ត្រឹមខែមេសា-២០២៤ អាជ្ញាធរខេត្តកោះកុងវាស់វែងដីជូនពលរដ្ឋបានជិត ៦ម៉ឺនក្បាលដី

គិតត្រឹមខែ មេសា ឆ្នាំ២០២៤ នេះ ជាលទ្ធផលសកម្មភាពវាស់វែងក្បាលដីនៅទូទាំងខេត្តកោះកុង សម្រេចបានចំនួន ៥៩.៤០០ក្បាលដី ខណៈអាជ្ញាធរខេត្ត ប្តេជ្ញាជំរុញការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យបានចប់សព្វគ្រប់នៅឆ្នាំ២០២៥ ខាងមុខនេះផងដែរ។

នេះបើយោងតាមប្រសាសន៍របស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ក្នុងកិច្ចប្រជុំជំរុញការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធភូមិសាស្ត្រខេត្តកោះកុង កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤​ ក្រោមវត្តមានឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។

នាឱកាសនោះ លោកជំទាវ មិថុនា ភូថង បានឱ្យដឹងថា តាមរយៈមន្ទីររៀបចំដែនដីខេត្តកោះកុង គិតត្រឹមខែមេសា ឆ្នាំ២០២៤ នេះ ជាលទ្ធផលសម្រេចបានលើការវាស់វែងក្បាលដីជូនប្រជាពលរដ្ឋបានចំនួន ៥៩.៤០០ក្បាលដី, បានប្រកាសតំបន់វិនិច្ឆ័យចំនួន ៦៥ភូមិ ស្មើនឹង ០៣សង្កាត់ ២១ឃុំ ១ក្រុង ៦ស្រុក,បានបិទផ្សាយចប់ចំនួន ៥១,៧៥៦ក្បាលដី ចេញបណ្ណចំនួន ៣០.២៦០បណ្ណ និងចែកបណ្ណដល់ប្រជាពលរដ្ឋចំនួន ២៥.៤២៦បណ្ណ។

លោកជំទាវបានបន្ថែមថា រដ្ឋបាលខេត្ត ក៏បានបន្តខិតខំលើការងារដោះស្រាយវិវាទដីធ្លីនិងការងារលំនៅដ្ឋានឆ្ពោះទៅការរៀបចំទីប្រជុំជនខេត្ត ក្រុង ស្រុក ការងារសម្បទានដីសង្គមកិច្ច ឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិបច្ចេកទេស និងស្តង់ដារសំណង់ ដើម្បីធានាឱ្យបាននូវគុណភាព សុវត្ថិភាព និងរបៀបរៀបរយឱ្យបានល្អប្រសើរផងដែរ។

គួរបញ្ជាក់ដែរថា បើតាមរដ្ឋបាលខេត្ត បច្ចុប្បន្ននេះខេត្តកោះកុងនៅមានក្បាលដីប៉ាន់ស្មានសរុបចំនួន ៥៦.៦៨២ក្បាលដី ក្នុងភូមិចំនួន៦១ ឃុំចំនួន១៧ និងស្រុកចំនួន៦ ដែលកំពុងបន្តចុះបញ្ជីដីធ្លីឱ្យបានរួចរាល់សម្រេចតាមផែនការរបស់ក្រសួងរៀបចំដែនដី ក្នុងការជំរុញចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងឆ្នាំ២០២៤នេះ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៥ ខាងមុខ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]