ក្រុមហ៊ុនចំណីអាហារដ៏ល្បីនៅថៃ ប្រកាសលក់ស៊ុតគ្មានកាបូនដំបូងគេនៅក្នុងទីផ្សារអាស៊ី
ក្រុមហ៊ុន Charoen Pokphand Foods Plc (CP Foods) បានបង្ហាញការច្នៃប្រតិដ្ឋដែលមិនធ្លាប់មានពីមុន ដោយបានដាក់សម្ពោធដាក់លក់ពងមាន់កាបូនអព្យាក្រឹតមុនគេនៅអាស៊ី។ នវានុវត្តន៍ឈានមុខគេនេះ ទទួលបានការបញ្ជាក់ស្តង់ដារគុណភាពដោយអង្គការគ្រប់គ្រងឧស្ម័នផ្ទះកញ្ចក់របស់ប្រទេសថៃ (TGO) និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន CP Foods ក្នុងការកាត់បន្ថយដានកាបូនរបស់ខ្លួន។
កិត្យានុភាពរបស់ក្រុមហ៊ុន CP Foods ត្រូវបានគេមើលឃើញតាមរយៈប្រភេទចម្រុះនៃការដាក់លក់ស៊ុតស្រស់ចំនួន ២៣ប្រភេទ ក្នុងនោះរាប់បញ្ចូលទាំងប្រភេទស៊ុតដែលបានមកពីកសិដ្ឋានចិញ្ចឹមបសុសត្វដែលគ្មានទ្រុង នេះបើយោងតាមសារព័ត៌មាន Thaiger កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៣។
ការចិញ្ចឹមសត្វធ្វើអាជីវកម្មប្រភេទ Cage-Free Egg ដោយគោរពជីវិតសត្វ (មិនបង្ខាំងសត្វក្នុងទ្រុងតែមួយកន្លែង) និងគោរពតាមក្រមសីលធម៌អាជីវកម្មនេះ បូករួមនឹងការអនុវត្តប្រកបដោយការគិតគូរពីបរិស្ថាន ធ្វើឱ្យក្រុមហ៊ុនទទួលបានស្លាកសញ្ញាកាត់បន្ថយកាបូនដ៏មានកិត្យានុភាព និងស្លាកកាត់បន្ថយការឡើងកំដៅផែនដីកាលពីឆ្នាំមុន។
ក្នុងចំណោមកិត្តិសព្ទទាំងនេះ ភាពលេចធ្លោមួយទៀតរបស់ក្រុមហ៊ុន គឺម៉ាកយីហោស៊ុតគ្មានទ្រុងឈ្មោះថា U Farm របស់ក្រុមហ៊ុន ដែលឥឡូវនេះកំពុងនាំមុខក្នុងការចាប់ផ្តើមគំនិតដំបូងគេនៃចលនាថ្មីដែលគេហៅថា “ស៊ុតគ្មានទ្រុង-គ្មានកាបូន” នៅក្នុងទីផ្សារអាស៊ី។
លោក Somkid Wannalukkhee ប្រធានផ្នែកស៊ុតរបស់ក្រុមហ៊ុន CP Foods បានបង្ហាញពីការយកចិត្តទុកដាក់ឥតងាករេរបស់ក្រុមហ៊ុនក្នុងការផលិតអាហារដែលមានការបំភាយកាបូនទាប។ លោកបានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងប្រកបដោយភាពច្នៃប្រតិដ្ឋរបស់ក្រុមហ៊ុន CP Foods ក្នុងវិស័យស៊ុត រួមទាំងការអភិវឌ្ឍឧបករណ៍បញ្ជូនពងមាន់ដោយស្វ័យប្រវត្តិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយអាហារតាមការណែនាំរបស់អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ។
“ក្រុមហ៊ុនក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនដោយការច្នៃប្រតិដ្ឋឡើងវិញនូវសំបកស៊ុត និងងាកទៅប្រើប្រាស់ប្រភពថាមពលប្រកបដោយនិរន្តរភាព ដូចជាបន្ទះស្រូបពន្លឺព្រះអាទិត្យ និងប្រព័ន្ធជីវឧស្ម័ននៅក្នុងកសិដ្ឋាន និងកន្លែងផលិតស៊ុតរបស់ក្រុមហ៊ុន។” ប្រសាសន៍របស់លោក Somkid ។
ការបើកដំណើរការស៊ុនគ្មានកាបូននេះ នាំមកក្នុងយុគសម័យថ្មីនៃការប្រើប្រាស់ប្រកបដោយមនសិការ និងគូសបញ្ជាក់អំពីតួនាទីរបស់ក្រុមហ៊ុន CP Foods ក្នុងនាមជាស្ថាប័នគំរូនៅក្នុងការអនុវត្តសកម្មភាពអាជីវកម្មដែលមិនប៉ះពាល់ដល់បរិស្ថាននៅក្នុងវិស័យឧស្សាហកម្មម្ហូបអាហារ៕
- Video Advertisement -