គម្រោងពង្រីកផ្លូវជាតិលេខ៧ ទៅជា៤គន្លង (ពីរង្វង់មូលស្គន់ ដល់ គល់ស្ពានគីហ្សូណា)សម្រេចបាន៦០%
គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៥នេះ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ (ពីរង្វង់មូលស្គន់ ដល់ គល់ស្ពានគីហ្សូណា)ដែលជាចំណងដៃប្រវត្តិសាស្ត្រថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ជូនចំពោះប្រជាពលរដ្ឋខេត្តកំពង់ចាម សម្រេចបានជាង ៦០% ហើយ ។
នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពការដ្ឋានផ្ទាល់ ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងភាគីពាក់ព័ន្ធ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។
នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានឱ្យដឹងថា គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ ពី២គន្លង ទៅជា៤គន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម កំពុងមានវឌ្ឍនភាពតាមការគ្រោងទុក ប្រកបដោយស្តង់ដារ។
ឯកឧត្តមបន្តថា គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៥នេះ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង(ពីរង្វង់មូលស្គន់ ដល់ គល់ស្ពានគីហ្សូណា) មានប្រវែង ៤៥,៥០៤ គីឡូម៉ែត្រ (PK000+000-PK45+502.84) ដែលចាប់ផ្តើមពីស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់ ក្រុងកំពង់ចាម សម្រេចលទ្ធផលបានប្រមាណជាង ៦០% ហើយ។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានស្នើឱ្យក្រុមការងារខេត្ត និងមន្ទីរសាធារណការខេត្ត ធ្វើការជាប្រចាំ ជាមួយក្រុមការងារពាក់ព័ន្ធ ក្នុងការពិនិត្យ តាមដានការរដ្ឋានខាងលើឱ្យមានគុណភាពខ្ពស់ ដើម្បីប្រើប្រាស់បានគង់វង្សយូរអង្វែង។
គួររំលឹកថា កាលពីខែមករា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានបើកការដ្ឋានសាងសង់ ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរវង្វង់មូលស្គន់ ស្រុកជើងព្រៃ ទៅទីរួមខេត្តកំពង់ចាម ក្នុងតម្លៃ ១១៧លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន។ (អានបន្ថែម)
ការពង្រីកផ្លូវជាតិលេខ៧នេះ ត្រូវបានគេរំពឹងថាមិនត្រឹមតែធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់ ផ្តល់ផលប្រយោជន៍ដល់ប្រជាជនក្នុងតំបន់តាមមធ្យោបាយផ្សេងៗ។
- Video Advertisement -