ខេត្តព្រះសីហនុ ស្វាគមន៍គម្រោងអេកូទេសចរណ៍ថ្មីមួយ ខណៈរដ្ឋកំពុងពិនិត្យផែនការលម្អិត

ក្រុមហ៊ុន Eco Beach Development រួមជាមួយនឹងសហគមន៍នេសាទបឹងជុំ ស្នើចង់វិនិយោគបង្កើតគម្រោងអេកូទេសចរណ៍ថ្មីមួយកន្លែងនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នេះបើយោងតាមកិច្ចប្រជុំធ្វើបទបង្ហាញគម្រោងរបស់ក្រុមហ៊ុន ទៅកាន់រដ្ឋបាលខេត្ត កាលពីថ្ងៃទី១៩ កក្កដា នេះ កន្លងទៅ។ គម្រោងដែលស្នើនេះ មានទីតាំងស្ថិតនៅភូមិស្រែចាមក្រោម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ដោយការអភិវឌ្ឍន៍នឹងរួមមាន បឹងកាឡូ ខ្ចុសអង្គុយលេង ផែទេសចរណ៍ កន្លែងចិញ្ចឹមក្តាមបែបធម្មជាតិ កន្លែងជិះទូកកំសាន្ត និងផ្សារទេសចរណ៍ជាដើម។ លោក ឃាង សុភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា បន្ទាប់ពីបានពិនិត្យលើការស្នើគម្រោងនេះរួច អង្គប្រជុំបានណែនាំឱ្យក្រុមហ៊ុនធ្វើផែនការមេឱ្យបានលម្អិតបន្ថែមទៀត ដើម្បីឱ្យរដ្ឋបាលពិនិត្យឱ្យគ្រប់ជ្រុងជ្រោយ មុននឹងពិចារណាអនុម័ត។

អាន​បន្ថែម

Urbanland ចាប់ដៃគូជាមួយធនាគារធំៗ ៣ ផ្តល់កម្ចីការប្រាក់ទាប សម្រាប់គម្រោងបុរីចន្ទគីរី

ក្រុមហ៊ុនអ្នកអភិវឌ្ឍអចលនទ្រព្យជើងចាស់ដែលធ្លាប់ទទួលបានពានរង្វាន់ជាច្រើន Urbanland កាលពីថ្មីៗនេះ បានចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា (MoU) ជាមួយ ធនាគារ BRED Bank ធនាគារ CIMB Bank និងធនាគារ J Trust Royal សម្រាប់គម្រោងបុរីថ្មីរបស់ខ្លួន «បុរីចន្ទគីរី»។ ការសហការនេះនឹងជួយឱ្យអតិថិជនរបស់បុរីចន្ទគីរីទទួលបានកម្ចី កាន់តែងាយស្រួល និងរហ័សជាងមុន។ អតិថិជនអាចទទួលបាលកម្ចីដល់ទៅ ៧០% ទៅ ៨០% នៃតម្លៃផ្ទះសរុប ជាមួយនឹងអត្រាការប្រាក់ចន្លោះពី ៦,៦៦% ទៅ ៧,៨៨% ក្នុងមួយឆ្នាំ។ ការចុះហត្ថលេខាប្រារព្ធធ្វើឡើងនៅការិយាល័យលក់នៃបុរីចន្ទគីរី ក្រោមអធិបតីភាពលោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Urbanland និងអ្នកតំណាងប្រចាំធនាគារដៃគូទាំង៣។ លោក កាំង ហុក បានមានប្រសាសន៍ថា÷ «ក្រុមហ៊ុនរបស់យើងតែងតែផ្តោតលើតម្រូវការរបស់អតិថិជនជាចម្បង ដូច្នេះការចាប់ដៃគូនេះនឹងអនុញ្ញាតអោយអតិថិជននៃបុរីចន្ទគីរីទទួលបានការផ្តល់ប្រាក់កម្ចីកាន់តែងាយស្រួលតាមរយ:ធនាគារដៃគូទាំងអស់របស់យើង»។ គួរបញ្ជាក់ផងដែរថា បុរីចន្ទគីរីមានទីតាំងនៅលើបណ្តោយផ្លូវជាតិលេខ ២ ចម្ងាយប្រមាណ ៥ នាទីពី មហាវិថីសម្តេច តេជោ ហ៊ុនសែន ជិតផ្សារទំនើប អ៊ីអន […]

