SCA បានសិទិ្ធជាប្រតិបត្តិករនៅព្រលានតេជោ ខណៈកំពុងប្រតិបត្តិការនៅព្រលានចំនួន៣នៅកម្ពុជា

ក្រុមហ៊ុនសូស៊ីយេតេកុងសេស្យូនែរ ដឺឡាអេរ៉ូព័រ ហៅកាត់ថា SCA ដែលកំពុងប្រតិបត្តិការនៅអាកាសយានដ្ឋានជាតិភ្នំពេញ ទទួលបានសិទ្ធិជាប្រិតិបត្តិករនៅអាកាសយានដ្ឋានអន្តរជាតិតេជោ​។ នេះបើតាមការចុះផ្សាយរបស់ទូរទ​ស្ស​ន៍​​ជាតិកម្ពុជា។

ប្រភពដដែលបានឱ្យដឹងថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានចុះហត្ថលេខាលើអនុស្សណៈនៃកិច្ចព្រមព្រៀងស្តីពីគោលការណ៍ស្តារសមតុល្យនៃកិច្ចព្រមព្រៀងសម្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសម្បទាន SCA។

តាមរយៈកិច្ចព្រមព្រៀងនេះ អាចឱ្យក្រុមហ៊ុនមួយនេះ ធ្វើការងារជាមួយដៃគូពាក់ព័ន្ធបន្ត ខណៈអាកាសយានដ្ឋានជាតិភ្នំពេញនឹងត្រូវបិទទ្វារ នៅពេលអាកាសយានដ្ឋានអន្តរជាតិតេជោ បើកឱ្យដំណើរការឆ្នាំ២០២៥។

គួបញ្ជក់ទៀតថា បច្ចុប្បន្នក្រុមហ៊ុន SCA កំពុងគ្រប់គ្រងប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា (ភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ) និងដើម្បីប្រគល់ជូនក្រុមហ៊ុន SCA នូវតួនាទីជាប្រតិបត្តិករ អាកាសយានដ្ឋានអន្តរជាតិតេជោ ដោយពង្រឹងសមត្ថភាពរបស់ក្រុមហ៊ុន ដើម្បីអភិវឌ្ឍបន្ថែមទៀតនូវអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុលំដាប់ថ្នាក់ 4E។

ជាងនេះទៅទៀត កិច្ចព្រមព្រៀងខាងលើនេះ នឹងរួមចំណែកក្នុងការកំណត់លក្ខខណ្ឌចាំបាច់នានានៃកិច្ចសន្យា និងសេដ្ឋកិច្ច ដើម្បីឱ្យក្រុមហ៊ុន SCA អាចបន្តបង្កើតតម្លៃសម្រាប់ភាគីពាក់ព័ន្ធទាំងអស់។

គួររំលឹកថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានទីតាំងនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងខេត្តតាកែវ គ្រោងនឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៅក្នុងខែតុលា ឆ្នាំ២០២៤នេះ មុននឹងដាក់ឱ្យដំណើរការជាផ្លូវការនៅពាក់កណ្តាលឆ្នាំ២០២៥។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

CDCស្នើចិន វិនិយោគលើការផលិតវត្ថុធាតុដើមនៅកម្ពុជា ដើម្បីបញ្ចៀសការនាំចូលពីបរទេស

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានជំរុញលើកទឹកចិត្តទៅកាន់គណៈប្រតិភូ និងក្រុមហ៊ុនដែលមកពីខេត្ត Zhejiang របស់ប្រទេសចិន ពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគលើគម្រោងផលិតវត្ថុធាតុដើមនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកជំនួសឱ្យការនាំចូលពីបរទេស។ ការជំរុញនេះ ធ្វើឡើងដោយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូ Zhejiang Construction Investment Group Co.,Ltd តំណាងដោយ​ លោក Tao Guanfeng ប្រធានក្រុមប្រឹក្សាភិបាល នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តម ជា វុទ្ធី បានស្វាគមន៍គណៈប្រតិភូចិនដែលមកធ្វើទស្សនកិច្ចសិក្សានៅកម្ពុជាដើម្បីស្វែងយល់ពីឱកាសវិនិយោគលើវិស័យផ្សេងៗបន្ថែមទៀត ក្រៅពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដែលក្រុមហ៊ុនធ្លាប់បានបណ្តាក់ទុនវិនិយោគនៅកម្ពុជាអស់រយៈពេល១៥ឆ្នាំ រួចមក។ ឯកឧត្តម បានបញ្ជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងចិន និងកម្ពុជា ពិសេសខេត្ត Zhejiang របស់ចិន ជាមួយកម្ពុជា បានឆ្លុះបញ្ចាំងពីការយល់ចិត្តគ្នាទៅវិញទៅមករវាងវិស័យឯកជនចិន និងរដ្ឋាភិបាលកម្ពុជា ដែលជាកាតាលីករជំរុញរំហូរវិនិយោគិនចិនឱ្យមកធ្វើធុរកិច្ចនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនចិន ពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគលើគម្រោងផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេច សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកជំនួសឱ្យការនាំចូលពីបរទេស ក៏ដូចជាសម្លឹងមើលកាលានុវត្តភាពក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុនមកពីខេត្ត Zhejiang ដើម្បីឆក់ឱកាសបំពេញតម្រូវការទីផ្សារក្នុងតំបន់ និងសកលលោក។ […]

