រដ្ឋអនុម័តសង់រោងចក្រថ្មី៧ តម្លៃជាង ២៤លានដុល្លារ នៅស្វាយរៀងនិងព្រះសីហនុ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួ៧ ដើម្បីបង្កើតរោងចក្រធំៗចំនួន៧ ក្រោមទុនវិនិយោគ ២៤,៣លានដុល្លារ ដែលនឹងបង្កើតការងារសរុបបាន ៣.៤៩១កន្លែង សម្រាប់ពលរដ្ឋរស់នៅក្នុងខេត្តស្វាយរៀង និងព្រះសីហនុ។
នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី២១ កញ្ញា ២០២៣។
ក្រុមហ៊ុនទាំង៧នោះរួមមានដូចខាងក្រោម៖
១- “WANGMAO (CAMBODIA) HOMEWARE CO., LTD.” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងបន្ទប់ទឹក និងគ្រឿងបង្គុំវាំងនន ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៦,២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៣៦៩កន្លែង។
២- “JUSHI (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រាប់ប្លាស្ទិក ខ្សែភ្លើង និងខ្សែកាប ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគចំនួន ៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៤៩កន្លែង។
៣- “STARBLAZE (CAMBODIA) PLASTIC & METAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតផលិតផលប្លាស្ទិក សម្ភារៈលំអ និងគ្រឿងបង្គុំ អេឡិកត្រូនិកធ្វើពីប្លាស្ទិក ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៣,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៨៦កន្លែង។
៤- “CAMBODIAN LUHENG PET FOOD CO., LTD.” គម្រោងបង្កើតរោងចក្រផលិតចំណី និងសម្ភារៈសម្រាប់សត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១១៩កន្លែង។
៥- “ULTIMATE MOTION CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសាឡុង និងគ្រឿងសង្ហារិម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ ៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៩៥ កន្លែង។
៦- “WANAN GAS CONTROL (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផ្គុំ និងតម្លើងសម្ភារៈបរិក្ខារចង្ក្រានហ្គាស (Regulators, Valves, Hose…) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៦៩កន្លែង។
៧- “HE DUI OPTOELECTRONICS CO., LTD.” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលំអ និងអំពូលភ្លើង LED ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគចំនួន ១,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៣០កន្លែង។
- Video Advertisement -