អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១៦ ខែតុលាខាងមុខនេះ
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) នឹងដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នេះហើយ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។
ទន្ទឹមនឹងនេះ អាកាសយាន្តដ្ឋានថ្មីនេះ នឹងរៀបចំជើងហោះហើរសាកល្បងមួយចំនួនតាមការចាំបាច់ ដែលមិនមានលក្ខណៈពាណិជ្ជកម្ម និងមិនរកប្រាក់ចំណេញ នៅចន្លោះពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។
បន្ថែមពីនេះ គ្រប់ជើងហោះហើរអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ដែលកំពុងប្រតិបត្តិការនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ (Siem Reap Airport-REP) នឹងត្រូវធ្វើការផ្ទេរទាំងស្រុកទៅអាកាសយានដ្ឋានថ្មី ចាប់ពីម៉ោងសូន្យ (ម៉ោងនៅកម្ពុជា) នៅថ្ងៃទី១៦ ខែតុលាខាងមុខនេះ។
សេចក្តីជូនដំណឹង បានបន្ថែមឱ្យដឹងទៀតថា អាកាសយានដ្ឋានថ្មីនេះ បានទទួលលេខកូដជាផ្លូវការពីសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA Code) ដែលមានបីតួអក្សរឡាតាំង SAI និងពីអង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO Code) ដែលមានបួនតួអក្សរឡាតាំង VDSA។
ហេតុនេះ ដើម្បីចូលរួមរៀបចំផែនការនៃការផ្ទេរជើងហោះហើរអាជីវកម្មដឹកជញ្ជួនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស និងការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap_Angkor International Airport) រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ស្នើសុំប្រតិបត្តិករប្រកបរបរអាជីវកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាតិ អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ អាចចាប់ផ្តើមទំនាក់ទំនងចាប់ពីពេលនេះតទៅ ជាមួយអគ្គនាយកដ្ឋានគោលនយោបាយ និងបទប្បញ្ញត្តិដឹកជញ្ជូនតាមផ្លូវអាកាស និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Argkor Interatioral Airport)។
គួររម្លឹកទៀតថា ដំបូងគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) គ្រោងដើមទុនវិនិយោគប្រមាណ ៨៨០លានដុល្លារប៉ុណ្ណោះកាលពីឆ្នំា២០១៩ ប៉ុន្តែតម្រូវការជាក់ស្តែងបានកើនឡើងរហូតដល់ ១.១០០លានដុល្លារ នៅឆ្នាំ២០២២។ (អានបន្ថែម)
- Video Advertisement -