វិស័យទេសចរណ៍ និងកន្លែងដើរលេង
រដ្ឋបញ្ជាឱ្យឈប់បូមខ្សាច់សិន ហើយត្រូវសិក្សាផលប៉ះពាល់បរិស្ថានរបស់គម្រោងឆ្នេរសិប្បនិមិត្តថ្មីនៅកំពតឡើងវិញ
រដ្ឋបាលខេត្តកំពត បានស្នើឱ្យក្រុមហ៊ុនសិក្សាផលប៉ះពាល់បរិស្ថានឡើងវិញសម្រាប់គម្រោងឆ្នេរសិប្បនិមិត្តថ្មីនៅខេត្តកំពត។ ក្នុងដំណាក់នេះ ក្រុមហ៊ុនត្រូវបញ្ឈប់ការបូមខ្សាច់សិន ហើយត្រូវពិនិត្យលើការជីកផ្លូវទូកម្ដងទៀត ព្រោះអាចធ្វើឱ្យប៉ះពាល់ដល់បរិស្ថានផងដែរ។ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានឱ្យដឹងក្នុងពេលចុះពិនិត្យការដ្ឋានរបស់ក្រុមហ៊ុន IGB Cambodia Co, Ltd ថា សកម្មភាពជីកឃ្លងផ្លូវទូក និងការបូមខ្សាច់ចេញពីសមុទ្រអាចនឹងប៉ះពាល់ដល់ជិវិតដើមកោងកាង និងជីវៈចម្រុះដទៃទៀត ដោយសារការជីកឃ្លងផ្លូវទូកមានទំហំធំ និងជម្រៅរហូតដល់ ៤ ម៉ែត្រ។ ដូច្នេះខាងរដ្ឋបាលខេត្ត បានស្នើឱ្យក្រុមហ៊ុនត្រូវរកវិធីជីកឃ្លងផ្លូវទូកថ្មី ដែលមិនប៉ះពាល់ដល់ប្រព័ន្ធលំហូរទឹក។ ដោយឡែក ទាក់ទិននឹងសកម្មភាពបូមខ្សាច់ចេញពីបាតសមុទ្រ ក្រុមហ៊ុនគឺត្រូវផ្អាកសកម្មភាពសិន ព្រោះមិនទាន់មានការសិក្សាច្បាស់លាស់ និងត្រូវទៅតាមបទដ្ឋាននៅឡើយ។ ឯកឧត្តមបានមានប្រសាសន៍ថា៖ «ពាក់ព័ន្ធនឹងការវិនិយោគនៅកន្លែងឆ្នេរតេជោសែននេះ ក្រុមហ៊ុនកំពុងចាក់ដីបំពេញតាមលក្ខខណ្ឌ គឺកំពុងដំណើរការ។ ហើយខាងរដ្ឋបាលខេត្តបានចុះទៅពិនិត្យមើលគឺទើបតែបាន ប្រមាណ ៦០% ទៅ ៧០% ប៉ុណ្ណោះ ហើយរដ្ឋបាលខេត្តកំពុងជំរុញឱ្យការអភិវឌ្ឍនោះបានលឿន ដើម្បីបម្រើដល់វិស័យទេសចរណ៍នៅពេលខាងមុខនេះ »។ គួរបញ្ជាក់ផងដែរថា គម្រោងឆ្នេរខ្សាច់សិប្បនិមិ្មតទំហំ ២៣៤ហិកតា នេះ មានទីតាំងនៅលើរមណីយដ្ឋានឆ្នេរមាសតេជោសែន ស្ថិតនៅភូមិទទឹងថ្ងៃ និងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ។ (អានបន្ថែម)
អានបន្ថែមអាជ្ញាធរពន្លឿនដោះស្រាយផលប៉ះពាល់លើគម្រោងស្តារឡើងវិញអាកាសយានដ្ឋានបាត់ដំបង
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញកំពុងពន្លឿនដោះស្រាយផលប៉ះពាល់ដីប្រជាពលរដ្ឋដែលនៅក្បែរអាកាសយានដ្ឋានបាត់ដំបង ដែលគ្រោងបើកដំណើរការឡើងវិញក្រោយបិទអស់ជាច្រើនទសវត្ស។ ក្រុមការងារ បានចុះប្រមូលទិន្នន័យ និងកំណត់ផលប៉ះពាល់ដីប្រជាពលរដ្ឋដែលស្ថិតនៅជុំវិញទីតាំងជាបន្តបន្ទាប់ ក្រោយរដ្ឋាភិបាលប្រកាសឱ្យសិក្សាលទ្ធភាពបើកដំណើរការឡើងវិញនៃអាកាសយានដ្ឋានបាត់ដំបង នេះ ដើម្បីបម្រើសេវាអាកាសចរណ៍ក្នុងស្រុក។ លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងនៅថ្ងៃទី៩ ធ្នូនេះថា៖ «ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអត់ទាន់មានទេ ដំបូងគឺដោះស្រាយផលប៉ះពាល់ហ្នឹងមុនបំផុត ដើម្បីយើងរំដោះដីយកមកវិញ»។ លោកបន្តទៀតថា មិនទាន់ការពិភាក្សាទេថាតើគម្រោងនេះនឹងវិនិយោគដោយរដ្ឋ ឬអនុញ្ញាតឱ្យវិស័យឯកជនវិនិយោគ។ លោកថ្លែងថា៖ «យើងមិនទាន់បានពិភាក្សាជាមួយនឹងវិស័យឯកជននៅឡើយទេ ព្រោះវិនិយោគិនឯកជន គាត់វិនិយោគតែទៅលើគម្រោងណាដែលអាចចំណេញ។ យើងសង្ឃឹមថា គម្រោងហ្នឹង នឹងអាចផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចនិងហិរញ្ញវត្ថុច្រើនទេ ព្រោះវាជាគម្រោងក្នុងស្រុក»។ មានទីតាំងស្ថិតនៅក្នុងក្រុងបាត់ដំបង អាកាសយានដ្ឋានបាត់ដំបងនេះ ត្រូវបានផ្អាកសេវាច្រើនទសវត្សមកហើយ។ ហេដ្ឋារចនាសម្ព័ន្ធចាស់ដែលនៅសល់មានផ្លូវរត់ ប្រវែង ១ ៦០០ ម៉ែត្រ និងទទឹង ៣៤ម៉ែត្រ និងស្ថានីយ៍អ្នកដំណើរ។
អានបន្ថែមកម្ពុជាគ្រោងអភិវឌ្ឍក្រុងសែនមនោរម្យនិងស្រុកអូររាំងនៅមណ្ឌលគិរីជាក្រុងពហុបំណងនិងក្រុងរណប
ផែនការមេ ឆ្នាំ២០២០-២០៣៥ ដែលនឹងប្ដូរមុខមាត់ខេត្តមណ្ឌលគិរី ទៅជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិ នឹងបញ្ចប់នៅចុងឆ្នាំ២០២០នេះ ហើយគ្រោងដាក់ឆ្លងរាជរដ្ឋាភិបាលនៅដើមឆ្នាំក្រោយ។ នេះបើយោងកិច្ចប្រជុំរបស់ក្រសួងទេសចរណ៍កាលពីថ្ងៃទី២៦ ខែវិច្ឆិកា កន្លងមកនេះ។ ក្នុងផែនការមេទាំងមូលរួមមានការអភិវឌ្ឍជាច្រើនកន្លែង ដែលក្នុងនោះក្រុងសែនមនោរម្យ នឹងត្រូវអភិវឌ្ឍ ទៅជាទីក្រុងពហុបំណង ដែលមានសកម្មភាពកម្សាន្តផ្សេងៗមានលក្ខណៈសម្បូរបែប។ លើសពីនេះ តំបន់អាកាសយានដ្ឋានមណ្ឌលគិរី នៅស្រុកអូររាំង ក៏នឹងត្រូវអភិវឌ្ឍជាទីក្រុងរណបនៃក្រុងសែនមនោរម្យផងដែរ។ តាមផែនការមេនេះ រដ្ឋក៏មានគោលដៅប៉ូលទេសចរណ៍ធំៗ ៤ ទៀត រួមមមាន តំបន់អេកូទេសចរណ៍ក្នុងដែនជម្រកសត្វព្រៃ តំបន់របៀងអេកូទេសចរណ៍និងជនជាតិដើមភាគតិច តំបន់ប្រជុំជនស្រុកកោះញែក និងតំបន់សមាហណកម្មច្រកទ្វារព្រំដែន ។ លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ក្រសួងទេសចរណ៍ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ អង្គប្រជុំបានពិគ្រោះយោបល់លើរឿងជាច្រើន ដើម្បីជាធាតុចូលរួមមាន វិស័យទឹកស្អាត អគ្គសនី កសិកម្ម រ៉ែ ថាមពល ដែនដី អាកាសយានដ្ឋាន សហគ្រាសធនតូច និងមធ្យម ហេដ្ឋារចនាសសម្ព័ន្ធ ការរៀបចំនូវនវានុវត្តន៍ អាកាសធាតុ សោភ័ណភាព និងទីក្រុងវៃឆ្លាតជាដើម។ លោក បន្តថា ការពិគ្រោះយោបល់ខាងលើនេះ គឺដើម្បីឱ្យធ្វើឱ្យខេត្តមណ្ឌលគិរី ក្លាយទៅជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិ។ […]
អានបន្ថែមរដ្ឋបាលខេត្តកែបគ្រោងសាងសង់កំពង់ផែទេសចរនៅលើកោះទន្សាយ
រដ្ឋបាលខេត្ត បានបង្ហាញពីគម្រោងគ្រោងកសាងកំពង់ផែទេសចរណ៍កោះទន្សាយ ខណៈក្រុមហ៊ុនវិនិយោគក្នុងស្រុក បានស្នើសុំសិក្សាផលប៉ះពាល់បរិស្ថាន និងសង្គម។ លោកជំទាវ អ៊ុល ភីរុណ អភិបាលរងខេត្តកែប បានឱ្យដឹងនៅថ្ងៃទី១៨នេះ ថា គម្រោងកំពង់ផែទេសចរណ៍នេះ ជាគម្រោងរបស់ធនាគារអភិវឌ្ឍន៍ ADB ហើយក្រុមហ៊ុនឯកជនក្នុងស្រុកមួយ បានដេញថ្លៃគម្រោងនេះហើយ។ លោកជំទាវ បន្តថា ការសិក្សាបឋមដំណាក់កាលទីមួយ បានបញ្ចប់រួចហើយ ដោយក្រុមហ៊ុនបានបង្ហាញពីរបាយការណ៍លទ្ធផលសិក្សាទៅអាជ្ញាធរខេត្ត ហើយរបាយការណ៍នេះ ផ្តោតទៅលើទីតាំងសម្រាប់កសាង ផ្លូវថ្នល់ និងផលប៉ះពាល់ប្រជាពលរដ្ឋនៅលើកោះ។ «ដោយសារជាគម្រោងរបស់ ADB ដូច្នេះការសិក្សាហេតុប៉ះពាល់បរិស្ថាន និងសង្គម ត្រូវតែធ្វើ…ហើយនេះជាជំហានទីមួយ ក្រុមហ៊ុនបានសិក្សាផលប៉ះពាល់ហើយ គាត់យកមកបង្ហាញខេត្ត ក៏ដូចជាមន្ទីរជំនាញក្នុងការចូលរួមយោបល់» នេះជាការបញ្ជាក់ថារបស់ លោកជំទាវ ដោយបញ្ជាក់ថា ការសិក្សាបន្ថែមនឹងត្រូវគេធ្វើបន្ថែមទៀត។ គម្រោងនេះជាផ្នែកមួយនៃគម្រោងតភ្ជាប់តាមសមុទ្រ ដឹកជញ្ជូនអ្នកទេសចរ ដោយនឹងត្រូវភ្ជាប់ទៅនឹងកំពង់ផែទេសចរណ៍ ដែលស្ថិតកំពុងសាងសង់ នៅខេត្តកំពត។ បច្ចុប្បន្ន ការធ្វើដំណើរទៅកោះទន្សាយ គឹប្រើប្រាស់កំពង់ផែឈើ ធ្វើឱ្យពិបាកនៅពេលមានភ្ញៀវទេសចរច្រើន។ ទាក់ទងនឹង ការអភិវឌ្ឍកំពង់ផែទេសចរណ៍នៅកោះទន្សាយនេះ គឺឆ្លើយតបទៅនឹងចក្ខុវិស័យអភិវឌ្ឍទេសចរណ៍ របស់ខេត្តកែប ខណៈមានគម្រោងវិនិយោគមួយចំនួន ទទួលបានភ្លើងខៀវពីរដ្ឋាភិបាលអភិវឌ្ឍន៍នៅលើកោះទន្សាយរួចមកហើយ៕
អានបន្ថែមNagaCorp បោះទុន ៣៥០លានដុល្លារសាងសង់រមណីយដ្ឋាន នៅលើទឹកដីសៀមរាប