អាន​បន្ថែម

កម្ពុជាកំពុងជ្រើសរើសភូមិ ៣ ទៅប្រកួតយក«ពានភូមិទេសចរណ៍ឆ្នើម»នៃអង្គការទេសចរណ៍លោក

កម្ពុជាកំពុងជ្រើសរើសភូមិគំរូចំនួន៣ ក្នុងចំណោមភូមិចំនួន ១០០ ទូទាំងប្រទេស ដើម្បីដាក់ចូលរួមការក្រកួតយកពាន «ភូមិទេសចរណ៍ឆ្នើម« របស់អង្គការទេសចរណ៍ពិភពលោក (UNWTO)។ យោងតាមលិខិតនៃទីស្តីការគណៈរដ្ឋមន្រ្តីថ្ងៃទី១៣ ខែកក្កដា រាជរដ្ឋាភិបាល បានសម្រេចបញ្ចូលការជ្រើសរើសភូមិទេសចរណ៍ឆ្នើម ក្រោមយន្តការនៃការប្រឡងប្រណាំងទីក្រុងស្អាត។ តាមរយៈការចូលរួមប្រណាំងនេះ កម្ពុជានឹងមានឱកាសបង្ហាញពីការរៀបចំភូមិតាមជនបទរបស់ខ្លួន ស្របតាមស្តង់ដារតម្រូវ និងបានរៀនសូត្របន្ថែមពីការរៀបចំភូមិទេសចរណ៍ពីប្រទេសចូលរួមផងដែរ។ យោងតាមក្រសួងទេសចរណ៍ ភូមិដែលរដ្ឋនឹងជ្រើសរើស នឹងជាភូមិដែលមានសក្ដានុពលទេសចរណ៍ និង ភូមិដែលអាចអភិវឌ្ឍខ្លួនឱ្យក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញបាន។ ក្រសួងបន្តថា ភូមិជ័យលាភីមិនត្រឹមតែអាចក្លាយជាសមាជិកបណ្ដាញភូមិឆ្នើមរបស់ពិភពលោកទេ ថែមទាំងអាចនាំយកចំណេះដឹង និងបទពិសោធន៍អភិវឌ្ឍនានាមកអភិវឌ្ឍភូមិផ្សេងៗទៀតនៅប្រទេសកម្ពុជាទៀតផង។ UNWTO ថា ភូមិគំរូទេសចរណ៍ឆ្នើម ត្រូវមានចំនុចលក្ខណៈពិសេសមួយចំនួនដូចជា ភូមិដែលការអភិវឌ្ឍផ្ដោតសំខាន់លើសុខាមាលភាពរបស់អ្នករស់ និងអ្នកទេសចរណ៍ ក៏ដូចជាជាភូមិដែលមានចក្ខុវិស័យទេសចរណ៍វែងឆ្ងាយ និងមាននិរន្តរភាព។

អាន​បន្ថែម

ឥណ្ឌូនេស៊ីចង់ចាប់ដៃគូជាមួយឧកញ៉ាជើងចាស់ ៣ រូប វិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា

ឥណ្ឌូនេស៊ីកំពុងសិក្សាឱកាសចង់ចាប់ដៃគូជាមួយឧកញ៉ាជើងខ្លាំង ៣រូប រួមគ្នាវិនិយោគលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជា ដែលក្នុងនោះវិស័យសំណង់ និងអចលនទ្រព្យ ក៏ត្រូវបានជ្រើសជាវិស័យអាទិភាពផងដែរ។ នេះបើយោងតាមការលើកឡើងរបស់លោក Sudirman Haseng អគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា ក្នុងជំនួបជាមួយលោកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមហ៊ុនអចលនទ្រព្យ WorldBridge Group លោកឧកញ៉ា ម៉ុង រិទ្ធី ប្រធានក្រុមនហ៊ុន ម៉ុង រិទ្ធី គ្រុប និងលោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ចកម្មកម្ពុជា កាលពីថ្ងៃពុធកន្លងទៅ។ ក្នុងជំនួបនេះ គឺផ្តោតលើការពិភាក្សាការងារ វិនិយោគលើវិស័យកសិកម្ម កសិឧស្សាហកម្ម ថាមពលកកើតឡើងវិញ (ថាមពលស្អាត) វិស័យសាងសង់ និងអចលនទ្រព្យនៅកម្ពុជា។ ឧកញ៉ា លឹម ហេង មានប្រសាសន៍ថា ក្នុងជំហានដំបូងនេះ ឥណ្ឌូនេស៊ីចង់ស្វែងយល់ពីសក្តានុពលរបស់កម្ពុជាសិន។ ដូចគ្នានេះ កម្ពុជាយើងក៏ចង់ដឹងពីសក្ដានុពលរបស់ឥណ្ឌូនេស៊ីផងដែរ។ លោកឧកញ៉ា បន្តថា «ជាក់ស្ដែងគេចាប់អារម្មណ៍លើច្រើនវិស័យនៅកម្ពុជាដូចជាកសិឧស្សាហកម្ម ថាមពល សាធារណការ និងអចលនទ្រព្យ។ ដូច្នេះ អ្នកវិនិយោគិនឥណ្ឌូនេស៊ី នឹងមកពិនិត្យឱកាសនៅកម្ពុជាផ្ទាល់ ក្រោយស្ថានភាពនៃជំងឺកូវីដ១៩ ធូរស្បើយ»។

អាន​បន្ថែម

ក្រសួង ២ រួមដៃគ្នាលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធខេត្តចំនួន ៧ ឱ្យទៅជាតំបន់និរន្តភាពទេសចរណ៍

ក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ កំពុងធ្វើការួមគ្នាលើកកម្ពស់ហេដ្ឋារចនា និងរៀបចំគម្រោងនិរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នៅខេត្តគោលដៅចំនួន ៧។ យោងតាមកិច្ចប្រជុំមន្រ្តីពាក់ព័ន្ធកាលពីថ្ងៃទី១៤ ខែកក្កដា កន្លងមកនេះ ខេត្តគោលដៅទាំង ៧ ដែលក្រសួងបាននឹងកំពុងអនុវត្តការងារ រួមមាន ខេត្តកំពង់ស្ពឺ កោះកុង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ។ ដោយឡែក តំបន់ដែលនឹងត្រូវអនុវត្តក្នុងខេត្តទាំង ៧ នោះ រួមមាន តំបន់ជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល និងខាងត្បូង ដែនជម្រកសត្វព្រៃតាតៃ និងសំកុស របៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ និងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាបជាដើម។ តាមផែនការ គម្រោងទាំងមូលនឹងរួមមាន ការបោះបង្គោលព្រំ ការសាងសង់ទីស្នាក់ការឧទ្យានុរក្សចំនួន ៣កន្លែង មជ្ឈមណ្ឌលព័ត៌មានចំនួន ៣កន្លែង ក៏ដូចជាការលើកកម្ពស់ជីវភាពសហគមន៍ និងខ្សែច្រវាក់អនុផលព្រៃឈើផងដែរ។ មកទល់បច្ចុប្បន្ន ក្រសួងបានកំណត់ផែនការវិនិយោគ និងកំណត់ទិសដៅការងារជាមួយនឹងក្រុមហ៊ុនឯកជន Emerging 360 រួចហើយ។ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា៖ « តាមរយៈការរៀបចំពង្រីក […]

