ក្រុមហ៊ុនផ្លូវដែកដ៏ល្បីរបស់ជប៉ុន កំពុងងាករកទីផ្សារអាស៊ាន ខណៈទើបវិនិយោគ$១,៦លាន នៅសិង្ហបុរី និងម៉ាឡេស៊ី
ក្រុមហ៊ុន Hitachi ដែលជាក្រុមហ៊ុនជំនាញខាងវិស្វកម្មសំណង់ផ្លូវដែកដ៏ល្បីរបស់ប្រទេសជប៉ុន មានបំណងពង្រីកវត្តមានរបស់ខ្លួននៅក្នុងទីផ្សារផ្លូវដែកនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីការទិញយកអាជីវកម្មប្រព័ន្ធគ្រប់គ្រងផ្លូវដែករបស់ក្រុមហ៊ុនបារាំង Thales Group ក្នុងតម្លៃ ១,៦ពាន់លានដុល្លារ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៤។ ការផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មីនេះ បង្កើនសមត្ថភាពរបស់ក្រុមហ៊ុន Hitachi ដែលកំពុងមានគម្រោងសាងសង់ផ្លូវដែករួមគ្នាថ្មីមួយសម្រាប់ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី។ ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំ នៅថ្ងៃទី៥ មិថុនា និងត្រូវបានធ្វើបច្ចុប្បន្នភាពដោយ Asia.nikkei ចុះថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤។
ក្រុមហ៊ុន Hitachi ដែលល្បីល្បាញខាងប្រតិបត្តិការរថភ្លើងល្បឿនលឿន shinkansen bullet train របស់ប្រទេសជប៉ុន បានពង្រីកយុទ្ធសាស្រ្តរបស់ខ្លួនជាសាកលតាមរយៈការទិញយកក្រុមហ៊ុនធំៗ រួមទាំងក្រុមហ៊ុន AnsaldoBreda និង STS របស់អ៊ីតាលីក្នុងឆ្នាំ ២០១៥ ហើយថ្មីៗនេះ គឺការលេបយកអាជីវកម្មរបស់ក្រុមហ៊ុន Thales Group។
លោក Giuseppe Marino នាយកប្រតិបត្តិនៃក្រុមហ៊ុន Hitachi Rail បានសង្កត់ធ្ងន់ថា “(ឥឡូវនេះ)យើងមានសមត្ថភាពផ្តល់ជូននូវប្រព័ន្ធគ្រប់គ្រងស្ថានីយរថភ្លើងដែលមានមួយកញ្ចប់តែម្តង។ អតិថិជនមួយចំនួនចង់ដំឡើងប្រព័ន្ធគ្រប់គ្រងស្ថានីយដែលរៀបចំស្រេចបាច់ ‘key-ready’ គឺដំឡើងរួចប្រើយកតែម្តង” ដោយគូសបញ្ជាក់ពីសមត្ថភាពផ្គត់ផ្គង់ដ៏ទូលំទូលាយរបស់ក្រុមហ៊ុន រាប់ចាប់តាំងពីការវិនិយោគភាគហ៊ុន រហូតដល់ការផ្តល់ជាសេវាកម្មឌីជីថលទៀតផង។
ការទិញយកប្រព័ន្ធដឹកជញ្ជូននិងសន្តិសុខសកលរបស់ក្រុមហ៊ុន Thales (GTS) បានជួយពង្រីកទីផ្សាររបស់ក្រុមហ៊ុន Hitachi ទៅកាន់ប្រទេសបារាំង អាល្លឺម៉ង់ កាណាដា និងជាពិសេសពង្រឹងការបោះជំហានរបស់ខ្លួននៅក្នុងតំបន់អាស៊ី រួមទាំងប្រទេសសិង្ហបុរី និងម៉ាឡេស៊ីផងដែរ។ Marino បាននិយាយថា “ការបោះជំហានចូលទៅក្នុងទីផ្សារអាស៊ីប៉ាស៊ីហ្វិករបស់យើង បន្ទាប់ពីការធ្វើសមាហរណកម្មជាមួយនឹងប្រព័ន្ធថ្មីដែលទើបនឹងទិញយកបានពី GTS គឺជារឿងសំខាន់ខ្លាំងណាស់” ។ សមាហរណកម្មនេះ បានធ្វើឱ្យក្រុមហ៊ុនសម្រេចបន្ថែមបុគ្គលិកប្រហែល ១៦០ នាក់នៅក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដើម្បីពង្រឹងយុទ្ធសាស្រ្តរបស់ក្រុមហ៊ុននៅក្នុងតំបន់។