កម្ពុជានិងស្ថាប័នអន្តរជាតិ៣ កំពុងរួមគ្នាស្វែងរកវិធីសាស្រ្តសង់អគារដែលប្រើប្រព័ន្ធម៉ាស៊ីនត្រជាក់តិចបំផុត

ក្រសួងស្ថាប័នសំខាន់មួយចំនួននៅកម្ពុជា កំពុងសហការជាមួយក្រុមអ្នកជំនាញអន្តរជាតិ រកវិធីសាស្ត្រសាងសង់អគារដែលអាចកាត់បន្ថយការប្រើប្រាស់ប្រព័ន្ធម៉ាស៊ីនត្រជាក់ឱ្យបានតិចបំផុត ដើម្បីជាផ្នែកមួយជួយកាត់បន្ថយការកើនឡើងកម្តៅផែនដី ដោយសារការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ នេះបើតាមការចុះផ្សាយរបស់វិទ្យុជាតិកម្ពុជា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។ ក្រុមការងារនេះ ដឹកនាំដោយក្រសួងបរិស្ថាន សហការជាដៃគូដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងគាំទ្រការអនុវត្តពីអង្គការសហប្រជាជាតិសេដ្ឋកិច្ច និងគណៈកម្មការសង្គមសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) និងបរិស្ថានអង្គការសហប្រជាជាតិកម្មវិធី(UNEP)។ គួរបញ្ចាក់ថា ក្រុមការងារពិសេសនេះកំពុងអនុវត្ត «គម្រោងយុទ្ធសាស្ត្រប្រព័ន្ធអកម្មត្រជាក់នៅកម្ពុជា» ដែលមានបញ្ចូលការអនុវត្តការរចនាស្ថាបត្យកម្ម និងការរៀបចំទីក្រុង តាមរយៈការរចនាអគារដែលមានលក្ខណៈលំហូរខ្យល់ និងពន្លឺគ្រប់គ្រា​ន់ រួមទាំងការជ្រើសរើសប្រភេទសម្ភារៈបំពាក់ក្នុងអគារសន្សំសំចៃអគ្គីសនី បូករួមទាំងការធ្វើឱ្យបរិស្ថានជុំវិញអគា​​រមានភាពបៃតង។ លោកស្រី Kim Roseberry តំណាង UN-ESCAP បានលើកឡើងថា ប្រព័ន្ធត្រជាក់អកម្ម ឬហៅជាភាសាអង់គ្លេសថា passive cooling នឹងជាដំណោះស្រាយគោលមួយ ដោយមិនចាំបាច់ប្រើប្រាស់អគ្គិសនីច្រើន ហើយអាចកាត់បន្ថយការចំណាយបានថែមទៀតផង។ លោកស្រីបានបន្ថែមថា ប្រព័ន្ធត្រជាក់អកម្ម នឹងជួយកាត់បន្ថយការកើនឡើងកម្តៅ និងការប្រើប្រាស់ម៉ាស៊ីនត្រជាក់នៅក្នុងផ្ទះ ឬក្នុងអគារនៅក្នុងប្រទេសកម្ពុជាមានភាពត្រជាក់ជានិរន្ដរ៍ ដោយមិនសូវចាំបាច់ក្នុងការប្រើប្រាស់ម៉ាស៊ីនត្រជាក់ច្រើន។ ទន្ទឹមនឹងនេះ លោកស្រីបញ្ជាក់បន្ថែមថា កម្ពុជានឹងក្លាយជាប្រទេសនាំមុខមួយ សម្រាប់ការប្រើប្រាស់ការរចនាអគារ ដែលពឹងផ្អែកលើភាពត្រជាក់អកម្មនេះ។ តាមប្រភពដដែលបានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញទិសដៅជំរុញការប្រើប្រាស់ថាមពលស្អាតឱ្យបានដល់៧០ភាគរយ នៅត្រឹមឆ្នាំ២០៣០ […]

