សរុបគម្រោងធំៗ ដែលបើកការដ្ឋានឆ្នាំ ២០២១
ទោះបីវិបត្តិកូវីដបានជះឥទ្ធិពលអវិជ្ជមានជាច្រើនដល់សង្គម និងសេដ្ឋកិច្ចក្ដី រដ្ឋាភិបាលកម្ពុជា ក៏នៅតែបន្តបំពេញភារកិច្ចរបស់ខ្លួនឥតឈប់ឈរ ជាពិសេសក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ ទាំងនេះ គឺជាគម្រោងធំៗ មួយចំនួនដែលបានបើកការដ្ឋានក្នុងឆ្នាំ ២០២១ ៖
អគារមន្ទីរខេត្តសៀមរាប តម្លៃជិត២០លានដុល្លារ ក្រោមជំនួយជប៉ុន_លម្អិត
អគារមន្ទីរខេត្តសៀមរាបកម្ពស់៤ជាន់ តម្លៃជិត២០លានដុល្លារអាមេរិក ក្រោមជំនួយរបស់ប្រទេសជប៉ុន ជូនដល់មន្ទីរពេទ្យបង្អែកខេត្ដសៀមរាប បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។
អគារមួយខ្នងមានផ្ទៃក្រឡាសំណង់ទំហំ ៧.២៦០ ម៉ែត្រការ៉េ កំពស់៤ជាន់ ប្រវែង២៥ ម៉ែត្រគុណនឹង ៦៩ ម៉ែត្រ ដែលនឹងត្រូវប្រើប្រាស់សម្រាប់សេវាឯកទេស វះកាត់ សេវាសង្រ្គោះបន្ទាន់ និងសេវាពាក់ព័ន្ធផ្សេងៗទៀត។ អគារមន្ទីរពេទ្យថ្មីនេះមានលក្ខណៈជាស្តង់ដារ ដែលមានចំនួនគ្រែសរុបចំនួន២២០គ្រែ។
អគាររដ្ឋសភាថ្មីតម្លៃ ២៥ លានដុល្លារ ក្រោមជំនួយរបស់វៀតណាម_លម្អិត
គម្រោងសាងសង់អគាររដ្ឋបាលថ្មីនៃរដ្ឋសភាជាតិ តម្លៃ ២៥លានដុល្លារ ក្រោមជំនួយរបស់រដ្ឋាភិបាលវៀតណាម ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីថ្ងៃទី២១ ខែធ្នូ កន្លងទៅ។
អគាររដ្ឋបាលថ្មី នៃរដ្ឋសភា ត្រូវសាងសង់លើផ្ទៃដីទទឹង ២៧ម និងបណ្តោយ ៤៩ម កម្ពស់ ១២ជាន់ និងមានចំណតរថយន្តក្រោមដី ២ជាន់ទៀត ដែលអាចផ្ទុករថយន្តបាន ២៦០គ្រឿងបន្ថែមទៀត។
ទីស្ដីការក្រសួងមហាផ្ទៃថ្មី តម្លៃជាង៦០លានដុល្លារ_លម្អិត
អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី ដែលមានតម្លៃរហូតជាង ៦០លានដុល្លាអាមេរិក ត្រូវបានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។
ទីស្ដីការថ្មីនេះ មានទីតាំងនៅទីធ្លាក្រសួងបច្ចុប្បន្ន។ អគារនេះមានទំហំ ១៥៣ម៉ែត្រ×៨៣ម៉ែត្រ កម្ពស់៩ជាន់ ឬស្មើនឹង ៤៣,៥ ម៉ែត្រ ដោយមិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្តក្នុងអគារដែលអាចចតរថយន្តសរុបបានចំនួន ៣៣០គ្រឿង។
ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត តម្លៃជិត២២ លានដុល្លារ នៅខេត្តពោធិ៍សាត់_លម្អិត
រដ្ឋាភិបាលជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ២១,៩លានដុល្លារអាមេរិក សម្រាប់សាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តពោធិ៍សាត់ ត្រូវបានបើកការដ្ឋានជាផ្លូវការហើយកាលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។
ការដ្ឋានសង់សាង់ផ្លូវ ៧១C_លម្អិត
សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី ២៣ វិច្ឆិកា បានអញ្ជើញជាអធិបតីភាពបើកការដ្ឋានផ្លូវជាតិលេខ ៧១C។
ផ្លូវ ៧១C នេះមានប្រវែងសរុប ១១៤,៦២ គីឡូម៉ែត្រ ចាប់ផ្តើមពីគីឡូម៉ែត្រលេខ១៥៤+៧០០ផ្លូវជាតិលេខ៧ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបញ្ចប់នៅគីឡូម៉ែត្រលេខ ៣០+៤០០ ផ្លូវជាតិលេខ៧១ ស្ថិតក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
គម្រោងសាងសង់នេះ គ្រោងប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ ដែលគ្រោងចំណាយថវិកាសាងសង់ប្រមាណ ១២៩ លានដុល្លារអាមេរិក។
គម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ខ្នាតធំតម្លៃ ២៧លានដុល្លារ នៅជើងឯក_លម្អិត