ការបង្កើត GTS តាមរយៈការរួមបញ្ចូលគ្នានៃក្រុមហ៊ុនបារាំង អាឡឺម៉ង់ និងកាណាដា បានប្រែក្លាយក្រុមហ៊ុន Hitachi ឱ្យឡើងឋានៈជាក្រុមហ៊ុនឈានមុខគេ ចំពេលកំពុងមាននិន្នាការសមាហរណកម្មឧស្សាហកម្មផ្លូវដែកដែលកំពុងបន្តក្នុងពិភពលោកបច្ចុប្បន្ន។ ជាឧទាហរណ៍ ក្រុមហ៊ុន CRRC របស់ប្រទេសចិនដែលបង្កើតឡើងដោយការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនផលិតរថភ្លើងធំពីរ និងការទិញយកអង្គភាពផ្លូវដែក Bombardier របស់ក្រុមហ៊ុន Alstom បញ្ជាក់ពីនិន្នាការនេះ។
ក្រុមហ៊ុន Hitachi ប្រឈមមុខនឹងការប្រកួតប្រជែងពី CRRC ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលប្រទេសចិនបានបង្កើតគម្រោងផ្លូវដែកល្បឿនលឿននៅក្នុងប្រទេសឥណ្ឌូនេស៊ី និងកំពុងសាងសង់ផ្លូវដែកថ្មីមួយទៀតនៅក្នុងប្រទេសថៃ។ ក្រុមហ៊ុន CRRC ក៏កំពុងប្រជែងគ្នាផងដែរសម្រាប់ការតភ្ជាប់ផ្លូវដែកល្បឿនលឿនពីទីក្រុង Kuala Lumpur ទៅ Singapore ដែលជាគម្រោងដែលមិនទាន់មានការដេញថ្លៃពីប្រទេសជប៉ុននៅឡើយ។
ជាមួយគ្នានេះ លោក Marino ក៏បានបង្ហាញចំណាប់អារម្មណ៍លើទីផ្សារឥណ្ឌាដែលកំពុងរីកចម្រើនផងដែរ ដែលនាយករដ្ឋមន្ត្រី Narendra Modi កំពុងជំរុញគម្រោងរថភ្លើងល្បឿនលឿនដែលតភ្ជាប់ទីក្រុង Mumbai ទៅកាន់តំបន់ Ahmedabad ។ ជុំវិញគម្រោងថ្មីនេះ លោក Marino បានសម្តែងចំណាប់អារម្មណ៍ថា “ពួកយើងមានមហិច្ឆតាក្នុងការនាំយកបច្ចេកវិទ្យាជប៉ុន Shinkansen ទៅកាន់ប្រទេសឥណ្ឌា។”
នៅទ្វីបអឺរ៉ុប ក្រុមហ៊ុន Hitachi ចង់ជ្រៀតចូលប្រទេសអាល្លឺម៉ង់ ដែលជាទីផ្សារផ្លូវដែកដ៏ធំបំផុតរបស់ទ្វីបនេះ។ “យើងមិនមានភាគហ៊ុនវិលជុំនៅក្នុងប្រទេសអាឡឺម៉ង់ទេឥឡូវនេះ។ … មហិច្ឆតារបស់យើងឥឡូវនេះ គឺការមានវត្តមាននៅក្នុងប្រទេសអាល្លឺម៉ង់” Marino គូសបញ្ជាក់អំពីគោលបំណងយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Hitachi ។
តាមរយៈការប្រើប្រាស់យុទ្ធសាស្ត្រទិញយកក្រុមហ៊ុនផ្លូវដែកធំៗដើម្បីពង្រីកទីផ្សាររបស់ខ្លួនទាំងនេះ បង្ហាញឱ្យឃើញពីចក្ខុវិស័យវែងឆ្ងាយរបស់ក្រុមហ៊ុន Hitachi កំពុងមានគោលបំណងពង្រឹងជំហររបស់ខ្លួននៅក្នុងឧស្សាហកម្មផ្លូវដែកសកល ដែលចាប់ផ្តើមមានការប្រកួតប្រជែងខ្លាំងជាងមុន និងកំពុងមាននិន្នាការទៅរកការអភិវឌ្ឍគម្រោងផ្លូវដែកធំៗជាច្រើនជាបន្តបន្ទាប់ ក្នុងបណ្តាប្រទេសទីផ្សារសំខាន់ៗទូទាំងពិភពលោក៕
- Video Advertisement -