ក្រុមហ៊ុន NagaCorp ដែលជាម្ចាស់កាស៊ីណូ NagaWorld នៅរាជធានីភ្នំពេញ បានបង្ហាញច្បាស់ថានឹងបង្កើតរមណីយដ្ឋានមិនមែនកាស៊ីណូលំដាប់អន្តរជាតិនៅខេត្តសៀមរាប ក្រោមទុនវិនិយោគ ៣៥០លានដុល្លារ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនណាហ្គា ចេញផ្សាយកាលពីថ្មីៗនេះ ក្រុមហ៊ុននឹងបោះទុនប្រមាណ ៣៥០លានដុល្លារ សាងសង់រមណីយដ្ឋានឈ្មោះថា Angkor Lake of Wonder នៅលើផ្ទៃដីប្រមាណ ៧៥ហិកតា។ គម្រោងនេះ ស្ថិតនៅខាងត្បូងក្រៅតំបន់ហាមឃាត់នៃតំបន់ប្រាសាទអង្គរវត្ត ដោយក្រុមហ៊ុនបានចុះកុងត្រាជាមួយក្រុមហ៊ុនស្ថាបត្យកម្មមកពីសហរដ្ឋអាមេរិកចំនួន ២ ក្រុមហ៊ុនរួចហើយ។ យោងតាមប្រភពដដែល Angkor Lake of Wonder នឹងរួមមាន សណ្ឋាគារ ឧទ្យានទឹក កន្លែងជិះទុកកម្សាន្ត សាលសម្រាប់ប្រជុំ សាលតាំងពិព័រណ វប្បធម៌ អាហារដ្ឋាន និងទីកន្លែងសាធារណៈជាច្រើនទៀត។ ក្រុមហ៊ុន NagaCorp និយាយថា ការអភិវឌ្ឍរមណីដ្ឋានលំដាប់អន្តរជាតិនេះ នឹងត្រូវបញ្ចប់នៅត្រឹមឆ្នាំ២០២៥។ លើសពីនេះ ក្រុមហ៊ុនបានឱ្យដឹងថាការអភិវឌ្ឍរមណីយដ្ឋាននេះ នឹងបម្រើដល់គោលបំណងជាច្រើន ដូចជាការជំរុញចំនួនភ្ញៀវទេសចរជាដើម។
អានបន្ថែមផ្លូវជាតិលេខ៦ ពីចំណុចព្រះរាជដំណាក់ដល់រង្វង់មូលព្រលានយន្តហោះសៀមរាបនឹងពង្រីកជា ៦គន្លង
ផ្លូវជាតិលេខ៦ នៅខេត្តសៀមចាប់ពីចំណុចរង្វង់មូលព្រះរាជដំណាក់រហូតដល់រង្វង់មូលព្រលានយន្តហោះ នឹងត្រូវពង្រីកទៅជា ៦គន្លង នៅពេលឆាប់ៗខាងមុខ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានថ្លែងក្នុងឱកាសអញ្ជើញចុះពិនិត្យ គម្រោងស្ថាបនាផ្លូវជាតិលេខ៦ នាថ្ងៃ ទី១៥ ខែវិច្ឆិកា នេះ។ ឯកឧត្តមមានប្រសាសន៍ថា៖ «គម្រោងពង្រីកផ្លូវជាតិលេខ៦ នៅខេត្តសៀមរាបនេះ មានប្រវែងសរុប ៦គីឡូម៉ែត្រ… ទ្រូងផ្លូវកណ្តាលសងខាងនេះនឹងលុបវាចេញ ហើយពង្រីកផ្លូវឱ្យបាន ៦គន្លង ៣ទៅ ៣មក ទុកកណ្តាលទ្រូងផ្លូវ ២ម៉ែត្រ និងចិញ្ចើមសងខាង ៣ម៉ែត្រ ទៀត»។ គម្រោងមួយនេះនឹងស្ថាបនានៅពេលឆាប់ៗខាងមុខ ដោយប្រើប្រាស់រយៈពេលវេលាប្រមាណជាង១ឆ្នាំ ជាមួយថវិកាកម្ចីពីធគានាអភិវឌ្ឍអាស៊ី(ADB)។ ឯកឧត្តម ស៊ុន ចាន់ថុល បានបន្ថែមទៀតថា ដោយឡែកផ្លូវចាប់ពីចំណុចរង្វង់មូលព្រលានយន្តហោះទៅកាន់ស្រុកក្រឡាញ់បានធ្វើការអ៊ុតកៅស៊ូប្រភេទបេតុងអាស្វាលរួចរាល់ហើយ ចំណែកឯចាប់ពីស្រុកក្រឡាញ់នៅកាន់ក្រុងសិរីសោភ័ណ ក្រសួងបានចុះហត្ថលេខាជាមួយក្រុមហ៊ុនសាងសង់រួចរាល់ហើយដែរ ដើម្បីអ៊ុតប្រភេទកៅស៊ូប្រភេទបេតុងអាស្វាលដូចគ្នា៕
