កម្ពុជាចេញវិធានការសំខាន់ៗ ដើម្បីទប់ទល់នឹងកង្វះទឹកប្រើប្រាស់ ខណៈរដូវវស្សានឹងមកដល់យឺតយ៉ាវ
ក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួន ដើម្បីត្រៀមខ្លួនអន្តរាគមន៍ទាក់ទងនឹងបញ្ហាអាកាសធាតុក្តៅហួតហែងខ្លាំងនៅទូទាំងប្រទេសកម្ពុជា ដែលបង្កឱ្យមានគ្រោះរាំងស្ងួត និងកង្វះទឹកប្រើប្រាស់។
នេះបើយោងតាមសេចក្តីណែនាំ ស្តីពី វិធានការនិងកិច្ចអន្តរាគមន៍លើការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ ដោយសារកត្តាប្រែប្រួលធាតុអាកាស ដែលផ្សាយចេញនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។
បើតាមការលើកឡើងរបស់ក្រសួងបានអះអាងថា បច្ចុប្បន្នកម្ពុជា កំពុងទទួលរងនូវឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីបាតុភូតអែលនីណូ (El Nino) ដោយបានបង្កឱ្យមានផលប៉ះពាល់ជាអវិជ្ជមាន ជាពិសេសគ្រោះរាំងស្ងួត ដោយសារធាតុអាកាសមានសភាពក្តៅហួតហែងខ្លាំង ដែលនាំឱ្យរដូវវស្សានឹងឈានមកដល់មានភាពយឺតយ៉ាវខុសប្រក្រតី ទឹកទន្លេមេគង្គមានការប្រែប្រួលខ្លាំង ដែលជាហេតុនាំឱ្យតំបន់មួយចំនួនមានការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគជាប្រចាំថ្ងៃជាដើម៕
បញ្ហាប្រឈមទាំងអស់ខាងលើ បានជំរុញឱ្យក្រសួងអភិវឌ្ឍន៍ជនបទដាក់ចេញនូវវិធានការបន្ទាន់ ៥ចំនុចដូចខាងក្រោម៖
១. ត្រូវចាត់មន្រ្តីដើម្បីចុះពិនិត្យមើល ស្រះទឹក អណ្តូង និងចាត់វិធានការចាំបាច់ ព្រមទាំងផ្តល់កិច្ចអន្តរាគមន៍បន្ទាន់ ក្នុងករណីអណ្តូងខូច និងស្រះទឹករីងស្ងួត។ល។ ដើម្បីឆ្លើយតបទៅនឹងការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
២. ត្រូវធ្វើការណែនាំ និងអប់រំផ្សព្វផ្សាយ ដល់ពលរដ្ឋនៅតាមតំបន់ដែលងាយរងគ្រោះដោយសារកង្វះខាតទឹក ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាប្រភពទឹក និងប្រើប្រាស់ទឹកដោយសន្សំសំចៃ។
៣. ត្រូវទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍នានា អង្គការបរទេសនិងក្នុងស្រុក ដើម្បីផ្តល់កិច្ចអន្តរាគមន៍ភ្លាមៗដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ។
៤. មន្ត្រីជាន់ខ្ពស់របស់ក្រសួង ត្រូវចុះជួយមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្តទាំងអស់ ដើម្បីចាត់វិធានការអន្តរាគមន៍បន្ទាន់ក្នុងករណីប្រជាពលរដ្ឋនៅជនបទត្រូវការ។
៥. ត្រូវធ្វើរបាយការណ៍ និងរាយការណ៍ជាប្រចាំមកក្រសួង ដើម្បីមានវិធានការបន្ទាន់លើរឿងនេះផងដែរ។
- Video Advertisement -