១១៨ប្រទេស ប្តេជ្ញាបង្កើនថាមពលកកើតឡើងវិញ៣ដងនៅឆ្នាំ២០៣០ ខណៈ ចិន និងឥណ្ឌាមិនទាន់ចុះហត្ថលេខា
នៅក្នុងសន្និសីទលើកទី ២៨ នៃកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិដែលហៅកាត់ថា COP28 ដែលកំពុងប្រព្រឹត្តទៅនៅក្នុងប្រទេសអារ៉ាប់រួម (UAE) ឆ្នាំ២០២៣នេះ មានប្រទេសចំនួន ១១៨ បានចុះហត្ថលេខាលើកិច្ចសន្យាមួយ ដែលបញ្ជាក់ពីការប្តេជ្ញារបស់ខ្លួនថានឹងបង្កើនសមត្ថភាពថាមពលកកើតឡើងវិញជាសកលបីដង នៅឆ្នាំ ២០៣០។ ប្រទេសហត្ថលេខីដែលគួរឱ្យកត់សម្គាល់រួមមាន UAE សហរដ្ឋអាមេរិក ប្រេស៊ីល ជប៉ុន ចក្រភពអង់គ្លេស និងប្រទេសជាច្រើនទៀតដែលជាសញ្ញាបញ្ជាក់ពីការរួបរួមគ្នារបស់ពិភពលោកក្នុងការដោះស្រាយបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសចិន ឥណ្ឌា អាហ្វ្រិកខាងត្បូង និងតួរគី នៅមិនទាន់បានសម្រេចចិត្តចុះហត្ថលេខាចូលរួមក្នុងគំនិតផ្តួចផ្តើមថាមពលកកើតឡើងវិញជាសកលនេះនៅឡើយទេ។
មិនទាន់សម្រេចចិត្តចុះហត្ថលេខា ដោយសារក្នុងឯកសារដែលបញ្ជាក់ពីការប្តេជ្ញានេះ មានរាប់បញ្ចូលការតស៊ូមតិដែលជំរុញឱ្យមានការ បិទរោងចក្រធ្យូងថ្មគោលដៅមួយចំនួន “the phase down of unabated coal power” និងការលុបចោលគម្រោងផ្តល់ហិរញ្ញប្បទានសម្រាប់សាងសង់រោងចក្រថាមពលធ្យូងថ្មថ្មី។ នេះបើយោងតាមខ្លឹមសារនៃសេចក្តីព្រាងឯកសារនេះ ដែលបញ្ចេញដោយសារៈព័ត៌មាន Reuters កាលពីខែមុន។
ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះ ក្រុមហ៊ុនធំៗចំនួន ៥០ ដែលតំណាងឱ្យជាង ៤០% នៃផលិតកម្មប្រេងរបស់ពិភពលោក បានចុះហត្ថលេខាលើកតិកាសញ្ញាស្តីពីការនិកាបូនីយកម្មប្រេង និងឧស្ម័ន (Oil and Gas Decarbonization Covenant, OGDC)។ ការប្តេជ្ញាចិត្តនេះរួមបញ្ចូលទាំងការផ្តល់ហិរញ្ញប្បទានយ៉ាងច្រើនចំនួន ១ ពាន់លានដុល្លារសម្រាប់គម្រោងកាត់បន្ថយការបំភាយឧស្ម័នមេតាន។
គោលដៅរបស់ពិភពលោក ដែលបានកំណត់ក្នុង COP28 ឆ្នាំនេះ មានគោលបំណងបង្កើនសមត្ថភាពថាមពលកកើតឡើងវិញជាសកលឱ្យបានចំនួនច្រើនជាងបច្ចុប្បន្ន បីដង ពោលគឺបង្កើនពី ៣,៤ តេរ៉ាវ់ាត ( terawatts ស្មើនឹងជាង៣ពាន់ជីហ្កាវ៉ាត់) នៃចំនួនបច្ចុប្បន្ន ទៅដល់ ១១ terawatts នៅឆ្នាំត្រឹម ២០៣០ ដែលស្របតាមគោលដៅរួមនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
ប្រធាន COP28 លោក Ahmed Al Jaber បានសម្តែងសុទិដ្ឋិនិយមចំពោះគំនិតផ្តួចផ្តើមនេះ ប៉ុន្តែបានជំរុញឱ្យប្រទេសជាច្រើនទៀតចូលរួមការប្តេជ្ញាចិត្តនេះ។ កតិកាសញ្ញាស្តីពីការនិកាបូនីយកម្ម (ការកាត់បន្ថយកាបូន) ឧស្ម័ន និងប្រេង ត្រូវបានសាទរថាជាជំហានដ៏សំខាន់មួយ ដោយលោក Al Jaber បានសង្កត់ធ្ងន់ថា “ខណៈពេលដែលក្រុមហ៊ុនប្រេងរបស់ប្រទេសជាច្រើន បានអនុម័តគោលដៅបំភាយសុទ្ធសូន្យ ជាលើកដំបូងសម្រាប់ឆ្នាំ ២០៥៩។ ខ្ញុំជឿថា ក្រុមហ៊ុនទាំងនេះ និងក្រុមហ៊ុនផ្សេងទៀតអាចធ្វើបានច្រើនជាងនេះ”។
លោកបានបន្ថែមថា “វិស័យថាមពលទាំងមូល ត្រូវកំណត់គោលដៅឱ្យច្បាស់ សម្រាប់ការសម្រេចបាននូវគោលដៅកម្រិតការកើនឡើងសីតុណ្ហភាពពិភពលោកត្រឹម ១,៥ ដឺក្រេ” ។
មហិច្ឆតានៃការដំឡើងថាមពលកកើតឡើងវិញឱ្យបានដល់ចំនួន ១ម៉ឺន ជីហ្គាវ៉ាត់នៅទូទាំងពិភពលោកនៅឆ្នាំ២០៣០ នេះ ទាមទារជាបន្ទាន់នូវការវិនិយោគបន្ថែមពីរដ្ឋាភិបាល និងស្ថាប័នហិរញ្ញវត្ថុ។ ទោះជាយ៉ាងណាក៏ដោយ ផ្លូវដើម្បីសម្រេចបាននូវចក្ខុវិស័យនេះពាក់ព័ន្ធនឹងការយកឈ្នះលើឧបសគ្គសំខាន់ៗ ជាពិសេសការចំណាយលើដើមទុនវិនិយោគ ដែលច្រើនជាបញ្ហាចោទសម្រាប់ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍នានា ក្នុងនោះមានកម្ពុជាផងដែរ ដែលកំពុងត្រូវការដើមទុននិងយន្តគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់គម្រោងថាមពលកកើតឡើងវិញ៕
- Video Advertisement -