ត្រឹមខែមករា ២០២៤ អាជ្ញាធរខេត្តកំពង់ស្ពឺចុះបញ្ជីដីធ្លីជូនពលរដ្ឋបានជិត១០០០ភូមិ គ្រោងបញ្ចប់ចុង២០២៥

គិតត្រឹមថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ និងក្រុមការងារបានចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានចំនួនសរុប ៩៩៨ភូមិ ក្នុងឃុំ-សង្កាត់ចំនួន៦៤ ក្នុងក្រុង-ស្រុកចំនួន០៩ ដោយវាស់វែងបានចំនួន ៥៧៩.៧៦៤ក្បាលដី បញ្ចូលទិន្នន័យបានចំនួន ៥២២.៦៣៧ ក្បាលដី គូសក្បាលដីបានចំនួន ៥៧១.៤៤១ និងចុះហត្ថលេខាប័ណ្ណចំនួន ៤២៦.៥៨៣។

គួរបញ្ជាក់ថា ថ្មីៗនេះដែរ ទើបតែមានការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន១.៧៧២ក្បាលដី ជូនពលរដ្ឋក្នុងស្រុកគងពិសី ដោយពិធីនេះត្រូវបានអញ្ជើញចូលរួមដោយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១២ មករា ២០២៤។

​​នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា នេះជាគម្រប់៤០ឆ្នាំនៃការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ហើយការវាស់វែងដីចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនេះ មានន័យថាបានបញ្ចប់វិវាទ និងទំនាស់ក្នុងមូលដ្ឋាន ថែមទាំងបំពេញតម្រូវការចាំបាច់សម្រាប់ប្រើប្រាស់របស់បងប្អូនតាមផ្លូវច្បាប់ផងដែរ។

ឯកឧត្តមបានបន្ថែម រាល់ការគ្រប់គ្រង និងការធ្វើទំនើបកម្មនគរូបនីយកម្ម គឺជាមុំមួយនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដោយបន្តដំណើរការកែទម្រង់ដីធ្លី ជំរុញការចុះបញ្ជី និងការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍវិស័យដីធ្លីឱ្យបានត្រឹមត្រូវ កាត់បន្ថយវិវាទឱ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងអំពីដំណើរការនៃការកែទម្រង់ដីធ្លី ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជំរុញ និងកំណត់គោលដៅជាយុទ្ធសាស្រ្តក្នុងការចុះបញ្ជីដីធ្លីឱ្យបានរួចរាល់នៅចុងឆ្នាំ២០២៥។

គួររំលឹកថា បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺមានមន្ត្រីក្រុមការងារចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ មានចំនួនសរុប ២១ក្រុម ស្មើនឹង៥១២នាក់ សម្រាប់ទទួលខុសត្រូវធ្វើការងារនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]