អានបន្ថែមគម្រោងកែលម្អផ្លូវចូល និងទីធ្លាមុខប្រាសាទអង្គរវត្តថ្មី ជិតបញ្ចប់ជាស្ថាពរហើយ
សមិទ្ធិផលថ្មីនៅមុខប្រាសាទអង្គរវត្ត រួមមាន ការរៀបចំសួនច្បារ ដាំដើមឈើប្រណិត ឈើផ្កាព្រៃ ក៏ដូចជាសណ្ដាប់ធ្នាប់របៀបរៀបរយនៅកន្លែងលក់ដូរ និងចំណតជាដើម ជិតរួចរាល់ជាស្ថាពរហើយ ដោយប្រជាពលរដ្ឋក្នុងតំបន់នាំគ្នាចូលរួមអបអរសាទរជាមួយសមិទ្ធផលថ្មីមួយនេះ។ លោក ស៊ាន សុខៈ មគ្គុទ្ទេសក៍ទេសចរណ៍នៅតំបន់អង្គរ និយាយថាការរៀបចំកែលម្អបរិវេណមុខប្រាសាទអង្គរវត្ត ជាការល្អ និងមានប្រយោជន៍សម្រាប់វិស័យទេសចរណ៍។ លោកបន្តថា៖ បើធៀបនឹងពេលមុន គឺមានភាពខុសគ្នាឆ្ងាយ។ បច្ចុប្បន្នមានរៀបចំជាសួនបៃតង ដាំដើមឈើកម្រៗដូចជាធ្នង់ បេង ជាដើម ដែលជាផ្នែកមួយជួយទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាឱ្យពួកគេស្គាល់ពូជឈើទាំងនោះ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ ក៏ចូលរួមអបអរសាទរជាមួយសមិទ្ធផលមួយនេះ ដោយរំពឹងថា ក្រោយវិបត្តិកូវីដ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនារមណីយដ្ឋានអង្គរនេះឱ្យបានច្រើនកុះករជាងមុន។ បន្ថែមពីនេះ ប្រជាពលរដ្ឋក៏ស្នើរដល់អាជ្ញាធរជាតិអប្សរា ឱ្យបន្តរៀបចំ និងដាំដើមឈើឱ្យបានកាន់តែច្រើន។ គួរបញ្ជាក់ថា កំណែលម្អសោភ័ណភាពនៅបរិវេណមុខប្រាសាទអង្គរវត្តនេះ ត្រូវបានចាប់ផ្តើមចាប់ពីចុងឆ្នាំ២០១៩ មក ដោយមានរើសំណង់តូបលក់ដូរទាំងអស់ចេញពីបរិវេណខាងមុខអង្គរវត្ត ការបញ្ឈប់មិនឱ្យមានការលក់រញ៉េរញ៉ៃ និងចំណតយានយន្តគ្មានសណ្ដាប់ធ្នាប់ជាដើម។ ក្រៅពីកំណែលម្អនេះ ខេត្តសៀមរាបក៏គ្រោងនឹងបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប គ្រោងបើកការដ្ឋាននៅពាក់កណ្តាលខែ វិច្ឆិកា នេះផងដែរ ប៉ុន្តែត្រូវលើកពេលទៅបើកការដ្ឋាននៅពេលក្រោយ ដោយសារមានការរីករាលដាលនៃជំងឺកូវីដ ១៩។ (អានបន្ថែម)
អានបន្ថែមបណ្តុំហាងលក់ទំនិញបែបប្លែកថ្មីមួយបើកដំណើរការនៅផ្លូវ៦០ម៉ែត្រ
