បច្ចុប្បន្នកម្ពុជាមានតំបន់ដីសើមប្រមាណ ៣០% នៃផ្ទៃដីសរុប សម្រាប់ជាជម្រកសត្វស្លាបទេសន្តរប្រវេសន៍

បច្ចុប្បន្នកម្ពុជា មានតំបន់ដីសើមគ្រប់ដណ្តប់ប្រមាណ ៣០% នៃផ្ទៃដីសរុប ហើយតំបន់នេះបានក្លាយជាទីកន្លែងដ៏សំខាន់សម្រាប់ការរស់នៅរបស់សត្វស្លាប។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងឱកាសទិវាសត្វស្លាបទេសន្តរប្រវេសន៍ ឆ្នាំ២០២៤ ដែលប្រារព្ធឡើងនៅទូទាំងសាកលលោក ដោយចាប់ផ្ដើមពីសប្ដាហ៍ទី២ ខែឧសភា ឆ្នាំ២០២៤នេះ។

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ឆ្នាំនេះ ទិវាសត្វស្លាបទេសន្តរប្រវេសន៍ ផ្តោតលើសារៈសំខាន់សត្វល្អិត ដែលជាចំណីអាហារដ៏សំខាន់របស់ពពួកសត្វស្លាបទេសន្តរប្រវេសន៍។ ឯកឧត្តមបន្តថា កម្ពុជាមានតំបន់ដីសើមគ្រប់ដណ្តប់ប្រមាណ៣០% នៃផ្ទៃប្រទេស ឬស្មើប្រមាណជាង៥លានហិកតា។

លោកបន្តថា តំបន់ ដីសើមដ៏ធំល្វឹងល្វើយនេះ គឺជាកន្លែងដ៏សំខាន់សម្រាប់រស់នៅ ស្នាក់អាស្រ័យរកចំណីយ៉ាងសំខាន់សម្រាប់ សត្វស្លាបទេសន្តរប្រវេសន៍ និងជាប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែប ដែលទ្រទ្រង់ សោភ័ណភាពធម្មជាតិ បរិស្ថាន ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម វប្បធម៌ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅជនបទ។

លើសពីនេះ ឯកឧត្តមបានបន្ថែមថា តំបន់ដីសើមទឹកសាប និងឆ្នេរសមុទ្រ ទន្លេ បឹង អូរ វាលស្មៅ វាលភក់ ត្រពាំង និងស្រះ ជាដើម សុទ្ធតែមានសារៈសំខាន់សម្រាប់ការរស់នៅ រកចំណី ធ្វើសំបុកពងកូន និងក៏ជាកន្លែងសម្រាប់សម្រាក និងបំពេញថាមពលឡើងវិញ ក្នុងអំឡុងពេលធ្វើដំណើរដ៏វែងឆ្ងាយ របស់សត្វស្លាបទេសសន្តរប្រវេសន៍នេះ។

បើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន អះអាងថា ដើម្បីជំរុញការអភិរក្សសត្វស្លាបទេសសន្តរប្រវេសន៍ ក្រសួង បាននិងកំពុងបន្តសហការជាមួយភាគីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតលើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបរាល់សកម្មភាពល្មើសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ជាពិសេសការជំរុញ ការដាំស្តារព្រៃឈើ ដែលជាទិសដៅអាទិភាព បង្កើនគម្របព្រៃឈើឱ្យបាន៦០% នៅឆ្នាំ២០៥០៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]