កម្ពុជាកំពុងសង់ទំនប់អាងទឹកដ៏ធំមួយ សម្រាប់ផ្គត់ផ្គង់ទឹកដល់ខេត្ត៤នៅភូមិភាគឦសាន
ក្រសួងធនធានទឹក និងឧតុនិយម ដោយទទួលបាននូវការគាំទ្រហិរញ្ញវត្ថុពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសាងសង់អាងទឹកទំនប់លើទំនប់ក្រោម និងទំនប់អាងអូរតេ ដែលអាចស្តុកទឹកសម្រាប់បម្រើឱ្យគ្រប់វិស័យ និងផ្គត់ផ្គង់ទឹកស្អាតបានចំនួន ១២លានម៉ែត្រគូប ជាទឹកសម្រាប់បម្រើឱ្យតំបន់ប៉ូលសេដ្ឋកិច្ចទី៥ នៃភូមិភាគឦសានរបស់ប្រទេសកម្ពុជា នេះបើយោងតាមទំព័រហ្វែសបុកផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយមចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។
គម្រោងសាងសង់ទំនប់អាងទឹកអូរតេ និងទំនប់អាងទឹកទំនប់លើទំនប់ក្រោមនេះ មានទីតាំងស្ថិតក្នុងភូមិសាស្ត្រស្រុកអូររាំង និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
“កិច្ចការកសាងអាងទឹកដ៏ធំទាំងពីរនេះ ជាផែនការមេដ៏សំខាន់របស់ក្រសួងធនធានទឹក និងឧតុនិយម ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ គម្រោងនេះស្ថាបនាឡើង ដើម្បីផ្គត់ផ្គង់ទឹកលើគ្រប់វិស័យ បម្រើដល់សេចក្តីត្រូវការរបស់ខេត្តក្នុងតំបន់ភូមិភាគឦសានរួមមាន ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី” នេះជាការបញ្ជាក់ឱ្យដឹងពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ប្រព័ន្ធទំនប់អាងទឹក ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីជាមួយមន្ត្រីជំនាញបច្ចេកទេសក្រសួង និងមន្ទីរពាក់ព័ន្ធ។
គោលបំណងមួយទៀតរបស់គម្រោងដ៏ធំនេះ គឺ “…ដើម្បីបញ្ជៀសពីហានិភ័យ នៃគ្រោះមហន្តរាយទាំងឡាយដែលបង្កឡើងដោយជំនន់គ្រប់ប្រភេទនិងគ្រោះរាំងស្ងួតដែលតែងកើតមានឡើងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី។” ឯកឧត្តមរដ្ឋមន្ត្រីបន្ថែម។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានឱ្យដឹងបន្ថែមទៀតថា បណ្តាអាងទឹកក្នុងតំបន់នេះក៏នឹងទាក់ទាញកំណើនក្នុងវិស័យអេកូទេសចរណ៍ ជាពិសេសធ្វើឱ្យបណ្តាខេត្តភូមិភាគឦសានបង្កើននូវផលិតកម្មក្នុងវិស័យកសិឧស្សាហកម្មមាន ដំណាំម្រេច ធុរេន ម្នាស់ ជាដើម និងបង្កើតបាននូវបរិស្ថានបៃតងគ្រប់ពេលវេលា ព្រមទាំងលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់ និងជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន ព្រមទាំងបានណែនាំបន្ថែមដល់លោកប្រធានមន្ទីរ និងក្រុមការងារបច្ចេកទេសឱ្យបន្តនូវកិច្ចសហការល្អជាមួយអាជ្ញាធរដែនដី និងគ្រប់ភាគីពាក់ព័ន្ធដោយធ្វើយ៉ាងណាឱ្យការងារគម្រោងនេះសម្រេចបានជោគជ័យប្រកបដោយគុណភាពខ្ពស់ ប្រើប្រាស់បានប្រើប្រាស់ជាប្រយោជន៍យូរអង្វែង និងបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់៕




- Video Advertisement -