គម្រោងខុនដូ Urban Village កាលពីចុងសប្ដាហ៍កន្លងទៅនេះ បានបើកសម្ពោធទីធ្លាហាងលក់ទំនិញថ្មីមួយឈ្មោះ “Retail Street” នៅតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ ក្នុងមជ្ឈមណ្ឌល Factory Phnom Penh ជាមួយពិធីជប់លៀងបែបប្រទេសអេស្ប៉ាញ Street Fiesta ។ Retail Street ជាទីធ្លាលក់ទំនិញបែបច្នៃប្រឌិតថ្មីមួយ ដែលមានទីតាំងស្ថិតរវាង Factory Phnom Penh និងគម្រោងខុនដូ Urban Village។ ទីធ្លាលក់ទំនិញនេះនឹងរួមមាន ហាងលក់សម្ភារកីឡា ហាងច្នៃម៉ូតសំលៀកបំពាក់ ហាងលក់គ្រឿងសង្ហារិម កន្លែងផលិតស្រាបៀររសជាតិដើមអាឡឺម៉ង់ កន្លែងលោតលេងដំបូងគេនៅកម្ពុជា និងហាងជាច្រើនផ្សេងទៀត។ លោកស្រី Catherine Chan ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិនៃគម្រោង Urban Village បានមានប្រសាសន៍ថា៖ «ការដាក់ឱ្យដំណើរការទីធ្លាហាងលក់ទំនិញនេះគឺ ពិតជាសំខាន់ខ្លាំងណាស់ ដោយសារយើងចង់ឱ្យអ្នករស់នៅទីនេះអាចរកទិញ និងទទួលបានសេវាកម្មផ្សេងៗសម្រាប់តម្រូវការប្រចាំថ្ងៃរបស់ពួកគេពីក្នុងសហគមន៍នេះផ្ទាល់»។ លោកស្រី បានបន្តថា «មិនត្រឹមតែបើកដំណើរការជាផ្លូវការនៃទីធា្លហាងលក់ទំនិញ Retail Street នោះទេ យើងក៏បានធ្វើពិធីជប់លៀងបែប Street […]
អានបន្ថែមរដ្ឋាភិបាលចេញវិធានការបន្ទាន់ ៣សំខាន់ៗ ដើម្បីទប់ស្កាត់ជំងឺកូវីដ ១៩
រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ កាលពីថ្ងៃទី ៨ វិច្ឆិកា នេះ បានដាក់ចេញវិធានការបន្ទាន់សំខាន់ៗចំនួន ៣ ឡើងវិញរួមមាន ការបិតកន្លែងកម្សាន្តជាបណ្ដោះអាសន្ន ការផ្អាកគ្រឹះស្ថានអប់រំ និងការហាមមិនឱ្យមានការប្រមូលផ្ដុំនៅពហុកីឡដ្ឋានអូឡាំពិក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩។ កន្លែងកម្សាន្ទាំងនោះរួមមាន ការបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរនៅទូទាំងប្រទេសដោយអនុវត្តចាប់ពីថ្ងៃ នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ ចំណែកឯ គ្រឹះស្ថានអប់រំ ដែលមានដូចជា សាលារដ្ឋ និងឯកជន ក្នុងរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល ត្រូវបានក្រសួងអប់រំប្រកាសបិទ ជាបណ្ដោះអាសន្នចំនួន ២ សប្តាហ៍។ ជាមួយគ្នានេះដែរ ក្រសួងក៏សម្រេចផ្អាកការលេងកីឡា និងការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំជាបណ្តោះអាសន្ន និងផ្អាកដំណើរការសកម្មភាព និងការចេញចូលបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ជាបណ្តោះអាសន្នរហូតដល់មានការជូនដំណឹងជាថ្មី។
អានបន្ថែមតើកំណើនភ្ញៀវទេសចរក្នុងស្រុកអាចទ្រទ្រង់វិស័យសណ្ឋាគារបានយូរកម្រិតណា បើកូវីដនៅតែបន្ត?
