មជ្ឈមណ្ឌលសំចតប៉ោយប៉ែត តម្លៃជាង ២លានដុល្លារ សង់បានជាង ៣៣% ហើយ

មជ្ឈមណ្ឌលសំចតស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត តម្លៃជាង ២,៣លានដុល្លារអាមេរិក សម្រេចការសាងសង់បាន ៣៣.១៨% ហើយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម  ញ៉ឹក វណ្ណា​​រ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងដំណើរពិនិត្យការដ្ឋានសាងសង់ ជាមួយឯកឧត្តមអគ្គរាជទូតថៃប្រចាំកម្ពុជា កាលពីថ្ងៃទី១០ ខែមករា​ ឆ្នាំ២០២៣។ មជ្ឈមណ្ឌលសំចតប៉ោយប៉ែតនេះ ចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១៥ សីហា ឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅអំឡុងដើមខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។ ​ឯកឧត្តម ឈើតកៀត អត្ថាករ (H.E. Cherdidat ATTHAKOR) អគ្គរាជទូតថៃប្រចាំកម្ពុជា បានលើកឡើងថា ការសាងសង់មណ្ឌលនេះ នឹងរួមចំណែកជួយដល់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ឱ្យមានសង្ឃឹមក្នុងជីវិតសារជាថ្មី ដោយមានការផ្ដល់ជំនាញបណ្ដុះបណ្ដាលផ្សេងៗ។ ទន្ទឹមនឹងនេះផងដែរ ភាគីថៃក៏បានទទួលយកសំណើរស្នើសុំការបណ្ដុះបណ្ដាលមន្ត្រីជំនាញកម្ពុជាសម្រាប់បម្រើការងារក្នុងមជ្ឍមណ្ឌលនេះផងដែរ។ ការបណ្ដុះបណ្ដាល នឹងអនុវត្តនៅក្នុងមជ្ឈមណ្ឌលនេះតែម្តង ដោយប្រើរយៈពេល៦ខែ ដោយគិតចាប់ពីខែមីនា រហូតដល់ខែសីហា ឆ្នាំ២០២៣។

អាន​បន្ថែម