គម្រោងថាមពលពន្លឺព្រះអាទិត្យកម្លាំង១៦២គីឡូវ៉ាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

គម្រោងផ្គត់ផ្គង់ថាមពលដើរដោយពន្លឺព្រះអាទិត្យខ្នាតតូចកម្លាំង ១៦២គីឡូវ៉ាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា នៅថ្ងៃទី១៨ កក្កដា ២០២២។ គម្រោងនេះស្ថិតនៅភូមិកោះឫស្សី ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង សាងសង់ឡើងក្រោមជំនួយឧបត្ថមរបស់ក្រុមហ៊ុន Snetech Group និងក្រុមហ៊ុន Chin Group។ គួរបញ្ជាក់ដែរថា គម្រោងផ្គត់ផ្គង់ថាមពលដើរដោយពន្លឺព្រះអាទិត្យនេះគឺ ជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាកសិករនៅក្នុងតំបន់ឱ្យទទួលបានអគ្គីសនីប្រើប្រាស់បានយ៉ាងល្អប្រសើរថែមទៀត។

អាន​បន្ថែម

ក្រសួងរ៉ែ​និងថាមពល​ជំរុញការអនុវត្តគម្រោងធំៗពីរដើម្បីលើកកម្ពស់ប្រសិទ្ធភាពថាមពលស្អាត

ក្រសួងរ៉ែ និងថាមពល បានផ្សព្វផ្សាយសកម្មភាពសម្រាប់អនុវត្តលើគម្រោង​ចំនួនពីរ រួមមាន​គម្រោងប្រសិទ្ធភាព​ថាមពល​​​សម្រាប់អគាររាជរដ្ឋាភិបាល និងគម្រោងសាកល្បងផ្គត់ផ្គង់អគ្គិសនីឱ្យភូមិមិនទាន់មាន​អគ្គិ​សនី តាមរយៈ​ប្រព័ន្ធ​ថាមពលពន្លឺព្រះអាទិត្យភ្ជាប់ជាមួយបណ្ដាញផ្គត់ផ្គង់អគ្គិសនីខ្នាតតូច។ នេះបើតាមសិក្ខា​​សាលាផ្សព្វផ្សាយ​កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ដឹកនាំដោយឯកឧត្តមបណ្ឌិត ទី នរិ​ន្ទ​​ រដ្ឋ​លេ​ខាធិការ​ក្រសួងរ៉ែនិងថាមពល និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ក្រោមជំនួយគាំទ្រហិរញ្ញវត្ថុ​ពីកម្មវិធី​សម្ព័ន្ធភាព​ប្រែ​ប្រួ​​ល​​​អា​កាសធាតុ ជំហ៊ានទី៣ (CCCA III) របស់សហភាពអឺរ៉ុប និងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP)។ ការផ្សព្វផ្សាយនេះ ជាការរួមចំណែកក្នុងការអនុវត្តគម្រោ​ងប្រសិទ្ធភាពថាមពលក្នុងក្របខណ្ឌ​គោលនយោបាយជាតិ​ស្តី​​ពី​ប្រសិទ្ធភាពថាមពលនៅកម្ពុជា និងដើម្បីផ្តល់ជូនថាមពលស្អាត និងបច្ចេកវិទ្យាកាបូនទៅកាន់ភូមិដាច់​ស្រយា​ល​​ដែលមិនទាន់មានអគ្គិសនីប្រើប្រាស់។ មិនត្រឹមតែប៉ុណ្ណោះ សិក្ខាសាលានេះ ក៏បានពិភាក្សាដើម្បីរៀបចំឯកសារជា​ប្រព័ន្ធគ្រប់គ្រងថាមពល និង​ការ​បង្កើត​​គំរូប្រតិបត្តិការ​គម្រោងសាកល្បងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យខ្នាតតូចសម្រាប់ភូមិដាច់ស្រយាល ក៏ដូចជាអនុវត្តគម្រោងប្រសិទិ្ធភាពថាមពលសម្រាប់អគាររាជរដ្ឋាភិបាលផងដែរ។ ពាក់ព័ន្ធនឹងការផ្គត់ផ្គង់អគ្គិសនីជនបទនេះ​ផងដែរ រដ្ឋាភិបាលអាល្លីម៉ង់ បាន​សន្យាផ្តល់ឥណទាន​សម្បទានថ្មី​បន្ថែម​ទៀត​​ចំ​នួន ៣០លានអឺរ៉ូ (ប្រមាណជាង៣១លានដុល្លារ)  សម្រាប់​គម្រោងប្រសិទ្ធភាព​ថាមព​ល និងការផ្គត់ផ្គង់​អគ្គិសនី​​​តា​ម​ទី​ជនបទដំណាក់កាលទី២ នៅក្រោយពេលដែលការសិក្សាលម្អិតលើគម្រោងបាន​បញ្ចប់​។ (អានបន្ថែម) រូបភាពពី thebulletin

អាន​បន្ថែម

ក្រសួងរ៉ែប្រកាសរើសក្រុមហ៊ុនឯករាជ្យពិនិត្យការសាងសង់ស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ​នៅកំពង់ឆ្នាំង

ក្រសួងរ៉ែ និងថាមពល បានប្រកាសជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាឯករាជ្យ ដើម្បីធ្វើការពិនិត្យ និងអង្កេត​លើដំណើរ​ការសាង​សង់គម្រោងផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ មានអានុភាព៦០មេហ្គាវ៉ាត់ នៅខេត្តកំពង់ឆ្នាំង។ នេះបើតាមលិខិតអញ្ជើញលេខ១៤៩៧ របស់ក្រសួងកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។ ក្រុមហ៊ុនដែលចាប់អារម្មណ៍ចំពោះការប្រកាសនេះ អាចធ្វើការទំនាក់ទំនងទៅកាន់អគ្គនាយកដ្ឋានថាមពល របស់​ក្រសួងរ៉ែ និងថាមពល។ ក្រុមហ៊ុន ត្រូវដាក់ឯកសារសំណើទៅកាន់អគ្គនាយកដ្ឋានឲ្យបានមុន ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ម៉ោង ១០:០០​នាទី​ព្រឹក ជាកំហិត។ គួរបញ្ជាក់ថា ក្រុមហ៊ុន Prime Road Alternative បានឈ្នះការដេញថ្លៃ និងបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងរ៉ែ និងថាមពល​ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ មកម្ល៉េះ។ ក្រុមហ៊ុននេះ ត្រូវសាងសង់រោងចក្រផលិតអគ្គិសនីដោយពន្លឺព្រះអាទិត្យ ឬសូឡា មានអនុភាព ៦០មេហ្គាវ៉ាត នៅ​ខេត្ត​កំពង់​ឆ្នាំង ជាមួយនឹងតម្លៃផលិតលក់ចេញទាបជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។ (អានបន្ថែម)

អាន​បន្ថែម