ដោយ Eric Wong Chon Lap ការដែលប្រទេសកម្ពុជាមានថ្ងៃឈប់សម្រាកច្រើន អាចជាចលករសំខាន់មួយក្នុងការជួយស្ដារឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចពីវិបត្តិកូវីដបានមួយចំណែកធំ តាមរយៈចរន្តភ្ញៀវទេសចរក្នុងស្រុក។ នេះចាត់ទុកថាជាសញ្ញាវិជ្ជមានដំបូងនៃការងើបឡើងវិញសម្រាប់ឧស្សាហកម្មទាំង ២ នេះ។ ប៉ុន្តែតើកំណើនភ្ញៀវទេសចរក្នុងស្រុក អាចទ្រទ្រង់អាជីវកម្មសណ្ឋាគារបានយូរកម្រិតណា បើកូវីដនៅតែបន្ត? វិស័យទាំង២ ស្ទើរតែផ្អាកទាំងស្រុង ក្នុងឆមាសទី ១ ប៉ុន្តែក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ ឃើញថាចរន្តភ្ញៀវទេសចរក្នុងស្រុកចាប់ផ្ដើមមានសកម្មភាពជាងមុន ជាក់ស្ដែងដូចជា ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ និងបុណ្យអុំទូកកាលពីថ្មីៗនេះ។ ឧទាហរណ៍សម្រាប់ខេត្តសៀមរាប ក្នុងអំឡុងពិធីបុណ្យអុំទូកនេះ ទទួលបានភ្ញៀវទេសចរជិត ១៥ម៉ឺននាក់ ដែលភាគច្រើនជាភ្ញៀវទេសចរក្នុងស្រុក។ ទិសដៅផ្សេងទៀតដូចជា កំពត កែប និងព្រះសីហនុ ក៏កំពុងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនដែរ ព្រោះភ្ញៀវទេសចរតំបន់ទាំងនេះគឺមិនសូវឆ្ងាយពីទីក្រុងពេកទេ។ ដូច្នេះដើម្បីក្ដាប់យកឱកាសនេះ ម្ចាស់សណ្ឋាគារជាច្រើនបានបន្តផ្តល់ជូននូវតម្លៃ និងកញ្ចប់ពិសេស ដើម្បីទាក់ទាញភ្ញៀវ។ ក្រៅពីការបញ្ចុះតម្លៃ ម្ចាស់សណ្ឋាគារនីមួយៗ ក៏ផ្ដោតខ្លាំងលើការផ្សព្វផ្សាយតាមបណ្តាញសង្គម ដើម្បីទាក់ទាញតម្រូវការក្នុងស្រុកផងដែរ។ ទោះបីនេះគឺជាសញ្ញាណវិជ្ជមានក្ដី ក៏វានៅតែមានឧបសគ្គ ពោលគឺតើវិស័យនេះនឹងពឹងផ្អែកលើភ្ញៀវទេសចរណ៍ក្នុងស្រុកបានយូរប៉ុណ្ណា? តើការកើនឡើងនៃភ្ញៀវទេសចរក្នុងស្រុកនេះនឹងបន្ត ឬគ្រាន់តែជាការកើនបណ្ដោះអាសន្នហើយនឹងធ្លាក់ចុះពេលក្រោយ? និងពិសេសតើពេលណាភ្ញៀវទេសចរណ៍នឹងត្រលប់មកវិញ? ចម្លើយអាចបានប៉ាន់ស្មានបានថា បើសេដ្ឋកិច្ចមិនងើបឡើងវិញទេ ស្ថានភាពហិរញ្ញវត្ថុរបស់ភ្ញៀវទេសចរណ៍ក្នុងស្រុកក៏នឹងធ្លាក់ចុះ ហើយការដើរសម្សាន្តក៏នឹងធ្លាក់ចុះផងដែរ ដែលធ្វើឱ្យវិស័យទាំង២ បាត់បង់លំនឹងម្ដងទៀត។ […]
អានបន្ថែម