ក្រសួង ប្តេជ្ងាលុបបំបាត់ពាក្យ «ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ» លើកំណាត់ផ្លូវធំៗ ២ ខ្សែ
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល បានប្ដេជ្ញាថានឹងលុបបំបាត់ពាក្យថា «ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ» លើកំណាត់ផ្លូវ២ ខ្សែ ពោលគឺកំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ និងផ្លូវជាតិលេខ៧ ត្បូងឃ្មុំ-ក្រចេះ។
ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី ១៦ កុម្ភៈ នេះថា បញ្ហាធ្វើមុខខូចក្រោយនេះធ្វើឱ្យប្រជាពលរដ្ឋមិនសប្បាយចិត្តខ្លាំងណាស់ ដូច្នេះឯកឧត្តម កំពុងរិះរកនីតិវិធីជួសជុលយ៉ាងណាឱ្យផ្លូវនេះជាប់បានយូរអង្វែង ដោយថ្មីៗនេះ ទើបតែបានជួប ជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដើម្បីសុំអនុសាសន៍។
ឯកឧត្តម បានឱ្យដឹងថា៖ «លើកនេះ យើងចង់ធ្វើម្ដង ធ្វើឱ្យលម្អិត ធ្វើឱ្យជាប់បានយូរ។ ត្រូវសិក្សាឱ្យបានដិតដល់ ជាពិសេសកំណាត់ ២០ គម ពីត្រពាំងរពៅ ទៅវាលរេញ ធ្វើចេះតែខូច ដោយសារដីស្អុយមានភួកជម្រៅ ១៨ ម៉ែត្រ អញ្ចឹងយើងត្រូវរកវិធីចាក់គ្រឹះធ្វើស្ពានក្រោមដី។ បើធ្វើមិនបាន បើត្រូវដូរ alignment [ប្លង់] គឺត្រូវតែដូរ។
«ដូច្នេះ ខ្ញុំសូមស្នើឱ្យអ្នកធ្វើផ្លូវទាំងអស់កុំធ្វើផ្លូវឱ្យរួចពីដៃ កុំធ្វើផែល ពោលគឺត្រូវធ្វើឱ្យបានម៉ត់ហ្មត់» ឯកឧត្តមបានបន្ត។
ទោះជាយ៉ាងណាក្ដី ឯកឧត្តម មិនបានបញ្ជាក់ថាការសិក្សាដ៏លម្អិតនេះ នឹងបញ្ចប់នៅពេលណា ចំណាយប៉ុន្មាន ហើយនឹងចាប់ផ្ដើមពេលណា នោះទេ។
គួរបញ្ជាក់ផងដែរថា ផ្លូវទាំង ២ខ្សែ នេះត្រូវបានជួសជុលជាបន្តបន្ទាប់ ក្រោមជំនួយរបស់ធនាគារពិភពលោក តាំងពីឆ្នាំ២០១៨ មកម្លេះ។ (អានបន្ថែម)
សម្រាប់គម្រោងផ្លូវជាតិលេខ ៧ គឺជាគម្រោងគ្រប់គ្រងទ្រព្យសម្បត្តិផ្លូវទី ២ (Road Asset Management) មានប្រវែងសរុប ១៦៤ គីឡូម៉ែត្រ ដោយលើកកម្ពស់គុណភាពផ្លូវពី DBST ទៅជា AC។
គម្រោងនេះត្រូវបានបែងចែកជា ៣ ការដ្ឋានធំៗ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៨ ខែ និងរយៈពេលថែទាំចំនួន ៣៦ ខែ។ គម្រោងកំពុងសាងសង់ដោយក្រុមហ៊ុនចិន ត្រួតពិនិត្យដោយក្រុមហ៊ុនកូរ៉េ និងចំណាយថវិកាប្រមាណជាង ៣៦ លានដុល្លារអាមេរិក។
ដោយឡែក កំណាត់ផ្លូវជាតិលេខ៣ (ទីរួមខេត្តកំពត-វាលរេញ) មានប្រវែង៥៤,៣០គីឡូម៉ែត្រ ត្រូវបានជួសជុល និងក្រាលបេតុងកៅស៊ូ ដោយប្រើប្រាស់រយៈពេល៥៤ខែ ចំណាយថវិកា ប្រមាណ ១២ លានដុល្លារសហរដ្ឋអាមេរិក ក្រោមគម្រោងឥណទានធនាគារពិភពលោក។
មកដល់បច្ចុប្បន្ន កំណាត់ផ្លូវទាំង ២ នេះ សាងសង់បានប្រមាណ ៨០ % ហើយ។
- Video Advertisement -