ខេត្តសៀមរាប និង JICA ចុះហត្ថលេខាពន្លឿនការងារ៤ធំៗក្នុងគម្រោងទីក្រុងឆ្លាតវៃ

រដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅកម្ពុជា កាលពីថ្ងៃទី ៨ ខែ ធ្នូ នេះ បានជួបពិភាក្សាគ្នាលើសេចក្តីព្រាងផែនការមេនៃគម្រោងទីក្រុងឆ្លាតវៃនៅក្រុងសៀមរាប ទិសដៅពន្លឿនការអនុវត្ត។

ការពិភាក្សានេះ ផ្តោតសំខាន់លើការងារបច្ចេកទេស ដោយដឹកនាំដោយឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារ JICA ប្រចាំប្រទេសកម្ពុជា។

ក្នុងកិច្ចពិភាក្សា ភាគីទាំង ២ បានចុះហត្ថលេខាលើកំណត់ត្រា ដោយនឹងផ្ដោតការងារ ៤ ផ្នែក សំខាន់ៗ រួមមាន ការរៀបចំទេសចរណ៍ឆ្លាតវៃ (Smart Tourism) ការរៀបចំប្រព័ន្ធសន្តិសុខឆ្លាតវៃ (Smart Security) ការរៀបចំប្រព័ន្ធចល័តឆ្លាតវៃ (Smart Mobility) និងការរៀបចំប្រព័ន្ធគ្រប់គ្រងកាកសំណល់ឆ្លាតវៃ (Smart Waste Management)។

គួរបញ្ជាក់ថា រដ្ឋបាលខេត្តធ្លាប់ស្នើឱ្យ JICA ជួយសិក្សាតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ។ ហើយឆ្នាំ ២០២០ កន្លងទៅ JICA ក៏បានបញ្ជូនក្រុមការងារសិក្សារបស់ខ្លួនមកធ្វើការសិក្សាបឋម និងប្រមូលព័ត៌មានសម្រាប់ដំណាក់កាលទី១ រួចហើយដែរ។ លោកបន្តថា ក្រោយ JICA សិក្សារួច ខេត្តសៀមរាបនឹងក្លាយជាទីក្រុងឆ្លាតវៃអាស៊ាន។

ក្រៅពីJICA ក្រសួងដែនដីជប៉ុន នឹងជួយអនុវត្ត ២ គម្រោង គឺគម្រោងប្រមូល និងវិភាគទិន្នន័យអំពីទីក្រុងឆ្លាតវៃ (Smart City Data Collection and Analysis) និង គម្រោងរៀបចំបណ្តាញកាមេរ៉ាសុវត្ថិភាពក្នុងក្រុងសៀមរាប (CCTV System Introduction) ។ (អានបន្ថែម)

- Video Advertisement -