កម្ពុជាស្នើជប៉ុនជួយអភិវឌ្ឍគម្រោងការពារទឹកជំនន់ និងស្តារប្រព័ន្ធធារាសាស្ត្រ
ក្រសួងធនធានទឹក និងឧតុនិយម បានស្នើដល់ជប៉ុនចំនួន ០៣ចំណុច ជួយអភិវឌ្ឍពាក់ព័ន្ធនឹងគម្រោងការពារទឹកជំនន់ និងស្តារប្រព័ន្ធធារាសាស្ត្រ។ នេះបើតាមជំនួបរវាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាមួយនឹងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន វិសាមញ្ញនិងពេញសមត្ថភាព និងលោក SANUI Kazumasa ប្រធាន JICA ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៣ រហូតមក តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រទេសជប៉ុនបានជួយគាំទ្រលើការគ្រប់គ្រង និងការអភិវឌ្ឍវិស័យធនធានទឹកជាបន្តបន្ទាប់ តាមរយៈគម្រោងជំនួយឥតសំណង គម្រោងជំនួយ កិច្ចសហការបច្ចេកទេស ការផ្ដល់ជំនាញការបច្ចេកទេស ការបណ្តុះបណ្តាលក្នុង និងក្រៅប្រទេស និងគម្រោងហិរញ្ញប្បទានសម្បទានជាដើម។
បន្ថែមពីនេះ ក្រសួងធនធានទឹក និងឧតុនិយម បានសំណូមពរដល់ភាគីជប៉ុនដូចជា៖
- ទី១៖ ជួយសិក្សានិងផ្តល់ហិរញ្ញប្បទានសម្បទានសម្រាប់គម្រោងស្នើសុំថ្មី “គម្រោងការពារទឹកជំនន់ កែលំអ និងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកនៅកម្ពុជា(Flood Control, Irrigation and Drainage Rehabilitation and Improvement Project in Cambodia)
- ទី២៖ ផ្ដល់គ្រឿងចក្រធុនធ្ងន់សម្រាប់បម្រើដល់ការងារសាងសង់ និងជួសជុលប្រព័ន្ធធារាសាស្ត្រ និងសម្រា ប់ អន្តរាគមន៍ពេលមានគ្រោះមហន្តរាយបង្កឡើងដោយធម្មជាតិនានាដូចជា គ្រោះទឹកជំនន់ និងគ្រោះ រាំងស្ងួ តជាដើម។
- ទី៣៖ ជួយបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសបន្ថែមលើការងារគ្រប់គ្រង និង អភិវឌ្ឍន៍ធនធានទឹក។
ដោយឡែក ភាគីជប៉ុន បានសំណូមពរឱ្យក្រសួងធនធានទឹក និងឧតុនិយម រៀបចំប្រារព្ធពិធីបើកការដ្ឋានសាងសង់គម្រោងស្ដារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកប៉ែកនិរតីរាជធានី ភ្នំពេញ(CP-P14) ដើម្បីបង្ហាញពីសមិទ្ធផលថ្មីនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុនផងដែរ។
សូមបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ក្រសួងធនធានទឹក និងឧតុនិយម កំពុងដំណើរការអនុវត្តគម្រោងរៀបចំស្ដង់ដាជាតិប្រព័ន្ធធារាសាស្ត្រ ដែលបានចាប់ផ្ដើមសកម្មភាពកាលពីឆ្នាំ២០២២ និងបញ្ចប់នៅឆ្នាំ២០២៤ និងគម្រោងស្ដារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកប៉ែកនិរតីរាជធានីភ្នំពេញ ដែលចាប់ដំណើរការសាងសង់ឆ្នាំ២០២៣ និងបញ្ចប់ឆ្នាំ២០២៦។
- Video Advertisement -