ក្រសួង៖ រោងចក្រផលិតវ៉ាក់សាំងកូវីដក្នុងស្រុកនឹងបើកដំណើរការនៅចុងឆ្នាំនេះឬដើមឆ្នាំក្រោយ

រោងចក្រផលិតតវ៉ាក់សាំងកូវីដ១៩ ក្នុងស្រុកដំបូងបង្អស់នៅកម្ពុជា ដែលជាសហការរវាងរដ្ឋាភិបាលកម្ពុជា និងចិន គ្រោងនឹងបើកដំណើរការផលិតនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែងប្រាប់អ្នកសារព័ត៌មានពីយប់ថ្ងៃទី១៥ ថា បច្ចុប្បន្ន ក្រុមការងាររបស់កម្ពុជា និងចិន កំពុងធ្វើការរួមគ្នាយ៉ាងសកម្ម ដើម្បីជំរុញឱ្យមានការផលិតវ៉ាក់សាំងនៅកម្ពុជាឆាប់ៗ។ លោកជំទាវ ថ្លែងថា៖ «រោងចក្រសម្រាប់វេចខ្ចប់ និងច្រកនូវវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលផលិតនៅកម្ពុជាអាចនឹងដំណើរការនៅចុងឆ្នាំ២០២២នេះ ឬអាចចេញជាលទ្ធផលពេញលេញនៅដើមឆ្នាំ២០២៣»។ លោកជំទាវ បន្ដថា បន្ទាប់ពីមានចំណារឯកភាពពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានោះមក មន្រ្តីក្រសួងសុខាភិបាលបានធ្វើការជួបពិភាក្សាគ្នាតាមរយៈវីដេអូពីចម្ងាយជាមួយភាគីចិនជាបន្តបន្ទាប់ ទាក់ទងនឹងការធ្វើរោងចក្រវេចខ្ចប់នូវវ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅប្រទេសកម្ពុជា។ ទោះយ៉ាងណា ទីតាំងរោងចក្រផលិតវ៉ាកសាំងកូវីដ១៩ មិនត្រូវបានបង្ហាញនៅឡើយទេ។

អាន​បន្ថែម