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ និងស្ថានីយប្រព្រឹត្តកម្មខ្នាតធំ នៅជើងឯក តម្លៃជាង ២៧លានដុល្លារ ក្រោមជំនួយរបស់ជប៉ុន បានចាប់ផ្តើមការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីចុងខែឧសភា កន្លងមកនេះ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅខែវិច្ចិកា ឆ្នាំ២០២៣។
ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ខា្នតធំទី៣ នៅក្រុងព្រះសីហនុ_លម្អិត
រដ្ឋបាលខេត្តព្រះសីហនុ បានបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ខ្នាតធំទី៣ ជាផ្លូវការហើយ នៅថ្ងៃទី១៧ កញ្ញា នេះ។ គម្រោងនេះមានទីតាំងភូមិ៤ សង្កាត់លេខ៤ ដែលនឹងត្រូវសាងសង់លើផ្ទៃដីទំហំ ១,១២ ហិកតា និងមានសមត្ថភាពចម្រោះទឹកកខ្វក់ក្នុងបរិមាណ ២០ ០០០ ម៉ែត្រគូប ក្នុង១ថ្ងៃ។
ឆ្នេរខ្សាច់កម្រិតខ្ពស់ប្រវែង ២,៧០០ម៉ែត្រ នៅខេត្តកែប_លម្អិត
គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ច.ក) បានបើកការដ្ឋានគម្រោងបង្កើតរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ដែលស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ជាផ្លូវការហើយ។ នេះបើយោងតាមរដ្ឋបាលខេត្ត កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។
គម្រោងរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តកម្រិតខ្ពស់នេះ ជាកិច្ចសហការរវាងរដ្ឋនិងឯកជន។
មន្ទីរពិសោធន៍ថ្មីរបស់ក្រសួងសាធារណការ_លម្អិត
អគារមន្ទីរពិសោធន៍ នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីថ្ងៃទី១៦ ខែសីហា នេះ។
គម្រោងនេះគ្រោងសាងសង់ក្នុងទឹកប្រាក់ ៥៨០,០០០ដុល្លារអាមេរិក ក្រោមជំនួយកូរ៉េខាងត្បូង។ អគារមានកម្ពស់ ២ជាន់ ដោយរួមមានបន្ទប់ Asphalt Test Lab, បន្ទប់ Concrete Test Lab, បន្ទប់ Curing Room និង Storage Room ព្រមទាំងបន្ទប់ការិយាល័យ។
អគារមន្ទីរពិសោធន៍ជាតិសំណង់ នៃក្រសួងរៀបចំដែនដី_លម្អិត
ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីព្រឹកថ្ងៃទី ១៧ កក្កដា បានបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារមន្ទីរពិសោធន៍ជាតិសំណង់ ជាផ្លូវការហើយ។
អគារនេះនឹងត្រូវសាងសង់ក្នុងបរិវេណទីស្ដីការក្រសួងដែនដីថ្មី។ គម្រោងនេះ នឹងត្រូវសាងសង់លើផ្ទៃដី ១ហិកតា មានអគារកម្ពស់ ២ ជាន់ និងត្រូវបែកចែកជា ៣ ផ្នែកផ្សេងៗគ្នា។ អគារទាំងនេះនឹងប្រើជាទីតាំងពិសោធន៍ទូទៅ ពិសោធន៍សំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់ជាដើម។
កំពង់ផែថ្មីតម្លៃ១.៥លានដុល្លារនៅក្រុងខេមរភូមិន្ទ_លម្អិត
ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តកោះកុង បានបើកការដ្ឋានសាងសង់កំពង់ផែថ្មីតម្លៃ១.៥លានដុល្លារ ជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី១៣ ឧសភា នេះ ដើម្បីសម្រួលការធ្វើដំណើររបស់អ្នកទេសចរ និងការដឹកទំនិញកសិផល។
មានទីតាំងស្ថិតនៅតាមដៃព្រែកកោះប៉ោ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ កំពង់ផែថ្មីនេះ សាងសង់ជាប្រភេទបេតុងអាម៉េ មានប្រវែង ៦៩ម៉ែត្រ និងទទឹង ១៦,៥ម៉ែត្រ ព្រមជាមួយនឹងស្ពានបេតុងភ្ជាប់ទៅផែប្រវែង ២៨ម៉ែត្រ ទទឹង ៨ម៉ែត្រ ចំនួន ២កន្លែង។
គម្រោងអភិវឌ្ឍន៍ស្ថាបនាផែសមុទ្រ គ្រោងចំណាយថវិកាសរុបប្រមាណ ១,៥លានដុល្លារ ដោយប្រើពេលពីរឆ្នាំ ហើយគ្រោងបញ្ចប់នៅឆ្នាំ២០២២ ខាងមុខ។
- Video Advertisement -