ចិនជះលុយ $៤៧ពាន់លាន ផលិតបន្ទះឈីបនិងបច្ចេកវិទ្យា AI ក្នុងស្រុក ដើម្បីទប់ការរឹតបន្តឹងរបស់អាមេរិក
រដ្ឋាភិបាលចិនជះលុយប្រមាណ ៣៤៤ ពាន់លានយន់ (៤៧ ពាន់លានដុល្លារ) គាំទ្រមូលនិធិទ្រទ្រង់ផលិតផលបន្ទះឈីប semiconductor ថ្មីមួយ ក្នុងគោលបំណងជំរុញការផលិតបន្ទះឈីបក្នុងស្រុក និងជាវិធានការឆ្លើយតបនឹងការរឹតបន្តឹងរបស់សហរដ្ឋអាមេរិកលើការនាំចូលបច្ចេកវិទ្យាទំនើបពីប្រទេសចិន នេះបើយោងតាមប្រភពពី Asia.nikkei, ចុះថ្ងៃទី ២៧ ឧសភា ២០២៤។
ការវិនិយោគដ៏ច្រើនសន្ធឹកនេះ ត្រូវបានគេស្គាល់ថាជាមូលនិធិវិនិយោគឧស្សាហកម្មបន្ទះឈីបសៀគ្វីរួមបញ្ចូលគ្នារបស់ប្រទេសចិនដំណាក់កាលទី III (មូលនិធិធំដំណាក់កាលទី III) គឺជាការដំឡើងចុងក្រោយបំផុត និងធំបំផុតនៅក្នុងគំនិតផ្តួចផ្តើមជាបន្តបន្ទាប់ដែលត្រូវបានរៀបចំឡើង ដើម្បីជំរុញការអនុវត្តគោលការណ៍ “ភាពគ្រប់គ្រាន់ដោយខ្លួនឯង = Self-Sufficiency” របស់ប្រទេសចិននៅក្នុងវិស័យបច្ចេកវិទ្យាបន្ទះឈីប។
មូលនិធិធំដំណាក់កាលទី ៣ គឺជាការដកលុយចំណាយពីថវិកាជាតិដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចក្នុងស្រុកទ្រង់ទ្រាយធំ ដែលមានទំហំច្រើនលើសដំណាក់មុនៗទាំងអស់។ បង្កើតឡើងក្នុងឆ្នាំ ២០១៤ មូលនិធិធំដំណាក់កាលទី១ បានចាប់ផ្តើមជាមួយនឹងការវិនិយោគប្រមាណ $២០ពាន់លានដុល្លារ បន្ទាប់មកដំណាក់កាលទី ២ ក្នុងឆ្នាំ ២០១៩ ជាមួយនឹងទំហំថវិកាប្រមាណ $២៨,៦ពាន់លាន។ ការកើនឡើងយ៉ាងសំខាន់ក្នុងការផ្តល់មូលនិធិនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការសម្រេចបាននូវភាពលេចធ្លោក្នុងស្រុកនៅក្នុងការផលិតបន្ទះឈីបដោយខ្លួនឯង។
រដ្ឋាភិបាលចិនដែលទទួលស្គាល់សារៈសំខាន់ជាយុទ្ធសាស្រ្តនៃបច្ចេកវិទ្យាបន្ទះឈីប កំពុងដើរតួនាទីឈានមុខគេនៅក្នុងគំនិតផ្តួចផ្តើមនេះ។ ក្រសួងហិរញ្ញវត្ថុកាន់កាប់ភាគហ៊ុន ១៧% យ៉ាងសំខាន់នៅក្នុងមូលនិធិនេះ ខណៈដែលសាខារបស់ធនាគារអភិវឌ្ឍន៍ជាតិគ្រប់គ្រងដោយរដ្ឋចូលរួមចំណែកបន្ថែម ១០% ។ អាជ្ញាធរមូលដ្ឋានក៏ចូលរួមដែរ ដោយមានក្រុមហ៊ុនវិនិយោគបន្តពីរដ្ឋាភិបាលក្រុងសៀងហៃ មានភាគហ៊ុន ៩% រួមជាមួយសហគ្រាសរដ្ឋផ្សេងទៀត។
