កម្ពុជាប្រកាសប្តេជ្ញាសហការជាមួយប្រទេសក្នុងតំបន់ដើម្បីការពារគុណភាពខ្យល់
ក្រសួងបរិស្ថានប្រកាសត្រៀមខ្លួនសហការជាមួយប្រទេសជាមិត្ត និងអង្គការអន្តរជាតិទាំងអស់ ចែករំលែកបទពិសោធន៍ក្នុងការបង្ការ និងទប់ស្កាត់បញ្ហាបំពុលខ្យល់ ដើម្បីសុខុមាលភាពប្រជាជនក្នុងតំបន់ និងនៅក្នុងពិភពលោក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានចុះថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២៤។
នៅក្នុងសេចក្តីប្រកាសដដែល ក្រសួងបានបញ្ជាក់ថា ការបំពុលខ្យល់នៅកម្ពុជាមានត្រឹម ២០ ទៅ៤០ ug/ម3 តែប៉ុណ្ណោះ ដែលជាកម្រិតតូចជាងកម្រិតស្តង់ដា ៥០ug/ម3 ដែលជាបារ៉ាម៉ែត្រកំណត់ដោយអង្គការសុខភាពពិភពលោក។ កម្រិតកំហាប់ខ្យល់នេះ បញ្ជាក់ថា មិនចោទជាបញ្ហាគួរឱ្យព្រួយបារម្ភដូចការផ្សព្វផ្សាយរបស់មិត និងសារព័ត៌មានមួយចំនួននោះទេ។
គួររំលឹកថា កាលពីកាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤នេះ នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន ធ្លាប់បានប្រកាសពីកិច្ចសហការដែលមិនធ្លាប់មានពីមុនជាមួយប្រទេសកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាការបំពុលអ័ព្ទនៅតំបន់ឆ្លងដែន។ លទ្ធផលនៃគំនិតផ្តួចផ្តើមរួមគ្នានេះ នឹងបង្ហាញឡើងនៅមុនជំនួបដ៏សំខាន់ជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈនេះតែម្តង។ (អានបន្ថែម)
ជុំវិញបញ្ហានេះដែរ ភាគីថៃស្នើឱ្យមានការរៀបចំសម្រាប់ថ្នាក់ដឹកនាំនៃគណៈប្រតិភូនៃកិច្ចពិភាក្សាទ្វេភាគីនេះ ទៅធ្វើទស្សនកិច្ចសិក្សាទៅកាន់ខេត្តស្រះកែវជាប់ព្រំប្រទល់កម្ពុជា ដែលជាតំបន់រងផលប៉ះពាល់យ៉ាងខ្លាំងពីការបំពុលឆ្លងដែន ដែលបង្កឡើងដោយភ្លើងឆេះព្រៃនៅក្នុងតំបន់នោះ ដែលគេជឿថាអាចជាកត្តាចូលរួមសំខាន់សម្រាប់បង្កការបំពុលខ្យល់សម្រាប់ប្រទេសទាំងពីរ។
ឆ្លើយតបនឹងបញ្ហានេះដែរ សេចក្តីប្រកាសដដែលរបស់ក្រសួងបរិស្ថានក៏បានបញ្ជាក់ពីបច្ចុប្បន្នភាពភ្លើងឆេះព្រៃនៅកម្ពុជាផងដែរថា ចំនួនភ្លើងឆេះព្រៃក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នៅព្រះរាជាណាចក្រកម្ពុជា មានការថយចុះបើប្រៀបធៀបនឹងឆ្នាំ ២០១៩ និងឆ្នាំ ២០២០។ កម្រិតការបំពុលខ្យល់ ដោយភាគល្អិតនិចល PM2.5 ក៏មានការថុយចុះ និងក្រោមកម្រិតស្តង់ដា។ លើសពីនេះ នៅក្នុងទិសដៅលើកកម្ពស់ការថែរក្សាបរិស្ថានឱ្យមានភាពស្រស់ស្អាត និងផ្តល់នូវសុខុមាលភាពដល់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការប្រើប្រាស់ប្រេងឥន្ធនៈស្តង់ដា EURO4 និងEURO5 ដែលបានកាត់បន្ថយយ៉ាងច្រើននូវការសាយភាយសារធាតុបំពុលខ្យល់ចូលទៅក្នុងបរិយាកាស។
ការការពារគុណភាពខ្យល់នៅតែជាការងារអាទិភាពបស់ក្រសួងបរិស្ថាន តាមរយៈការអនុវត្តយ៉ាងសកម្មនូវយុទ្ធនាការផ្ទៃមេឃពណ៌ខៀវ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យ ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល៕
- Video Advertisement -