រដ្ឋពង្រីកផ្ទៃដីដែនជម្រកសត្វព្រៃធំៗចំនួន២ ដើម្បីការពារសត្វព្រៃ និងធនធានធម្មជាតិ
រាជរដ្ឋាភិបាល បានសម្រេចកែប្រែដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងដែនជម្រកសត្វព្រៃនៅព្រៃឡង់ ដោយពង្រីកទំហំផ្ទៃដីបន្ថែមទៀត ដើម្បីថែរក្សាការពារសត្វព្រៃ និងធនធានធម្មជាតិ។ នេះបើតាមអនុក្រឹត្យលេខ ១៨១ អនក្រ.បក និងលេខ ១៩៤ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងនោះ រដ្ឋបានកែប្រែដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ពីផ្ទៃដីទំហំ ២៥៣.៧៥០ហិកតា មកផ្ទៃដីទំហំ ២៥៨.១៧២ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។
ផ្ទៃដីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខាងលើនេះ បានមកពីការបញ្ចូលផ្ទៃដីទំហំ ២៥៣.៧៥០ ដែលមានចែងក្នុងព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ស្តីពីការបង្កើតតំបន់ការពារធម្មជាតិ និងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ ដែលមានផ្ទៃដីទំហំ ៤.៤២២ហិកតា ដែលមានចែងក្នុងអនុក្រឹត្យលេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពី ការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។
ដោយឡែក រដ្ឋក៏បានសម្រេចកែប្រែដែនជម្រកសត្វព្រៃនៅព្រៃឡង់ ពីផ្ទៃដីទំហំ ៤៣១.៦៨៣ហិកតា មកផ្ទៃដីទំហំ៤៨៩.៦៦៣ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។
ផ្ទៃដីដែនជម្រកសត្វព្រៃនៅព្រៃឡង់នេះ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ៤៣១.៦៨៣ហិកតា ដែលមានចែងក្នុងអនុក្រឹត្យលេខ៧៤ អនក្រ.បក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការបង្កើតដែនជម្រកសត្វព្រៃនៅព្រៃឡង់ និងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះឧត្តរ ដែលមានផ្ទៃដីទំហំ៥៧.៩៨០ហិកតា ដូចមានចែងក្នុងអនុក្រឹត្យលេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។
គោលបំណងសំខាន់នៃកែប្រែនេះ គឺដើម្បីធានឱ្យមានការថែទាំទីជម្រកសត្វព្រៃ ប្រព័ន្ធអេកូឡូស៊ី និងរក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ។
ទន្ទឹមនឹងនេះដែរ ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ កែប្រែ និងគ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃទាំងពីរនេះ ដោយសហការជាមួយក្រសួង ស្ថាប័ន រួមទាំងរដ្ឋបាលពាក់ព័ន្ធ ដើម្បីធានាដល់ការគ្រប់គ្រងបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តភាព និងការរស់នៅដោយចីរភាព ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
- Video Advertisement -