សរុបគម្រោងធំៗ ដែលបើកការដ្ឋានក្នុងឆ្នាំ ២០២០
ទោះបីវិបត្តិកូវីដបានជះឥទ្ធិពលអវិជ្ជមានជាច្រើនដល់សង្គម និងសេដ្ឋកិច្ចក្ដី រដ្ឋាភិបាលកម្ពុជា ក៏នៅតែបន្តបំពេញភារកិច្ចរបស់ខ្លួនឥតឈប់ឈរ ជាពិសេសក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ មកទល់បច្ចុប្បន្ន គ្មានគម្រោងហេដ្ឋារចនាសម្ព័ន្ធណាមួយត្រូវបានពន្យាពេលទេ ហើយគម្រោងដែលត្រូវបើកការដ្ឋាននៅឆ្នាំ ២០២០ ក៏បានចាប់ផ្តើមរួចរាល់ហើយដែរ។ ទាំងនេះ គឺជាគម្រោងធំៗ មួយចំនួនដែលបានបើកការដ្ឋានក្នុងឆ្នាំ ២០២០ នេះ៖
១) គម្រោងស្តារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២

គម្រោងស្តារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២ គីឡូម៉ែត្រ ចំណាយថវិការ ប្រមាណ ៥៦ លានដុល្លារ ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
ពិធីបើកការដ្ឋាននេះ ធ្វើឡើងក្រោមវត្តមានខ្ពង់ខ្ពស់របស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម ផាក ហ៊ឹងឃ្យុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា កាលពីព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២០ នេះ។
ចំពោះ កំណាត់ផ្លូវជាតិលេខ ២ គឺចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២,៥៦ គីឡូម៉ែត្រ (ឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៥,៤ គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ១៤,២១ គីឡូម៉ែត្រ និងខេត្តតាកែវ ប្រវែង ៥២,៥៦ គីឡូម៉ែត្រ)។ ដោយឡែក ផ្លូវជាតិលេខ២២ គឺពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩,៦១ គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ។ (អានបន្ថែម)
បើគិតមកត្រឹមខែធ្នូ ២០២០ គម្រោងនេះ សម្រេចបានប្រមាណ ២០% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាបពរនៅត្រីមាសទី១ ឆ្នាំ២០២២។ (អានបន្ថែម)
២) ផ្លូវជាតិលេខ ១០ ពីបាត់ដំបង ទៅ កោះកុង

ផ្លូវជាតិលេខ១០នេះ តភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង់ ឆ្លងវាលវែង អូរសោម ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង មានប្រវែងសរុបជាង ១៩៨ គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាសរុបប្រមាណជាង ១៨៨ លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន។
ពីធីបើកការដ្ឋានសាងសង់ធ្វើឡើង កាលពីព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ឯកអគ្គរដ្ឋទូតចិន ឯកឧត្ដម Wang Wentian។
ផ្លូវនេះនឹងត្រូវសាងសង់ស្របទៅតាមស្តង់ដារ ផ្លូវថ្នល់កម្រិត៣ នៃបទដ្ឋានបច្ចេកទេសរបស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុប ៩ ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) ទទឹង ៨ម៉ែត្រ ដែលនឹងត្រូវប្រើរយៈពេលសាងសង់ ៤៨ ខែ គិតចាប់ខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣។ (អានបន្ថែម)
គិតមកត្រឹមខែសីហា ឆ្នាំ២០២០ គម្រោងនេះ សម្រេចបានប្រមាណ ៣៦% ហើយ។ (អានបន្ថែម)
៣) ផ្សារទំនើប AEON ៣ នៅផ្លូវ ៦០ម៉ែត្រ

គម្រោងផ្សារទំនើប AEON ៣ មានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ សាងសង់ក្រោមទុនវិនិយោគប្រមាណ ២៩០ លានដុល្លារអាមេរិក។ គម្រោងនេះ មានទំហំធំជាងផ្សារ Aeon ទី១ និងទី ២ បូកបញ្ចូលគ្នាទៅទៀត ពោលគឺនឹងមានផ្ទៃឡាសរុប ១៧៤០០០ ម៉ែត្រការ៉េ។
ពិធីបើកការដ្ឋាន ធ្វើឡើងកាលពីព្រឹកថ្ងៃទី ៧ ខែតុលានេះ ក្រោមវត្តមានរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏ដូចជាតំណាងក្រុមហ៊ុនជប៉ុន AEON MALL (CAMBODIA) CO.,LTD ។
តាមការគ្រោងទុក ផ្សារទំនើប AEON ៣ គឺនឹងបើកដំណើរការក្នុងឆ្នាំ២០២៣ ខាងមុខនេះ។ (អានបន្ថែម)
៤) ស្ពានខ្សែកាបដំបូងគេនៅភ្នំពេញ តភ្ជាប់ពីកោះពេជ្រ ទៅកោះនរា

