កម្ពុជាចេញប្រភេទទិដ្ឋាការឆ្លងកាត់រយៈពេលខ្លីដល់ភ្ញៀវទេសចរដែលចូលមកទស្សនាកម្ពុជាតាមនាវា
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសអនុញ្ញាតឱ្យមានការស្នើសុំប្រភេទទិដ្ឋាការឆ្លងកាត់ ក្នុងរយៈពេលខ្លី (ប្រភេទ D) សម្រាប់ភ្ញៀវទេសចរ ដែលចូលមកទស្សនាប្រទេសកម្ពុជាតាមនាវាទេសចរណ៍បានរយៈពេល ៥ថ្ងៃ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ នៅទី២៨ ខែកុម្ភៈឆ្នាំ២០២៣ បានឱ្យដឹងថា ទេសចរអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់កម្ពុជាតាមរយៈនាវាទេសចរណ៍ ហើយចូលមកទស្សនាកិច្ចកម្ពុជាក្នុងរយៈពេលខ្លី ត្រូវបានអនុញ្ញាតឱ្យស្នើសុំប្រភេទទិដ្ឋាការឆ្លងកាត់ (D) ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣តទៅ។
ក្រសួងទេសចរណ៍បញ្ជាក់ថា ប្រភេទទិដ្ឋាការឆ្លងកាត់ (D) ត្រូវបានផ្តល់ជូនសម្រាប់ជនបរទេសមិនមែនអន្តោប្រវេសន្ត ដែលជាអ្នកដំណើរឆ្លងកាត់ អ្នកបើកបរ បុគ្គលិក និយោជិត និងកម្មករលើយានយន្ត រថភ្លើង នាវា ឬយន្តហោះនិងអាចស្នាក់នៅក្នុងកម្ពុជាបានរយៈពេល ៥ (ប្រាំ) ថ្ងៃ ស្របតាមអនុក្រឹត្យលេខ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ស្តីពី “បែបបទសម្រាប់អនុវត្តចំពោះការអនុញ្ញាតឲ្យជនបរទេសមិនមែនអន្តោប្រវេសន្ត ចូល ចេញ និងស្នាក់អាស្រ័យ នៅព្រះរាជាណាចក្រកម្ពុជា”។
ការប្រកាសអនុញ្ញាតិទិដ្ឋាការប្រភេទខ្លីនេះ ក្រោយមានលំហូរនៃទេសចរបរទេសយ៉ាងច្រើនធ្វើដំណើរចូលមកកាន់កម្ពុជា តាមរយៈផ្លូវទឹក ជាពិសេសមកកាន់ខេត្តព្រះសីហនុ តាមកប៉ាល់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីការអាក់ខានដោយសារវិបត្តិនៃជំងឺកូវីដ១៩ អស់រយៈពេល០៣ឆ្នាំកន្លងមកនេះ។ គិតចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២មកទល់ពេលនេះ មានកប៉ាល់ទេសចរណ៍ធំៗ យ៉ាងហោចណាស់ចំនួន៧ជើង ដែលបានដឹកអ្នកដំណើរចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួនប្រមាណ ៣. ១៣៣នាក់។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា នៅខែមករា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តជាតិប្រមាណ៤០ម៉ឺននាក់។ ក្នុងចំណោមនោះ គឺមានមកតាមផ្លូវទឹក ពិសេសតាមនាវាទេសចរណ៍ធំៗ ប្រមាណ ៥.០០០នាក់ កើនឡើង ១២៨៣% ធៀបនឹងខែមករា ឆ្នាំ២០២២។
កន្លងមក ដើម្បីលើកទឹកចិត្តដល់ជនបរទេសដែលស្នាក់នៅក្នុងប្រទេសកម្ពុជាឱ្យទស្សនាកំសាន្ត និងដើម្បីជំរុញវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ១៩ ឱ្យងើបឡើងវិញ ចាប់ពីថ្ងៃទី១ កញ្ញា ២០២២មក រដ្ឋាភិបាលកម្ពុជាក៏បានសម្រេចអនុញ្ញាត ឱ្យជនបរទេស ឬវិនិយោគិនដែលកំពុងស្នាក់នៅកម្ពុជា អាចធ្វើការស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែររយៈពេលមួយឆ្នាំម្តង ដោយឥតគិតថ្លៃផងដែរ។ (អានបន្ថែម)
- Video Advertisement -