កម្ពុជាមានផែនការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីសំបកឱ្យឈានដល់ ៤០០លានដុល្លារ

ឆាប់ៗនេះ កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M23) ដែលមានតម្លៃប្រមាណ ៣៥ លានដុល្លារអាមេរិក ក្នុងដំណាក់កាលដំបូង ខណៈកម្ពុជាក៏មានផែនការពង្រីកការនាំចេញឱ្យឈានដល់ប្រមាណ ៤០០ លានដុល្លារអាមេរិក នៅពេលអនាគតផងដែរ។

នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ (EPTF) ជាមួយលោក Jiang Xiaofei នាយកនៃគណៈកម្មាធិការការងារពង្រីកសហគ្រាសនៅក្រៅប្រទេស នៃវិទ្យាស្ថានចិនសម្រាប់យុទ្ធសាស្រ្តនវានុវត្តន៍ និងអភិវឌ្ឍន៍ (CIIDS) ដឹកនាំគណៈប្រតិភូក្រុមហ៊ុន China Bonded Port Group Co., Ltd. និងតំណាងក្រុមហ៊ុន Men Sarun MDR Co., Ltd. កាលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។

ជំនួបនេះ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-ចិន ព្រមទាំងស្វែងយល់ពីសក្តានុពលក្នុងការជំរុញការនាំចេញកសិផលកម្ពុជា។

នៅក្នុងជំនួបពនេះដែរ ក្រុមហ៊ុន China Bonded Port Group Co., Ltd. និងក្រុមហ៊ុន Men Sarun MDR Co., Ltd. បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី “កិច្ចសន្យាផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកម្ពុជា”។តាមរយៈMoUនេះ កម្ពុជានឹងចាប់ផ្តើមនាំចេញគ្រាប់ស្វាយចន្ទីទាំងសំបក (ប្រភេទ M23) ក្នុងជំហានដំបូងដែលមានទំហំទឹកប្រាក់ប្រមាណ ៣៥លានដុល្លារ ដោយភាគីទាំងពីរមានចក្ខុវិស័យយុទ្ធសាស្ត្រក្នុងការជំរុញទំហំនាំចេញបន្ថែមទៀត ដែលរំពឹងថានឹងអាចកើនឡើងដល់សក្តានុពលទឹកប្រាក់ប្រមាណ ៤០០លានដុល្លារ នាពេលអនាគត។

ជុំវិញរឿងនេះ ក្រសួងពាណិជ្ជកម្ម បានស្វាគមន៍លើការគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវវិស័យកសិ-ឧស្សាហកម្ម និងខ្សែចង្វាក់តម្លៃ ដែលជាចលករជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ក្រសួងបន្តថា កិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងក្រុមហ៊ុនទាំងពីរ មិនត្រឹមតែធានាបាននូវកំណើននៃការនាំចេញស្វាយចន្ទីទៅកាន់ទីផ្សារប្រទេសចិនជាបន្តបន្ទាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញាវិជ្ជមានដ៏ធំក្នុងការទាក់ទាញវិនិយោគិនចិន ឱ្យមកបណ្តាក់ទុននៅកម្ពុជា ដើម្បីពង្រីកវិសាលភាពនៃការនាំចេញកសិផលជាតិចូលទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែទូលំទូលាយបន្ថែមទៀត៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-បារាំង៖ ពង្រឹងចំណងពាណិជ្ជកម្មជាមួយក្រុមហ៊ុនយក្សបារាំង ដើម្បីជំរុញការវិនិយោគនៅកម្ពុជា

ចំណងជើងរង៖ លោកជំទាវ ចម និម្មល ជួបពិភាក្សាជាមួយសហព័ន្ធធុ […]

កម្ពុជា-ជប៉ុន នឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៤

កម្ពុជា-ជប៉ុន នឹងរួមគ្នាពង្រីកលើកិច្ចសហប្រតិបត្តិការលើវ […]

ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាកើនជិត $៥៤ប៊ីលាន គិតត្រឹមខែតុលា ២០២៥

បរិមាណពាណិជ្ជកម្មកើនឡើង ១៧% ពីមួយឆ្នាំទៅមួយឆ្នាំ; គម្រោ […]