ថៃស្នើជួបកម្ពុជាដើម្បីពិភាក្សាបញ្ហាធនធានធម្មជាតិនៅតំបន់ព្រំដែនសមុទ្រត្រួតស៊ីគ្នា នៅដើមខែកុម្ភៈ
ភាគីប្រទេសថៃ គ្រោងនឹងចាប់ផ្តើមការពិភាក្សាគ្នាជាមួយកម្ពុជា នៅថ្ងៃទី ០៧ ខែកុម្ភៈនេះ ដើម្បីដោះស្រាយការទាមទារតំបន់ព្រំដែនត្រួតស៊ីគ្នានៅឈូងសមុទ្រថៃ។ តំបន់ព្រំដែនត្រួតស៊ីគ្នា ដែលមានទំហំ ២៦.000 គីឡូម៉ែត្រការ៉េនេះ ត្រូវបានគេដឹងថាសម្បូរធនធានថាមពលដ៏ច្រើនសន្ធឹកសន្ទាប់ និងជាចំណុចនៃជម្លោះព្រំដែនទឹកមិនដាច់ស្រេចរវាងប្រទេសទាំងពីរអស់កាលជាយូរមកហើយ។ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាគ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសថៃសម្រាប់កិច្ចពិភាក្សាសំខាន់នេះ នេះបើយោងតាមការចុះផ្សាយរបស់សារៈព័ត៌មានថៃ Pattayamail កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Parnpree Bahiddha-Nukara បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចពិភាក្សានាពេលខាងមុខនេះថា “លទ្ធផល (នៃកិច្ចពិភាក្សានេះ) នឹងកំណត់ពីសកម្មភាពរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ។”
ចំណែកឯលោក Pichai Naripthaphan ទីប្រឹក្សានាយករដ្ឋមន្ត្រីថៃ បានបង្ហើបឱ្យដឹងថា “ការផ្តោតសំខាន់នៃកិច្ចពិភាក្សានេះ គឺផ្តោតលើការប្រើប្រាស់ធនធានថាមពលរួមគ្នា ជាជាងការពិភាក្សាអំពីជម្លោះព្រំដែនសមុទ្រ។”
ភាពបន្ទាន់នៃការពិភាក្សាទាំងនេះ កើតឡើងដោយពេលវេលានេះ ជាពេលដែលមានតម្រូវ ការរុករក និងខួងយកធនធានថាមពល ដែលប៉ាន់ស្មានថាមានចន្លោះពី ២ ទៅ ៧ ឆ្នាំ។ ប្រទេសថៃដែលកំពុងមានប្រៀបស្រាប់លើការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធឧស្ម័នធម្មជាតិដែលមានស្រាប់របស់ខ្លួន មានបំណងចង់បញ្ចប់កិច្ចពិភាក្សានេះ មុនពេលអាណត្តិរបស់រដ្ឋាភិបាលបច្ចុប្បន្នបញ្ចប់ ដោយស្របតាមការព្រមព្រៀងរបស់កម្ពុជា និងដើម្បីផលប្រយោជន៍រវាងគ្នានិងគ្នាទៅវិញទៅមក។
ថ្វីត្បិតតែអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០០១ រវាងប្រទេសទាំងពីរ ពិតជាបានគូសកំណត់ទុកអំពីចក្ខុវិស័យនៃការអភិវឌ្ឍរួមគ្នានៅក្នុងផ្នែកខ្លះនៃតំបន់ទាមទារត្រួតស៊ីគ្នា (OCA)នេះ និងការកំណត់ព្រំដែនសមុទ្រមែនក៏ដោយ ក៏ប៉ុន្តែវឌ្ឍនភាពបន្តកិច្ចការនេះ កន្លងមកត្រូវបានរារាំងដោយជម្លោះលើព្រំដែនសមុទ្រមិនដាច់ស្រេចរវាងប្រទេសទាំងពីរ។
ជុំវិញបញ្ហានេះ អ្នកជំនាញណែនាំឱ្យប្រើវិធីសាស្រ្តជាក់ស្តែង ដោយសង្កត់ធ្ងន់លើការអភិវឌ្ឍរួមគ្នានៃធនធានថាមពល ដើម្បីកាត់បន្ថយការពឹងផ្អែកលើឧស្ម័នធម្មជាតិរាវដែលបាននាំចូល។ សំណើនេះ រួមមានការទុកជម្លោះដែនសមុទ្រមួយឡែកជាបណ្ដោះអាសន្នដើម្បីជំរុញទំនាក់ទំនងទ្វេភាគីដ៏ស្និទ្ធស្នាលជាងមុនសម្រាប់លទ្ធផលទាញយកធនធានធម្មជាតិមកប្រើប្រាស់ជាប្រយោជន៍ទាំងអស់គ្នា។ ជាការឆ្លើយតប រដ្ឋាភិបាលថៃកំពុងពិចារណាលើការបង្កើតគណៈកម្មាធិការបច្ចេកទេសរួមថ្មីមួយ ដើម្បីសម្រួលដល់កិច្ចពិភាក្សាទាំងនេះ៕ (អានបន្ថែម)
- Video Advertisement -