អាន​បន្ថែម

រដ្ឋបាលខេត្តកំពង់ឆ្នាំងចាប់ផ្ដើមគ្រប់គ្រងតឹងរឹងលើអាជីវកម្មពុះដីឡូតិ៍ ដើម្បីការពារអតិថិជន

អភិបាលខេត្តកំពង់ឆ្នាំង បានជំរុញឱ្យអាជ្ញាធរថ្នាក់ក្រោមចុះប្រមូលទិន្នន័យ ចុះបញ្ជី និងធ្វើបច្ចុប្បន្នភាព គម្រោងអាជីវកម្មអភិវឌ្ឍដីឡូតិ៍ទាំងអស់ទូទាំងខេត្ត ដើម្បីឈានទៅរកការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ការលើកកម្ពស់ការវិនិយោគ និងកិច្ចការការពារអតិថិជន។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងដូច្នេះក្នុងកិច្ចប្រជុំជាមួយមន្រ្តីពាក់ព័ន្ធ កាលពីថ្ងៃទី ១២ កក្កដា កន្លងទៅនេះ។ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា៖ «គោលដៅសំខាន់ៗនៃកិច្ចប្រជុំរួមមាន ការផ្សព្វផ្សាយអំពីខ្លឹមសារច្បាប់ និងគោលការណ៌ណែនាំពាក់ព័ន្ធនានា ដើម្បីឱ្យអាជ្ញាធរមូលដ្ឋានយកទៅអនុវត្តដោយមានប្រសិទ្ធភាព»។ «អាជ្ញាធរពាក់ព័ន្ធ ត្រូវតែផ្តល់សេវាដោយមានតម្លាភាព គុណភាព និងភាពស្របច្បាប់ សម្រាប់ទាំងអ្នកអភិវឌ្ឍ និងអតិថិជន។ ដូច្នេះអាជ្ញាធរមូលដ្ឋានត្រូវមានទិន្នន័យក្នុងដៃគ្រប់គ្រាន់»។ លើសពីនេះ ឯកឧត្តមក៏បាន ជំរុញឱ្យមន្រ្តីត្រូវគោរពរតាមប្លង់គោលប្រើប្រាស់ដីនៅថ្នាក់ក្រុងស្រុក និងផែនការប្រើប្រាស់ដីនៅឃុំសង្កាត់ ដើម្បីជំរុញឱ្យការរៀបចំប្រើប្រាស់ដីឱ្យបានត្រឹមត្រូវ ចំទិសដៅ និងធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព៕

អាន​បន្ថែម

វិវាទអចលនទ្រព្យខ្នាតពាណិជ្ជកម្មជាង១០ករណី ដោះស្រាយក្រៅតុលាការដោយមជ្ឈត្តការជាតិ

ពីឆ្នាំ ២០១៣ មកទល់ខែមិថុនា ២០២១ នេះ មជ្ឈត្តការជាតិផ្នែកពាណិជ្ជកម្ម ឬភ្នាក់ងារដោះស្រាយវិវាទផ្នែកពាណិជ្ជកម្មក្រៅផ្លូវតុលាការនៅកម្ពុជា បានដោះស្រាយវិវាទលើវិស័យផ្សេងៗ សរុបជាង ២៩ករណី ឬស្មើនឹងទឹកប្រាក់៨០លានដុល្លារ ដែលក្នុងនោះវិស័យសំណង់និងអចលនទ្រព្យមានដល់ទៅ ៥៧%។ យោងតាម លោក ប៊ុន យូឌី ប្រធានមជ្ឈមមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នេះគឺមានច្រើនវិស័យដូចជាសំណង់ អចលនទ្រព្យ ការវិនិយោគរួម ហិរញ្ញវត្ថុ និងធនាគារ និងពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ ជាដើម។ លោកបន្តថា ក្នុងចំណោម វិវាទទាំងនោះ មានវិវាទផ្នែកអចលនវត្ថុ មាន ៤៥% ចំណែកវិវាទផ្នែកសំណង់ មាន១២% ។ គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មគឺ ជាភ្នាក់ងារដោះស្រាយវិវាទដោយស្ម័គ្រចិត្តដែលចងភ្ជាប់នូវកាតព្វកិច្ចទៅលើកម្មវត្ថុនៃវិវាទផ្នែកពាណិជ្ជកម្ម រវាងភាគីវិវាទ តាមរយៈការប្រើប្រាស់មជ្ឈត្តករ ម្នាក់ឬច្រើននាក់ ក្រៅផ្លូវតុលាការ។

