ហាងនំបុ័ងដ៏ល្បីរបស់កូរ៉េ សម្រេចវិលមកកម្ពុជាវិញ ក្រោយឃើញសេដ្ឋកិច្ចកម្ពុជាមានសន្ទុះគួរឱ្យកត់សម្គាល់
បន្ទាប់ពីបិទទ្វារមួយរយៈ ហាងនំបុ័ងយីហោល្បីឈ្មោះរបស់កូរ៉េខាងត្បូង Tous Les Jours បានសម្រចចិត្តបើកដំណើរការឡើងវិញនៅរាជធានីភ្នំពេញ ដោយសារកត្តាសក្តានុពលទីផ្សារមានប្រជាពលរដ្ឋវ័យក្មេងច្រើន និងកំណើនសេដ្ឋកិច្ចហក់ខ្ពស់គួរឱ្យកត់សម្គាល់ក្នុងតំបន់។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក Maeil Business News Korea ចុះផ្សាយនៅថ្ងៃទី២៩ ខែមេសា ក្រុមហ៊ុន CJ Foodville និងក្រុមហ៊ុនភោជនីយដ្ឋានពិភពលោក EFG បានចុះកិច្ចព្រមព្រៀងទិញសិទ្ធិផ្តាច់មុខ (franchise) ដើម្បីបើកដំណើរការហាងនំបុ័ង Tous Les Jours ចំនួន៥ទីតាំងឡើងវិញនៅកម្ពុជា។
បើតាមប្រភពដដែល ក្រុមហ៊ុននឹងបើកហាងទី១ និងទីពីរ នៅរាជធានីភ្នំពេញ ដោយហាងទី១ ស្ថិតនៅផ្លូវកម្ពុជាក្រោម និងហាងទីពីរ ស្ថិតនៅម្តុំទួលទំពួង។
ដោយមើលឃើញពីសក្ដានុពលរបស់ប្រទេសកម្ពុជាដែលមានអត្រាកំណើនប្រចាំឆ្នាំ ៧ភាគរយ ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ពិសេសគឺជាប្រទេសដែលមានសក្តានុពលខ្ពស់ដែលមានប្រជាជន ពេញវ័យច្រើន ដូច្នេះការវិលត្រឡប់របស់ Tous Les Jours ម្តងនេះ ក្រុមហ៊ុនគ្រោងនឹងដំណើរការហាងជាមួយនឹងយុទ្ធសាស្រ្តថ្មីតាមរយៈការសហការជាដៃគូជាមួយ EFG ដើម្បីក្លាយជាម៉ាកយីហោនំប៉័ងលំដាប់ថ្នាក់លេខ១ នៅកម្ពុជា។
បើតាមសម្តីរបស់មន្ត្រីជាន់ខ្ពស់ម្នាក់របស់ CJ Foodville បាននិយាយថា “ការវិលត្រឡប់មកប្រទេសកម្ពុជាវិញនេះគឺមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាជាការបោះជំហានថ្មីមួយ ដើម្បីធ្វើការតភ្ជាប់ និងអាចពង្រីកខ្លួនឆ្ពោះទៅកាន់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍បានថែមទៀតផង។
ជាមួយគ្នាដែរ លោកបន្តថា ក្រុមហ៊ុនក៏នឹងនាំមុខផ្នែកទីផ្សារហាងនំបុ័ងបែបថ្មី K-bakery នៅក្នុងប្រទេសកម្ពុជាដោយផ្អែកលើផលិតផលខុសគ្នា និងបទពិសោធន៍ដំណើរការអាជីវកម្មរបស់ខ្លួន ដូចជានៅវៀតណាម និងឥណ្ឌូណេស៊ីជាដើម»។
គួរបញ្ជាក់ថា TOUS les JOURS គឺហាងនំប៉័ងកូរ៉េដ៏ល្បីល្បាញមួយដែលធ្លាប់មានវត្តមាននៅក្នុងប្រទេសកម្ពុជាត្រឹមដើមឆ្នាំ២០២៣ប៉ុណ្ណោះ ខណៈកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខរបស់ខ្លួនត្រូវបានផុតកំណត់។
- Video Advertisement -