ក្រុមហ៊ុនកូរ៉េ គ្រោងយកបច្ចេកវិទ្យាទំនើបរបស់ខ្លួនមកច្នៃសំរាមនៅកម្ពុជា ទៅជាថាមពលអគ្គិសនី

ក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING ចង់យកបច្ចេកវិទ្យាទំនើបរបស់ខ្លួនមកវិនយោគកែច្នៃកាកសំណល់(សំរាម)នៅកម្ពុជា ដើម្បីផលិតទៅជាថាមពលអគ្គិសនី ខណៈក្រុមហ៊ុនអះអាងថាតាមរយៈគម្រោងនេះអាចផលិតថាមពលអគ្គិសនីបានយ៉ាងតិចបំផុត ២៤គីឡូវ៉ាត់ ក្នុងមួយថ្ងៃ។ នេះបើតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ជាមួយគណៈប្រតិភូក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING និងក្រុមហ៊ុន Defytime ដែលដឹកនាំដោយលោកបណ្ឌិត កុល ផេង នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។ ក្នុងជំនួបនោះ តំណាងក្រុមហ៊ុនកូរ៉េ បានបញ្ជាក់ថា ក្រុមហ៊ុនចង់នាំយកបច្ចេកវិទ្យាទំនើបរបស់ខ្លួន ដែលអាចផលិតថាមពលអគ្គិសនីយ៉ាងតិច ២៤មេហ្គាវ៉ាត់ក្នុងមួយថ្ងៃ តាមរយៈការដុតសំរាមប្រមាណ ១០០តោន។ តាមរយៈគោលបំណង់ដ៏ជាក់លាក់ខាងលើ ក្រុមហ៊ុន ក៏បានស្នើសុំគោលការណ៍ណែនាំបន្ថែមពី ឯកឧត្តម ស៊ុន ចាន់ថុល ចំពោះគម្រោងវិនិយោគរបស់ខ្លួននេះផងដែរ។ ជាការឆ្លើយតបឯកឧត្តម ស៊ុន ចាន់ថុល បានគាំទ្រ និងស្វាគមន៍ចំពោះគម្រោងវិនិយោគខាងលើនេះយ៉ាងពេញទំហឹង ខណៈឯកឧត្តមក៏បានស្នើឱ្យភាគីក្រុមហ៊ុនផ្ញើបន្ថែមនូវព័ត៌មានលម្អិតទាំងស្រុងនៃគម្រោងមកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអាចឱ្យស្ថាប័នរដ្ឋាភិបាលសម្របសម្រួល និងអនុវត្តនីតិវិធីបន្ត៕ - Video Advertisement […]

ចិនគ្រោងបន្ថែមទុន ១០០លានដុល្លារ ពង្រីកការវិនិយោគរបស់ខ្លួនក្នុងវិស័យបច្ចេកវិទ្យាចម្រោះទឹកនៅកម្ពុជា

ក្រុមហ៊ុន Hainan Litree Purifying Technology Co., Ltd. របស់ចិន គ្រោងបោះទុនប្រមាណ ៥០-១០០ លាន​ដុល្លារ ពង្រីកការវិនិយោគបន្ថែមក្នុងវិស័យទឹកស្អាតនៅកម្ពុជាក្នុងរយៈពេល ៣-៥ ឆ្នាំ ខាងមុខ ដោយផ្តោតលើផលិតផលចម្រោះទឹកដែលប្រើបច្ចេកវិទ្យា UF membrane។ នេះបើតាមជំនួបរវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកបណ្ឌិត Cai Yunlong នាយកប្រតិបត្តិក្រុមហ៊ុន កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ បើតាមជំនួបខាងលើ លោកបណ្ឌិត Cai Yunlong បានលើកឡើងថា ក្រុមហ៊ុន បានរួមចំណែកដល់ការពង្រឹងស្តង់ដារទឹកស្អាត ក្នុងបរិមាណ១១.០០០ម៉ែត្រគូប/ថ្ងៃ ដោយប្រើប្រាស់ផលិតផលដែលប្រើបច្ចេកវិទ្យា UF membrane នៅក្នុងខេត្ត-ក្រុងជាច្រើនរបស់កម្ពុជា។ ជាមួយគ្នានេះ លោកបណ្ឌិត បានបញ្ជាក់ថា ក្នុងរយៈពេល ៣-៥ឆ្នាំ ខាងមុខនេះ ក្រុមហ៊ុនគ្រោងនឹងបន្ថែមទុនប្រមាណ ៥០-១០០លានដុល្លារទៀត ទៅក្នុងវិស័យទឹកស្អាតនៅកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម […]