អាន​បន្ថែម

ប្លង់មេឆ្នាំ ២០៣៥ កំណត់យកតាខ្មៅ និងទីតាំងបណ្ដោយផ្លូវជាតិលេខ ៣&៤ ជាបណ្ដុំសេដ្ឋកិច្ច

បើតាមយោងតាមប្លង់មេប្រើប្រាស់ដីរាជធានីភ្នំពេញ ឆ្នាំ២០៣៥ ទីក្រុងតាខ្មៅ និងទីតាំងជាយក្រុងនៅតាមបណ្តោយផ្លូវជាតិលេខ៣ និងលេខ៤ ត្រូវបានជ្រើសរើសជាតំបន់សក្ដានុពល សម្រាប់ធ្វើជាបណ្តុំនៃសេដ្ឋកិច្ច រោងចក្រ និងសហគ្រាសផលិតនានា។ ឯកសារដដែលបានបញ្ជាក់ថា ការជ្រើសយកទីតាំងទាំងនោះជាកន្លែងធ្វើរោងចក្រ គឺដើម្បីរៀបចំសណ្ដាប់ធ្នាប់ទីក្រុង។ ការដាក់បណ្តុំរោងចក្រនានាឃ្លាតឆ្ងាយពីទីក្រុងនេះ នឹងជួយបង្កើនផាសុខភាពក្រុង កាត់បន្ថយការកកស្ទះចរាចរ និងបង្កភាពងាយស្រួលដល់ការដឹកជញ្ជូនរបស់រថយន្តធំៗដោយមិនចាំបាច់ចូលមកក្នុងក្រុងនោះទេ។ ជាក់ស្ដែង មកទល់បច្ចុប្បន្នឃើញថា ទីតាំងនៅអមផ្លូវជាតិលេខ៤ ទទួលបានរោងចក្រជាង៥០ នៅក្នុងចម្ងាញ ២០ គីឡូម៉ែត្រ ដែលរាប់ពីព្រំដែនរដ្ឋបាលនៃរាជធានីភ្នំពេញ។ លើសពីនេះ ដោយសារការគម្រោងលើកកម្ពស់គុណភាពផ្លូវ ទីតាំងផ្លូវជាតិលេខ៣ និងលេខ៤ នៅខេត្តកំពង់ស្ពឺ ជិតទាំងក្រុងភ្នំពេញ ក៏កំពុងមានភាពទាក់ទាញផងដែរ។ យោងតាមឯកសារដដែល នៅឆ្នាំ ២០៣១ ព្រំដែនរាជធានីភ្នំពេញ នឹងត្រូវពង្រីកក្នុងរង្វង់ទំហំ៣០គីឡូម៉ែត្រជុំវិញ ដោយគិតពីចំណុចកណ្តាលនៃរាជធានីភ្នំពេញ។ នៅពេលនោះ ទីក្រុងភ្នំពេញនឹងត្រូវគ្របដណ្តប់លើផ្ទៃដីខាងជើងស្ទើរទាំងអស់នៃខេត្តកណ្តាល។

