រដ្ឋសម្រេចដកហូតដីជិត ៣ម៉ឺនហិកតា ពីពលរដ្ឋដែលបានទន្រ្ទានយ៉ាងអនាធិបតេយ្យ នៅស្ទឹងត្រែង

មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានជូនដំណឹងដល់ពលរដ្ឋដែលចូលមករំលោភ ទន្ទ្រាន និងបំពានកាន់កាប់ដី ២៨.៨៧២,៤២៧៧ហិកតា ដោយខុសច្បាប់នៅភូមិសាស្រ្តមួយចំនួននៅក្នុងខេត្តស្ទឹងត្រែង ដោយត្រូវរុះរើ និងចាកចេញពីទីតាំងនេះ យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤នេះ ជាកំហិត។

នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីវិធានការទប់ស្កាត់ និងដកហូតដីដែលជាកម្មសិទ្ធិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលត្រូវបានទន្ទ្រានយ៉ាងអនាធិបតេយ្យយកទៅធ្វើជាកម្មសិទ្ធិខុសច្បាប់ ដែលបានចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា ដីទាំងអស់ខាងលើ មានទីតាំងស្ថិតនៅក្នុងភូមិបានប៊ុង ភូមិភ្លុក នៃឃុំភ្លុក ស្រុកសេសាន និងមួយចំនួនទៀតនៅតំបន់អូរឃ្លៀង ស្ថិតក្នុងភូមិកញ្ចាញទឹក ភូមិកញ្ចាញគោក ភូមិសំរោង នៃឃុំស្រែសំបូរ ស្រុកសៀមប៉ាង និងភូមិឫទ្ធីសែនជ័យ១ ភូមិណាអូង នៃឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ប្រភពដដែល បានឱ្យដឹងទៀតថា​ ក្រសួងកសិកម្ម បានធ្វើការចុះបញ្ជីរួចហើយនៅដីទំហំ ១.៩១៤,២៣៦៧ហិកតា  ដែលមានប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់អចលនវត្ថុចំនួន ០៥ ក្បាលដី (ប្លង់រឹង) ចេញដោយមន្ទីររៀបចំដែនដីខេត្ត ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានទីតាំងស្ថិតនៅភូមិបានប៊ុង និងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង (តាមបណ្តោយផ្លូវចូលវារីអគ្គិសនីសេសានក្រោម២)។

រីឯមួយចំណែកទៀត ក្រសួងកសិកម្ម ក៏បានធ្វើការចុះបញ្ជីរួចហើយដែរ នៅដីទំហំ ២៦.៩៥៨,១៩១០ ហិកតា ដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុចំនួន ៣១ក្បាលដី (ប្លង់រឹង) ចេញដោយមន្ទីររៀបចំដែនដីខេត្ត នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ មានទីតាំងស្ថិតនៅភូមិកញ្ចាញទឹក ភូមិកញ្ចាញគោក និងភូមិសំរោង ឃុំស្រែសំបូរស្រុកសៀមប៉ាង និងភូមិណាអូង ភូមិឬទ្ធីសែនជ័យ១ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងផងដែរ។

មន្ទីកសិកម្មខេត្តស្ទឹងត្រែង បានបញ្ជាក់ទៀតថា កន្លងមក ក្នុងកំឡុងពេលមានការឆ្លងរាលដាលជម្ងឺកូវីដ១៩ មានក្រុមជនខិលខូច និងមេខ្យល់បានគៀងគរប្រជាពលរដ្ឋជាច្រើននាក់សម្រុកចូលមករំលោភទន្ទ្រានកាន់កាប់ដីដែលជាកម្មសិទ្ធិស្របច្បាប់របស់ក្រសួងកសិកម្មយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងអនាធិបតេយ្យដោយគ្មាន ញញើតច្បាប់បន្តិចសោះឡើយ។ ជាច្រើនលើកច្រើនសារ មន្ទីរកសិកម្មខេត្ត និងអាជ្ញាធរ បានចុះអប់រំណែនាំ និងធ្វើកិច្ចសន្យាជាបន្តបន្ទាប់ក៏បងប្អូននៅតែរឹងទទឹងមិនព្រមចាកចេញ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ មន្ទីរកសិកម្មខេត្តស្ទឹងត្រែង សូមដាក់ឱសានវាទជាលើកចុងក្រោយដល់អ្នកចូលមករំលោភ ទន្ទ្រាន និងបំពានកាន់កាប់ដី ដោយខុសច្បាប់ក្នុងភូមិសាស្ត្រខាងលើ ត្រូវរុះរើ និងចាកចេញពីទីតាំងនេះតាមការកំណត់ ជាកំហិត៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]