យូនីសេហ្វ និងចិន រួមគ្នាជួយបច្ចេកវិទ្យាបន្សុទ្ធទឹកនៅកម្ពុជា ដើម្បីកាត់បន្ថយកង្វះទឹកស្អាត និងអនាម័យ
អង្គការយូនីសេហ្វប្រចាំកម្ពុជា និងចិន កំពុងសិក្សាពិនិត្យលទ្ធភាពដាក់បច្ចេកវិទ្យាមកពីប្រទេសចិន ក្នុងការបន្សុទ្ធទឹកនៅកម្ពុជា ដើម្បីជួយកាត់បន្ថយកង្វះទឹកស្អាត និងអនាម័យ ជាពិសេសទប់ស្កាត់ជំងឺដែលបង្កឡើងដោយភ្នាក់ងារចម្លងរោគ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់យូនីសេហ្វ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។
គម្រោងនេះ គឺទទួលបានការសហការជាមួយក្រសួងកសិកម្ម និងកិច្ចការជនបទ និងក្រសួងធនធានទឹកនៃសាធារណរដ្ឋប្រជាមានិតចិន ដែលកំពុងតែអភិវឌ្ឍកម្មវិធីបច្ចេកវិទ្យាទឹកស្អាតនិងអនាម័យដ៏ទូលំទូលាយមួយ ដែលបង្ហាញពីដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលមានភាពធន់នឹងអាកាសធាតុ និងសន្សំសំចៃថាមពល។
បន្ថែមពីនេះ គម្រោងនេះផងដែរ មានគោលដៅប្រើប្រាស់ជំនាញបច្ចេកទេសរបស់សាធារណរដ្ឋប្រជាមានិតចិន លើការផ្គត់ផ្គង់ទឹកដែលប្រើថាមពលពន្លឺព្រះអាទិត្យ ការបន្សុទ្ធទឹក និងប្រព្រឹត្តកម្មសំណល់លាមកនៅក្នុងតំបន់ទីប្រជុំជន និងជនបទ ដើម្បីជួយកំណត់ពីចំណុចខ្វះខាតផ្នែកបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ។
លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា “ការប្រែប្រួលអាកាសធាតុ គឺជាវិបត្តិសិទ្ធិកុមារមួយ ។ សន្ទស្សន៍ហានិភ័យអាកាសធាតុចំពោះកុមារ (Children’s Climate Risk Index) បានចាត់ថ្នាក់កម្ពុជាជាប្រទេសទីបីក្នុងចំណោមប្រទេសនានាដែលប្រឈមមុខនឹងហានិភ័យខ្ពស់ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ។ កុមារទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីការខ្វះខាតទឹក ទឹកជំនន់តាមដងទន្លេ និងជំងឺដែលបង្កឡើងដោយភ្នាក់ងារចម្លងរោគ ក្នុងចំណោមភាពតានតឹងផ្នែកអាកាសធាតុ និងបរិស្ថានផ្សេងៗទៀត។
សេចក្តីប្រកាសព័ត៌មាននេះ បានបន្ថែមឱ្យដឹងថា សេវាទឹកស្អាត និងអនាម័យ មានភាពងាយរងគ្រោះយ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុតាមរដូវកាល ដោយការទទួលបានទឹករបស់ប្រជាជននៅតាមជនបទពីរដូវវស្សាដល់រដូវប្រាំង មានការថយចុះចំនួន ២២ភាគរយ ប្រៀបធៀបនឹង ២ភាគរយនៅក្នុងតំបន់ទីប្រជុំជន។
ដោយឡែក ជាងមួយភាគបួននៃប្រជាជនកម្ពុជា ត្រូវបានគេប៉ាន់ស្មានថារងផលប៉ះពាល់ដោយបញ្ហាបរិស្ថានអនាម័យ រស់នៅក្នុងតំបន់ដែលប៉ះពាល់ដោយទឹកជំនន់ ទឹកក្រោមដីកម្រិតខ្ពស់ និងប្រឈមមុខនឹងឧបសគ្គផ្សេងៗទៀតក្នុងការទទួលបានអនាម័យប្រកបដោយប្រសិទ្ធភាព រួមទាំងការគ្រប់គ្រងសំណល់លាមកមិនបានត្រឹមត្រូវ។
ជាមួយនឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន គម្រោងនេះ ត្រូវបានគេមើលឃើញថា ជាគំរូដ៏ល្អមួយនៃរបៀបដែលយើងអាចដើរតួជាអ្នកសម្របសម្រួលសម្រាប់ការផ្លាស់ប្តូរចំណេះដឹង និងសហប្រតិបត្តិការបច្ចេកទេសក្នុងវិស័យទឹកស្អាត និងអនាម័យ អាកាសធាតុ និងបរិស្ថាន ដើម្បីជួយដោះស្រាយបញ្ហាប្រឈមរួម និងធ្ងន់ធ្ងរដែលប៉ះពាល់ដល់កុមារនៅទូទាំងសកលលោក។ នេះបើតាមការលើកឡើងរបស់លោក ណេណាដ រ៉ាដុនជិក (Nenad Radonjic) នាយកស្តីទីរបស់យូនីសេហ្វប្រចាំប្រទេសចិន។
- Video Advertisement -