ.ម) បានក្រាលកៅស៊ូ និងបេតុងបាន ១០០% ហើយ។ ចំណែក ផ្លូវជាតិកម្រិត២ មានចំនួន ៧១ខ្សែ (ថយ១ខ្សែ) មានប្រវែង ៥.១២០,៨៧គ.ម ថយចុះ ១៥,០១(គ.ម) បើធៀបនឹងឆ្នាំ២០២៣ ដែលមានប្រវែង ៥.១៣៥,៨៨(គ.ម) ក្នុងនោះបានក្រាលកៅស៊ូ និងបេតុងចំនួន ៤.០១០,៦៨គ.ម ស្មើនឹង ៧៨,៣២%។ ជាមួយគ្នានេះ ការថយចុះខ្សែផ្លូវចំនួន ១ខ្សែខាងលើនេះ គឺដោយសារកែសម្រួលផ្លូវជាតិ លេខ ៤៨-៤ ទៅជាផ្លូវខេត្តវិញ)។ ដោយឡែក ផ្លូវខេត្ត មានចំនួន ៧៧៤ខ្សែ (កើន៥ខ្សែ) […]