បូរីខុនដូរីកដូចផ្សិត តែហេតុអ្វីប្រជាជនភាគច្រើនគ្មានផ្ទះនៅ?គួរដោះស្រាយបញ្ហានេះដូចម្ដេច?
បើយោងតាមទិន្នន័យរបស់ CBRE Cambodia គិតចុងត្រឹមឆ្នាំ ២០២០ ខុនដូជាង ២៥ ០០០ យូនីត ត្រូវបានផ្គត់ផ្គង់នៅក្នុងទីផ្សារ ហើយរំពឹងថានឹងកើនឡើងដល់ ៣៨ ០០០ យូនីតក្នុងឆ្នាំ ២០២១។ លើសពីនេះ ទិន្នន័យរបស់ Knight Frank Cambodia បានឱ្យដឹងថាត្រឹមចុងឆ្នាំ ២០១៩ ផ្ទះក្នុងបូរីសរុបជាង ៥៥ ០០០ ខ្នងត្រូវបានដាក់លក់ក្នុងទីផ្សារ ហើយ ២២ ០០០ ខ្នងទៀត រំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២២។
ប៉ុន្តែបើក្រឡេកមើលទៅស្ថានភាពប្រជាជនវិញ បើយោងតាមទិន្នន័យរបស់ The Borgen Project ប្រជាជនកម្ពុជាយ៉ាងហោច ១០ លាននាក់មិនមានផ្ទះសម្បែងសមរម្យស្នាក់នៅ។ លើសពីនេះ ១ ភាគ ៥ នៃប្រជាជនក្នុងក្រុងភ្នំពេញ កំពុងរស់នៅក្នុងសំណង់អនាធិបតេយ្យ នេះបើយោងតាមទិន្នន័យរបស់អង្គការ Habitat for Humanity។ សំខាន់ជាងនេះទៅទៀត ប្រជាជនក្នុងទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ន មានដល់ជិត ២ លាននាក់ ហើយរំពឹងថានឹងកើនឡើងដល់ ៣.៥ លាននាក់ នៅឆ្នាំ ២០៣០។
តើអ្នកឆ្ងល់ទេថាហេតុអ្វីបានជាគម្រោងបូរី ខុនដូ រីកដូចផ្សិត តែប្រជាជនភាគច្រើនគ្មានផ្ទះសម្បែងរស់នៅទៅវិញ? ហើយជាពិសេសគួរដោះស្រាយបញ្ហានេះដូចម្ដេច?
លោក Eric Wong ដែលជាអ្នកជំនាញមានបទពិសោធន៍ក្នុងវិស័យអចលនទ្រព្យមួយរូបនៅកម្ពុជា បានឱ្យដឹងថា មូលហេតុចំបង និងសំខាន់បំផុតដែលបង្កឱ្យមានវិសមភាពនេះ គឺដោយសារចំណូលរបស់ប្រជាជនកម្ពុជានៅមានកម្រិតទាប ហើយប្រជាជនប្រភេទនេះគឺមានចំនួនច្រើន។
លោកបន្តថា មូលហេតុមួយនេះគឺពិបាកក្នុងការដោះស្រាយ ព្រោះចំណូលប្រជាជនគឺអាស្រ័យទៅលើកត្តាសេដ្ឋកិច្ច និងកត្តាសង្គមដទៃទៀត។ ទោះបីសង្កេតឃើញថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយ ចំណូលប្រជាជនកម្ពុជាកើនឡើងក្ដី តែក៏នៅមានកម្រិត ហើយមួយចំនួនធំៗ គឺខ្វះសមត្ថភាពក្នុងទិញផ្ទះ ក្នុងខុនដូដែលមានតម្លៃខ្ពស់។
ទន្ទឹមគ្នានេះ លោក ងួន ឆាយលាង នាយកប្រតិបត្តិក្រុមហ៊ុន Pointer បានយល់ឃើញថា បញ្ហាចំណូលរបស់ប្រជាជន ជាបញ្ហាមួយ។ តែបញ្ហាមួយទៀត គឺប្រជាជនដែលមានចំណូលសមល្មមអាចទិញផ្ទះបានហើយ តែសុំកម្ចីធនាគារមិនបាន។
