កម្ពុជា-អង់គ្លេស រួមគ្នាជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតង ដើម្បីការពារបរិស្ថាននៅកម្ពុជា
កម្ពុជា និងអង់គ្លេស បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ សំដៅជំរុញការវិនិយោគ ដើម្បីអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតងនៅកម្ពុជា។
អនុស្សារណៈនេះ ត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាពឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម Dominic Williams ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣។
តាមរយៈអនុស្សរណៈនៃការយោគយល់នេះ រាជរដ្ឋាភិបាលរបស់ចក្រភពអង់គ្លេស មានគោលបំណងផ្តល់ការគាំទ្របច្ចេកទេស និងជំរុញការវិនិយោគដល់កម្ពុជា តាមរយៈក្របខណ្ឌភាពជាដៃគូវិនិយោគរបស់ចក្រភពអង់គ្លេស, ដោយកៀរគរធនធាន ជំនាញឯកទេសពីវិស័យឯកជន និងការតភ្ជាប់ទៅនឹងប្រភពហិរញ្ញប្បទាននានា ក្នុងតំបន់និងអន្តរជាតិ ដើម្បីមកបំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។
បន្ថែមពីនេះ អនុស្សរណៈនៃការយោគយល់នេះ នឹងជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស ក្នុងការរៀបចំអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតងនៅកម្ពុជា តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដោយនឹងផ្តោតសំខាន់លើការគិតគូរផ្នែកបរិស្ថាននវានុវត្តន៍ ដូចជាការប្រើប្រាស់ថាមពលកកើតឡើងវិញ, ការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព, ការគ្រប់គ្រងសំណល់ប្រកបដោយចីរភាព, និងការគិតគូរផ្នែកបរិស្ថានចក្រា ដើម្បីបង្កើនភាពទាក់ទាញ និងភាពប្រកួតប្រជែងនៅកម្ពុជា។
ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស នឹងបន្តកិច្ចសហការលើវិស័យអាទិភាព និងគម្រោងសក្តានុពលផ្សេងៗ ក្រោមកិច្ចសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធរយៈពេលវែងផងដែរ។
គួរបញ្ជាក់ថា ក្នុងការអនុវត្តតាមខ្លឹមសារអនុស្សរណៈនេះ គឺជាផ្នែកមួយនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅកម្ពុជា ដោយអនុវត្តតាមលំនាំច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់កាលពីខែវិច្ឆិកា ឆ្នាំ២០២១ និង នីតិវិធីគ្រប់គ្រងប្រតិបត្តិការរួម សម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ត្រូវបានដាក់ឱ្យប្រើតាមរយៈអនុក្រឹត្យរបស់រាជរដ្ឋាភិបាល កាលពី ខែសីហា ឆ្នាំ២០២២។ (អានបន្ថែម)
- Video Advertisement -