រយៈពេល៥ឆ្នាំ រតនគិរីអភិវឌ្ឍគម្រោងបានជាង ២៦០០គម្រោង តម្លៃជាង ៦២លានដុល្លារ
ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ គិតចាប់ពីឆ្នាំ២០១៨ ដល់ដើមឆ្នាំ ២០២៣ ខេត្តរតនគិរីបានស្នើសុំអនុវត្តគម្រោងអភិវឌ្ឍន៍សរុបចំនួន ១៣.៩៩៤គម្រោង ដែលត្រូវការថវិកាប្រមាណ ៣១១,៨៥លានដុល្លារ។ ក្នុងនោះ គម្រោងដែលសម្រេចបានដោយជោគជ័យមានចំនួន ២.៦១៤គម្រោង ក្រោមទុនវិនិយោគ ៦២,៤៦លានដុល្លារ។
នេះយោងតាមប្រសាសន៍របស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគីរី ក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តរតគិរី» នៅថ្ងៃទី០៤ខែមេសា ឆ្នាំ២០២៣នេះ។
ឯកឧត្តមបញ្ជាក់ថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ គម្រោងវិនិយោគស្នើឡើងដោយរដ្ឋបាលខេត្តរតនគីរីមានចំនួន ១.២៨៣គម្រោង ក្រោមទុនវិនិយោគសរុបចំនួន ៨៤៨ពាន់លានរៀល ឬប្រមាណ ២០៩,៣៨លានដុល្លារ។
ស្ថាប័ន និងអង្គភាពដែលគាំទ្រគម្រោង ក្នុងវេទិកាពិគ្រោះយោបល់ មានចំនួន ៦៦៣គម្រោង ដោយអនុវត្តសម្រេចបាន ៣៧០គម្រោង ដែលស្មើនឹងទំហំថវិកាវិនិយោគចំនួន ១៧៧ពាន់លានរៀល ឬប្រមាណ ៤៣,៧០លានដុល្លារអាមេរិក។ ឯកឧត្តមបានបញ្ជាក់។
ឯកឧត្តមបានគូសបញ្ចាក់ថា គម្រោងដែលស្នើដោយរដ្ឋបាលឃុំសង្កាត់ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ មានចំនួនគម្រោងស្មើនឹង ១២.៧១១គម្រោង ក្រោមទុនសរុបចំនួនជាង ៤១៥ពាន់លានរៀល ឬប្រមាណ ១០២,៤៧លានដុល្លារ។ ស្ថាប័នអង្គភាពគាំទ្រគម្រោងក្នុងសិក្ខាសាលាសមាហរណកម្ម មានចំនួន ៤.៨២៣គម្រោង អនុវត្តសម្រេចបាន ២.២៤៤គម្រោង ស្មើនឹងថវិកា ៧៦ពាន់លានរៀល ឬប្រមាណ ១៨,៧៦លានដុល្លារ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ទាំងអស់នេះអនុវត្តឡើងសំដៅធ្វើឲ្យប្រសើរឡើងនូវការដឹកជញ្ជូន ការធ្វើចរាចរណ៍ ការផ្ដល់សេវាជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននិងក្នុងតំបន់។
ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ទំហំសេដ្ឋកិច្ចរបស់ខេត្តមានចំនួន ២៧០លានដុល្លារអាមេរិក ទោះបីប្រឈមនឹងវិបត្តិកូវីដ១៩ក្តី ខណៈផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់មានទំហំ ១.៣៦៤ដុល្លារ ជាមួយកំណើនប្រចាំឆ្នាំ ៨%៕
- Video Advertisement -