លោកឆាយលាង បន្តថា ប្រព័ន្ធធនាគារនៅកម្ពុជា ទាក់ទងនឹងកម្ចីទិញផ្ទះ គឺនៅតឹងរឹងណាស់ បើធៀបនឹងប្រទេសជិតខាង ដែលមូលហេតុមួយទៀតដែលធ្វើឱ្យមនុស្សពិបាកទិញផ្ទះនៅ។
ទោះជាយ៉ាងណាក្ដី អ្នកជំនាញទាំង ២ ជឿជាក់ថា បញ្ហាគ្មានផ្ទះសម្បែងរស់នៅនេះ អាចដោះស្រាយបាន តែត្រូវមានការចូលរួមពីរដ្ឋាភិបាល និងវិស័យឯកជន។ ភាគីទាំង ២ ត្រូវរួមគ្នាសាងសង់គម្រោងលំនៅដ្ឋានតម្លៃសមរម្យឱ្យបានច្រើនជាងមុន ហើយលំនៅដ្ឋានទាំងនោះត្រូវបំពេញលក្ខខណ្ឌតាមតម្រូវការរបស់ប្រជាជនផងដែរ ពោលគឺ មិនមែនតម្លៃទាប ហើយពិបាករស់នៅទេ។
កន្លងមក ឃើញថាមានគម្រោងលំនៅដ្ឋានតម្លៃសមរម្យមួយចំនួនបានបង្ហាញខ្លួន ដូចជាគម្រោងលំនៅដ្ឋានតម្លៃសមរម្យរបស់ WorldBridge នៅភាគខាងត្បូងនៃភ្នំពេញ និងគម្រោង Arakawa នៅផ្លូវសហព័ន្ធរុស្សីជាដើម ដែលសុទ្ធសឹងតែជាការសហការរវាងឯកជន និងរដ្ឋ។
ប៉ុន្តែ អ្នកវិភាគជឿថា គួរតែមានគម្រោងបន្ថែមទៀត ជាពិសេសទីតាំងក្នុងក្រុង ហើយតម្លៃគួរតែទាបជាងនេះទៀត ព្រោះប្រជាជនភាគច្រើនគឺធ្វើការនៅក្នុងក្រុង។ ហើយអ្នកជំនាញក៏បានណែនាំចំណុច៣ សំខាន់ៗ ដែលអាចជួយជម្រុញគម្រោងទាំងនេះ ឱ្យក្លាយជាការពិត។
ជម្រើសទី ១ រដ្ឋាភិបាលគួរផ្ដល់ដី ដែលមានទីតាំងក្នុង ឬជាយក្រុង ដល់ឯកជនដើម្បីជួយអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យ។ បើកាត់ចំណាយថ្លៃដីបាន តម្លៃផ្ទះគឺនឹងធ្លាក់ទាបបានមួយកម្រិតធំ។
ជម្រើសទី ២ រដ្ឋាភិបាលអាចជួយផ្គត់ផ្គង់ជាសម្ភារៈសំណង់ ឬកម្លាំងពលករ ដល់អ្នកអភិវឌ្ឍ៍។
ជម្រើសទី ៣ ការមិនយកពន្ធលើសម្ភារៈសំណង់ និងពន្ធផ្សេងៗ របស់អ្នកអភិវឌ្ឍន៍។ ហើយសំខាន់ជាងនេះទៅទៀត គឺការមិនយកពន្ធក្នុងការទិញអចលនទ្រព្យក្នុងតម្លៃទាប ដែលរដ្ឋាភិបាលកំពុងធ្វើនានពេលបច្ចុប្បន្ន។
ជាសរុប បញ្ហាកង្វះលំនៅដ្ឋានគឺអាចដោះស្រាយបាន តែត្រូវការពេលវេលា និងការជ្រុមជ្រែងពីរដ្ឋាភិបាល។ តួយ៉ាងដូចជា ប្រទេសផ្សេងៗ រដ្ឋាភិបាលបានដាក់ចេញនូវគម្រោងលំនៅដ្ឋានសាធារណៈជាដើម។
លើសពីនេះ ទីក្រុងភ្នំពេញក៏ត្រូវមានផ្លូវ និងប្រព័ន្ធដឹកជញ្ជូនដែលប្រទាក់ក្រឡាគ្នាទៅកាន់ជាយក្រុង ឬទីតាំងលំនៅដ្ឋានតម្លៃសមរម្យទាំងនោះផងដែរ ដើម្បីឱ្យអ្នកទិញងាយស្រួសក្នុងការទៅមក។
- Video Advertisement -