កម្ពុជា-សិង្ហបុរីចុះហត្ថលេខាផ្លូវការលក់អគ្គិសនី ១ពាន់មេហ្គាវ៉ាត់ ដោយត្រូវភ្ជាប់បណ្ដាញក្រោមសមុទ្រ
ក្រុមហ៊ុន Royal Group Power Co.,Ltd របស់អ្នកឧកញ៉ា គិត ម៉េង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់ និងនាំចេញថាមពលអគ្គិសនីកកើតឡើងវិញ ឲ្យក្រុមហ៊ុន Kappel Energy Pte Ltd តាមរយៈបណ្ដាញខ្សែកាបក្រោមបាតសមុទ្រពីប្រទេសកម្ពុជាទៅកាន់សិង្ហបុរី។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៥ ខែមីនា នៅប្រទេសសិង្ហបុរី ដោយវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group ដែលជាក្រុមហ៊ុនមេរបស់ RGP និងអ្នកស្រី Cindy Lim អគ្គនាយកក្រុមហ៊ុន Keppel Infrastructure (KI) ដែលជាក្រុមហ៊ុនមេរបស់ KE ក្រោមអធិបតីភាពរបស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា ឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា (EDC), ឯកឧត្តម Tan See Leng រដ្ឋមន្ត្រីទី២ នៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី។
តាមរយៈគម្រោងដ៏ធំមួយនេះ កម្ពុជានឹងធ្វើការនាំចេញថាមពលអគ្គិសនីកកើតឡើងវិញចំនួន ១.០០០មេហ្គាវ៉ាត់ តាមរយៈខ្សែបញ្ជូនតង់ស្យុងខ្ពស់ក្រោមបាតសមុទ្រ ទៅកាន់ប្រទេសសិង្ហបុរី ដែលនេះជាជំហានដំបូង ក្រុមហ៊ុនវិនិយោគទាំងពីរនឹងធ្វើការសិក្សាលើការតភ្ជាប់បណ្ដាញខ្សែកាបក្រោមបាតសមុទ្រ ដែលនឹងចាប់ពីខែមីនា ឆ្នាំ២០២៣នេះតទៅ។
ឯកឧត្តម ស៊ុយ សែម បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការទិញលក់ថាមពលអគ្គិសនីរវាងក្រុមហ៊ុនទាំងពីរជាផ្នែកមួយ ក្រោមក្របខណ្ឌនៃអនុស្សារណៈយោគយល់ “ស្ដីពីកិច្ចសហប្រតិបត្តិការថាមពលកម្ពុជា-សិង្ហបុរី” ដែលជាគម្រោងគាំទ្រការធ្វើពាណិជ្ជកម្មថាមពល និងសមាហរណកម្មលើវិស័យថាមពលអគ្គិសនី ស្របតាមផែនការមេតភ្ជាប់សហគមន៍អាស៊ាន២០២៥។
យោងតាមឯកឧត្តម ស៊ុយ សែម បានឯកភាពជាគោលការណ៍អនុញ្ញាតឲ្យក្រុមហ៊ុនទាំងពីរធ្វើការសិក្សាសមិទ្ធភាពពេញលេញ និងប្រមូលទិន្នន័យដែនសមុទ្រ លើទីតាំងជាក់ស្តែងនៅក្នុងភូមិសាស្ត្រដែនទឹក និងតំបន់សេដ្ឋកិច្ចផ្ដាច់មុខកម្ពុជា នៃគម្រោងខ្សែកាបកប់តាមបាតសមុទ្រ ដោយនឹងចាប់ផ្ដើមក្នុងខែមីនា រហូតដល់ដំណាច់ឆ្នាំ២០២៣។
គួររម្លឹកថា កន្លងមកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានសហការជាមួយអគ្គិសនីកម្ពុជាបានសាងសង់ខ្សែកាប្លិ៍ក្រោមបាតសមុទ្រ ប្រវែងប្រមាណ៦០គីឡូម៉ែត្រ ពីដីគោក ទៅកាន់កោះរ៉ុង ដែលបានចាប់ផ្តើមការសាងសង់ នៅខែកញ្ញា ឆ្នាំ២០២២។ (អានបន្ថែម)។
ជាមួយគ្នានេះ យោងតាម ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣បានឱ្យដឹងថា គម្រោងតបណ្តាញខ្សែកាបអុបទិក ក្រោមបាតសមុទ្រពី ក្រុងហុងកុង-ក្រុងព្រះសីហនុ មានប្រវែង២ ៧១៥គីឡូម៉ែត្រ ក៏គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៤ខាងមុខនេះផងដែរ។ (អានបន្ថែម)
- Video Advertisement -