ស្ពានធំៗចំនួន ២ តម្លៃជាង ៤០ លានដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុន OCIC បានបើកការដ្ឋានសាងសង់ កាលពីព្រឹកថ្ងៃទី ២៦ តុលា កន្លងទៅ ក្រោមអធិបតីភាព សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ស្ពានទី១ ជាប្រភេទស្ពានបេតុងខ្សែកាប តភ្ជាប់ពីតំបន់អភិវឌ្ឍន៍កោះនរា ទៅកាន់ទីក្រុងរណបកោះពេជ្រ មានបណ្តោយប្រវែង ៨២៤ ម៉ែត្រ ទទឹងប្រវែង ២៤,៥ ម៉ែត្រ មាន ៤ គន្លងរថយន្ត និង ២ គន្លងសម្រាប់ទោចក្រយានយន្ត។ ស្ពាននេះគ្រោងចំណាយថវិកាចំនួន ៣៨ លានដុល្លារអាមេរិក ហើយនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៣៥ខែ។
ស្ពានទី២ ជាប្រភេទស្ពានបេតុងយោងកាបដែលមានដែករាងឥន្ធនូ ២ សងខាង តភ្ជាប់ពីផ្លូវជាតិលេខ ១ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា មានបណ្តោយប្រវែង ៦០ ម៉ែត្រ និងទទឹងប្រវែង ២១ ម៉ែត្រ។ ស្ពាននេះគ្រោងចំណាយថវិកាចំនួន ១,៦ លានដុល្លារអាមេរិក និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ១២ ខែ។
គួរបញ្ជាក់ផងដែរថា គម្រោងស្ពានទាំង ២ នេះ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍កោះនរា ឱ្យទៅជាទីក្រុងរណបថ្មីមួយរបស់ក្រុមហ៊ុន OCIC តម្លៃប្រមាណ ២,៥ ពាន់លានដុល្លារអាមេរិក។ (អានបន្ថែម)
៥) ផ្លូវចំនួន ៣៨ ខ្សែនៅសៀមរាប

គម្រោងស្ថាបានហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែនៅសៀមរាប ដែលប្រវែងសរុប ១០៨,៧៤ គីឡូម៉ែត្រ កំពុងដំណើរការសាងសង ដោយប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៤០ លានដុល្លារអាមេរិក។ គម្រោងនេះនឹងសាងសង់រយៈ ១៣ ខែ ដោយគ្រោងនឹងបញ្ចប់ការដ្ឋាននៅចុងឆ្នាំ ២០២១ ខាងមុខនេះ។
គម្រោងនេះ បានបើកការដ្ឋានសាងសង់ ក្រោមអធីបតីភាពរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី ព្រឹកថ្ងៃទី ៣០ វិច្ឆិកាកន្លងមកនេះ។ (អានបន្ថែម)
៦) បណ្តុំសហគ្រាសធុនតូចនិងមធ្យមតម្លៃ ៣០លានដុល្លារ របស់ឧកញ៉ា សៀ ឬទ្ធី នៅតាខ្មៅ

គម្រោងបណ្តុំសហគ្រាសធុនតូច និងមធ្យម ឧស្សាហកម្ម ៤.០ តម្លៃជាង ៣០ លានដុល្លារ ជាគម្រោងរបស់ក្រុមហ៊ុន World Bridge Industrial Developments Co., Ltd. ដែលបច្ចុប្បន្នកំពុងសាងសង់លើផ្ទៃដីប្រមាណជាង ៦ ហិកតា នៅតាមបណ្ដោយផ្លូវជាតិលេខ ២១ ជិតគម្រោងលំនៅដ្ឋានតម្លៃសមរម្យ ក្រុងតាខ្មៅ។
កម្មវិធីបើកការដ្ឋានគម្រោងនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី ២៧ វិច្ឆិកា ក្រោមអធីបតីភាព ឯកឧត្តម ចម ប្រសិទ្ធិ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងលោកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វើលដ៍ប្រ៊ីដគ្រុប និងភ្ញៀវកិត្តិយសដទៃទៀតផងដែរ។
គម្រោងនេះ គ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងខែមេសា ឆ្នាំ២០២១។ (អានបន្ថែម)
- Video Advertisement -