ខណៈពេលដែលគោលដៅវិនិយោគជាក់លាក់សម្រាប់មូលនិធិដ៏ធំនេះ នៅតែមិនត្រូវបានបង្ហាញនៅឡើយ អ្នកជំនាញរំពឹងថា នឹងផ្តោតលើផ្នែកសំខាន់ៗចំនួនពីរ៖ ឧបករណ៍អេឡិចត្រូនិកដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់កម្មវិធីបញ្ញាសិប្បនិមិត្ត (AI) និងឧបករណ៍ផលិតកម្មសំខាន់ៗដែលត្រូវការសម្រាប់ការផលិតបន្ទះឈីប។ សហរដ្ឋអាមេរិកបានដាក់ការត្រួតពិនិត្យការនាំចេញយ៉ាងតឹងរ៉ឹងលើវិស័យទាំងនេះ ក្នុងគោលបំណងកំណត់សមត្ថភាពរបស់ប្រទេសចិនក្នុងការអភិវឌ្ឍន៍ និងផលិតបន្ទះឈីប AI ទំនើប។
ដើម្បីឆ្លើយតបទៅនឹងការរឹតបន្តឹងទាំងនេះ មូលនិធិធំដំណាក់កាលទី ៣ ត្រូវបានគេរំពឹងថាមិនត្រឹមតែផ្តល់ហិរញ្ញវត្ថុដោយផ្ទាល់ដល់ការស្រាវជ្រាវ និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ដើម្បីបង្កើនសមត្ថភាព AI ដោយប្រើបច្ចេកវិទ្យាដែលមានស្រាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រជាយុទ្ធសាស្រ្តជំនួស សម្រាប់ជាជម្រើសក្នុងស្រុកផងដែរ។ ម្យ៉ាងទៀត មូលនិធិនេះ នឹងផ្តល់ហិរញ្ញប្បទានដ៏សំខាន់ដល់ក្រុមហ៊ុននានាដែលផលិតស៊ីលីកុន wafers (silicon wafers) សារធាតុគីមី និងឧស្សាហកម្មឧស្ម័នរបស់ចិន ដែលបច្ចុប្បន្នគ្រប់គ្រងដោយអ្នកផ្គត់ផ្គង់អន្តរជាតិ។ ការផ្លាស់ប្តូរយុទ្ធសាស្រ្តនេះ មានគោលបំណងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនូវក្រុមហ៊ុនផលិតផលបន្ទះឈីបរបស់ចិន ឱ្យឡើងទៅកាន់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុកឱ្យបានពេញលេញ និងកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក និងប្រភពបរទេសផ្សេងទៀត។
ការចាប់ផ្តើមនៃមូលនិធិធំដំណាក់កាលទី ៣ ផ្អែកលើគំនិតផ្តួចផ្តើម “Made in China ២០២៥” របស់ប្រទេសចិន ដែលជាផែនការអភិវឌ្ឍន៍ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ដែលបានបង្ហាញទុកជាមុនកាលក្នុងឆ្នាំ ២០១៥ មកម្ល៉េះ។ ថែមពីលើនេះ ការវិនិយោគដ៏ច្រើននេះ បង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសចិនក្នុងការសម្រេចបាននូវភាពគ្រប់គ្រាន់ដោយខ្លួនឯងនៅក្នុងបច្ចេកវិទ្យាបន្ទះឈីប ដែលជាវិស័យមួយ ត្រូវបានគេចាត់ទុកថាមានសារៈសំខាន់សម្រាប់សន្តិសុខជាតិ និងកំណើនសេដ្ឋកិច្ច៕
- Video Advertisement -