អាន​បន្ថែម

សាលាក្រុងរុះរើសំណង់គ្មានសណ្តាប់ធ្នាប់តាមដងទន្លេបាន ៩៥%ហើយ

បន្ទាប់ពីចេញសេចក្ដីប្រកាសបានរយៈពេល ១ខែ រដ្ឋបាលរាជធានីភ្នំពេញ មកទល់បច្ចុប្បន្ន បានរុះរើបែរត្រី ផ្ទះបណ្ដែតទឹក និងសំណង់គ្មានសណ្តាប់ធ្នាប់តាមដងទន្លេ នៅរាជធានីភ្នំពេញ ប្រមាណ ៩៥% ហើយ ។ លទ្ធផលនៃការអនុវត្តនេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រោមវត្តមានរបស់ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ កាលពីម្សិលមិញនេះ។ លោក មាន ចាន់យ៉ាដា បានឱ្យដឹងថា មានផ្ទះបណ្ដែតទឹក បែត្រី និងសំណង់មិនរៀបរយនៅតាមដងទន្លេទាំងអស់មាន ចំនួន ១៤៧២ទីតាំង ដែលក្នុងចំនួននេះមានបងប្អូនប្រជាពលរដ្ឋបានស្ម័គ្រចិត្តរុះរើចេញមកលើគោកមានចំនួន ១២៤២ទីតាំង។ «នេះចាត់ទុកថា ជាការអនុវត្តវិធានការរៀបចំសណ្ដាប់ធ្នាប់លើផ្ទៃទន្លេ បានយ៉ាងរលូន និងទទួលបានជោគជ័យផងដែរ» លោកបានបន្ត។ គួរបញ្ជាក់ថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ កន្លងមកនេះ ជាថ្ងៃដែលអាជ្ញាធរប្រើវិធានការរដ្ឋបាលចុះទៅរុះរើ បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ដើម្បីបើកផ្លូវនាវាចរ កុំឱ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ ប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ។ (អានបន្ថែម)

អាន​បន្ថែម

ក្រសួងឧស្សាហកម្ម៖ ឆមាសទី១-២០២១ មានរោងចក្រចុះបញ្ជីថ្មី ៧៩ ខណៈបិទទ្វារមានដល់ ១៣៥

នៅក្នុងឆមាសទី១ នៃឆ្នាំ២០២១ នេះ ចំនួនគម្រោងវិនិយោគរោងចក្រឧស្សហកម្មដែលចុះបញ្ជីថ្មីមានប្រមាណ ៧៩រោងចក្រ ខណៈចំនួនរោងចក្របិទទ្វារមានដល់ទៅ ១៣៥ រោងចក្រ។ នេះបើយោងតាមរបាយការណ៍បឋមរបស់ក្រសួងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង បានឱ្យដឹងកាលពីថ្ងៃទី ៨ កក្កដា នេះថា រោងចក្រចុះបញ្ជីថ្មី ភាគច្រើនជាប្រភេទរោងចក្រផ្តោតលើការផលិតសម្ភារៈវិជ្ជសាស្ត្រ រួមមានរោងចក្រផលិតម៉ាស់ អាល់កុល ខោអាវពេទ្យ និងរោងចក្រកែច្នៃម្ហូបអាហារជាដើម។ ឯកឧត្តមបន្តថា រោងចក្រថ្មីៗទាំងនេះ មានទុនវិនិយោគសរុប ប្រមាណ ៨០០លានដុល្លារ។ យ៉ាងណាមិញ បើយោងតាមឯកឧត្តមរដ្ឋលេខាធិការ ចំពោះរោងចក្រដែលបានបិទទ្វារវិញ គឺមានចំនួនប្រមាណ ១៣៥ ក្រុមហ៊ុន ដែលប្រកាសបិទដោយសារការរីករាលដាលនៃជម្ងឺកូវីដ-១៩ ។

អាន​បន្ថែម