កម្ពុជា-សឹង្ហបុរី រួមគ្នាជំរុញបង្កើតបណ្តាញអគ្គិសនីអាស៊ាន ដើម្បីទប់ការឡើងថ្លៃអគ្គសនី និងការពារបរិស្ថាន
កម្ពុជានិងសឹង្ហបុរី បានផ្តួចផ្តើមគំនិតឱ្យមានការបង្កើតការតភ្ជាប់បណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) ឡើងវិញ ខណៈកាលពី២៥ឆ្នាំមុន អាស៊ានបានដាក់គោលដៅនេះ តែមិនទាន់សម្រេច។នេះបើតាមប្រសាសន៍របស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល តាមរយៈវីដេអូខ្លី ផ្សាយចេញនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។
ឯកឧត្តម កែវ រតនៈ បានឱ្យដឹងថា កម្ពុជា និងសិង្ហបុរី ជាអ្នកផ្ដួចផ្ដើមបង្កើតបណ្ដាញអគ្គិសនីអាស៊ាន ដែលហៅថា Asean Power Grid (APG) ក្នុងគោលបំណងការការពារបរិស្ថាន ជំរុញថាមពលបៃតង និងទប់ការឡើងថ្លៃអគ្គិសនី។
ឯកឧត្តមបានបន្តថា កាលពី២៥ឆ្នាំមុន អាស៊ានបានដាក់គោលដៅនេះ ហើយ ប៉ុន្តែមិនទាន់អាចមានលទ្ធភាពធ្វើគម្រោងនេះបាននៅឡើយទេ ហើយគំនិតផ្តួចផ្តើមថ្មីនេះ មិនត្រឹមតែល្អសម្រាប់បរិស្ថានប៉ុណ្ណោះទេ តែក៏ល្អសម្រាប់ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច បង្កើនឱកាសវិនិយោគ បង្កើតឱកាសការងារថ្មីៗជូនយុវជន យុវនារីរបស់យើងផងដែរ។
ជាងនេះទៅទៀត ឯកឧត្តម កែវ រតនៈ ក៏បានអះអាងថា កិច្ចប្រជុំស្តីពីគម្រោងបង្កើតបណ្តាញអគ្គិសនីអាស៊ាននេះ មានលក្ខណៈវិជ្ជមានដោយសារប្រទេសកម្ពុជា ឡាវ សិង្ហបុរី និងប្រទេសម៉ាឡេស៊ី បានប្តេជ្ញាជំរុញឱ្យអាស៊ាន រួបរួមគ្នាធ្វើឱ្យគោលដៅដ៏សំខាន់មួយនេះលេចចេញជារូបរាងឱ្យខានតែបាន។
គួរបញ្ជាក់ថា នៅខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីថាមពលអាស៊ាន នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដូច្នេះកម្ពុជា និងសិង្ហបុរី នឹងលើកយកបញ្ហានេះ មកពិភាក្សាបន្ថែមទៀត ដើម្បីឱ្យមានការតភ្ជាប់បណ្ដាញអគ្គិសនីរវាងអាស៊ានទាំង១០តែម្តង។
គួររំលឹកថា កន្លងមក ការតភ្ជាប់អគ្គីសនី គឺធ្វើឡើងលក្ខណៈទ្វេភាគីរវាងប្រទេស និងប្រទេស ពោលគឺកម្ពុជាបានតភ្ជាប់បណ្ដាញអគ្គិសនីជាមួយប្រទេសវៀតណាម និងឡាវជាទ្វេភាគី ខណៈប្រទេសសិង្ហបុរី ក៏ទិញ-លក់ ភ្លើងជាមួយប្រទេសម៉ាឡេស៊ី ថៃ និងប្រទេសឡាវផងដែរ។
យ៉ាងណាមិញ ឯកឧត្តម កែវ រតនៈ បានសង្កត់ធ្ងន់ដែរថា នេះគឺជាឱកាសសម្រាប់កម្ពុជា ក្នុងការផលិតថាមពល ដោយផលិតខ្លះសម្រាប់ប្រើប្រាស់ក្នុងស្រុក និងបើកច្រកនាំចេញអគ្គិសនីទៅប្រទេសអាស៊ានទាំង ១០ ព្រមទាំងទាក់ទាញការវិនិយោគមកកម្ពុជា សម្រាប់រយៈពេលវែងជាដើម៕
- Video Advertisement -