គម្រោងសង់ផ្លូវរថភ្លើងធុនស្រាលនៅសៀមរាប ឈានដល់ការសិក្សាពីផលប៉ះពាល់ផ្សេងៗមុនការសាងសង់
គម្រោងសាងសង់ផ្លូវរថភ្លើងធុនស្រាលពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មកក្រុងសៀមរាប ឈានដល់ដំណាក់កាលចុះសិក្សាប្រមូលព័ត៌មាន និងទិន្នន័យផលប៉ះពាល់ហើយ។ នេះបើតាមកិច្ចប្រជុំពិគ្រោះយោបល់រវាងអាជ្ញាធរខេត្តសៀមរាប និងក្រុមហ៊ុនចិន China Metro នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។
លោក ស៊ី សាវមីង វិស្វករជាន់ខ្ពស់ផ្នែកចលនាកម្មដងផ្លូវ បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវរថភ្លើងធុនស្រាលពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ចូលមកក្រុងសៀមរាប គឺមានពីរជម្រើស ដោយមួយស្ថិតនៅលើផ្លូវចាស់ និងមួយទៀតត្រូវបង្កើតនៅលើផ្លូវថ្មី។
លោកបានបន្តថា ក្រុមការងារបច្ចេកទេស បានកំពុងចុះមកធ្វើការសិក្សា ដើមី្បប្រមូលនូវទិន្នន័យលើរាល់ផលប៉ះពាល់ ហើយបើតាមការបង្ហាញនូវគំនូសប្លង់ផ្លូវរថភ្លើងនេះ ខាងក្រុមហ៊ុនចិន បានសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ ចូលរួមសហការក្នុងការប្រមូលព័ត៌មាន និងទិន្នន័យ ដោយហេតុថាផ្លូវរថភ្លើងនេះ នឹងត្រូវឆ្លងកាត់តំបន់អង្គរ និងអាចមានការប៉ះពាល់ដល់តំបន់បុរាណដ្ឋាន ឬតំបន់ដែលអាជ្ញាធរជាតិអប្សរាបានហាមឃាត់។
ទន្ទឹមនឹងនេះដែរ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងដែរថា ការពិភាក្សានេះ នៅមិនទាន់បានលទ្ធផលនៅឡើយ ដោយសារគំនូសប្លង់នៅមិនទាន់បង្ហាញជាក់លាក់ថា នឹងត្រូវឆ្លងកាត់តំបន់អង្គរនៅចំណុចណានោះទេ។
បន្ថែមពីនេះ លោកអភិបាលរងខេត្ត បានណែនាំឱ្យក្រុមហ៊ុនរៀបចំប្លង់ឱ្យបានជាក់លាក់ ហើយក្រោយពេលទទួលបានគំនូសនៃប្លង់ផ្លូវជាក់លាក់ពីក្រុមហ៊ុនហើយ នោះអាជ្ញារធរខេត្ត នឹងជម្រុញដល់មន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធ ធ្វើការប្រមូលព័ត៌មាន និងទិន្នន័យដែលជាធាតុផំ្សបញ្ចូលរបស់គម្រោង ទៅតាមការចង់បានរបស់ក្រុមហ៊ុន។
ក្រៅពីខេត្តសៀមរាប ក្រុមហ៊ុនចិន China Metro ក៏គ្រោងនឹងធ្វើការសិក្សាពីគម្រោងផ្លូវរថភ្លើងល្បឿនលឿនធុនស្រាលចំនួន ០២ទៀត ក្នុងរាជធានីភ្នំពេញផងដែរ។ (អានបន្ថែម)
គួររំលឹកថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) នឹងដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នេះហើយ ខណៈការហោះហើរសាកល្បងប្រព្រឹត្តទៅបានយ៉ាងរលូន។ (អានបន្ថែម)
- Video Advertisement -