១០ខែ ក្នុងឆ្នាំ២០២៣ កម្ពុជា-ចិន សម្រេចទំហំពាណិជ្ជកម្មចំនួន ១០ពាន់លានដុល្លារ កើនឡើង ៤.៦%

ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ២០២៣ កម្ពុជា-ចិន មានទំហំពាណិជ្ជកម្មទ្វេភាគីមានតម្លៃ ១០ពាន់លានដុល្លារ កើនឡើង ៤,៦% ធៀបនឹងឆ្នាំ២០២២។ នេះបើតាមការលើកឡើងរបស់សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ចាង ឈីងលី (ZHANG Qingli) អនុប្រធានគណៈកម្មការជាតិទី១៣​ នៃសន្និសីទប្រឹក្សានយោបាយចិន និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ច នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។ ទន្ទឹមនឹងនេះ សម្តេចបានស្នើដល់ចិនជួយជំរុញ និងកៀរគរអ្នកវិនិយោគ និងអ្នកទេសចរចិន ឱ្យមកកម្ពុជាបន្ថែមទៀត និងបានអញ្ជើញឱ្យចូលរួមមហាសន្និបាត ICAPP លើកទី១២ និងមហាសន្និបាតសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែ វិច្ឆិកា ឆ្នាំ២០២៤ ខាងមុខផងដែរ។ គួររម្លឹកដែរថា រយៈពេល ០២ខែដំបូង ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសសំខាន់ៗ មានទំហំប្រមាណជាង ៨ពាន់លានដុល្លារ ដែលកើនឡើងជិត ២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ (អានបន្ថែម) ដោយឡែក […]

កម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗ ដើម្បីពង្រឹងវិស័យអាទិភាព៣នៅកម្ពុជា

កម្ពុជា-ចិន បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ០៣ ដើម្បីពង្រឹងបន្ថែមនឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់៣។ ពិធីចុះហត្ថលេខាលើលិខិតប្តូរសារនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ក្នុងឱកាសដែលឯកឧត្តម វ៉ាង យី ជារដ្ឋមន្ត្រីការ​បរទេស នៃសាធារណរដ្ឋប្រជាមានិតចិនមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០៣ថ្ងៃ (ពីថ្ងៃទី២១ ដល់២៣ ខែមេសា)។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន លើកទី៧ ដែលដឹកនាំដោយឯកឧត្តម វ៉ាង យី និងឯកឧត្តម ស៊ុន ចាន់ថុល បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ០៣រួមមាន៖ ១.លិខិតប្តូរសារស្តីពីការផ្តល់ជំនួយរបស់​សាធារណរដ្ឋប្រជាមានិតចិនសម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ដំ​ណាក់កាលទី២។ ២.វិញ្ញា​បន​បត្រប្រគល់-ទទួលនៃគម្រោងផែនការមេអភិវឌ្ឍន៍កសិកម្មនៅកម្ពុជា។ ៣.ពិធីសារទាក់ទងនឹង​ការ​ធ្វើ​ចត្តាឡីស័ក និងលក្ខខ័ណ្ឌតម្រូវអនាម័យសម្រាប់ផលិតផលចំណីសត្វឆ្កែពាក់កណ្តាល​ស​ម្រេ​ច ធ្វើពី​ស្បែក​គោសម្រាប់នាំចេញពីប្រទេសកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។ ទន្ទឹមនេះដែរ ក៏​មាន​​ពិធី​សម្ពោធជាផ្លូវការនៃសៀវភៅកំណត់ហេតុរបស់នគរចេនឡាអំពីទឹកដី ប្រពៃណី និងទំនៀម​ទម្លាប់ ប្រែសម្រួលជាភាសាខ្មែរ និងពិធីអបអរនៃការនាំចេញដូងស្រស់របស់ប្រទេសកម្ពុជា​ទៅកាន់​សាធារណរដ្ឋប្រជាមានិតចិនផងដែរ។ គួរបញ្ជាក់ថា ទស្សនកិច្ចផ្លូវការរបស់លោក វ៉ាង យី នេះ ស្របពេលនឹងការ​ប្រារព្ធ​ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ហើយនឹងរួមចំណែកដល់ការពង្រឹង​មិត្ត​ភាពដែកថែប និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ - Video Advertisement -