ក្រុមហ៊ុនចំនួន២ ចុះកិច្ចសន្យាទិញ-លក់អង្ករ ១ម៉ឺនតោនពីកម្ពុជានាំចេញទៅកាន់ទីផ្សារហ្វីលីពីន
ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និមល កិច្ចព្រមព្រៀងរវាងក្រុមហ៊ុន City Rice Import Export និងក្រុមហ៊ុន DILAI Trading បានដាក់ឱ្យដំណើរការសេវាកម្មដឹកជញ្ជូនអង្ករក្នុងបរិមាណច្រើនតាមសាឡង់ជាលើកដំបូងប្រកបដោយប្រសិទ្ធភាពខ្ពស់ផ្នែកចំណាយ ដើម្បីពង្រឹងសន្តិសុខស្បៀងទ្វេភាគី
ក្រុមហ៊ុនចំនួន២ រួមមាន ក្រុមហ៊ុន City Rice Import Export Co., Ltd. និងក្រុមហ៊ុន DILAI Trading Co. Pte. Ltd. កាលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ បានសម្រេចចុះហត្ថលេខាលើកិច្ចសន្យាទិញ-លក់អង្ករកម្ពុជា សម្រាប់នាំចេញទៅកាន់សាធារណរដ្ឋហ្វីលីពីន។ ពិធីនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកស្រី Genina Marion Rafal លេខាទី៣ នៃស្ថានទូតសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា។
នាឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងការរីកចម្រើននៃប្រតិបត្តិការធុរកិច្ចរបស់ក្រុមហ៊ុនទាំងពីរ ដែលបានជ្រើសរើសកម្ពុជាជាដៃគូផ្គត់ផ្គង់អង្ករ និងបានផ្តល់ទំនុកចិត្តលើគុណភាព ព្រមទាំងសមត្ថភាពផ្គត់ផ្គង់អង្កររបស់កម្ពុជា។ លោកជំទាវ បញ្ជាក់ថា កិច្ចសន្យានេះមិនត្រឹមតែជាប្រតិបត្តិការពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការពង្រីកទីផ្សារអង្ករកម្ពុជា ពង្រឹងសន្តិសុខស្បៀង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគីផងដែរ។
ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានជំរុញក្រុមហ៊ុនទាំងពីរឱ្យអនុវត្តកិច្ចសន្យាឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព វិជ្ជាជីវៈ ការទទួលខុសត្រូវ តម្លាភាព ភាពស្មោះត្រង់ និងកិច្ចសហការជិតស្និទ្ធ ព្រមទាំងធានាឱ្យបាននូវការទូទាត់ត្រឹមត្រូវ ការដឹកជញ្ជូនទាន់ពេលវេលា គុណភាព និងស្ថិរភាពនៃការផ្គត់ផ្គង់។
បើតាមឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន City Rice Import Export Co., Ltd. បានឱ្យដឹងថា កិច្ចសន្យាទិញ-លក់អង្ករ ដើម្បីនាំចេញអង្ករកម្ពុជាទៅកាន់សាធារណរដ្ឋហ្វីលីពីន គឺមានចំនួន ១០ ០០០ តោន ដោយដឹកញ្ជូនតាមសាឡង់លើកដំបូង ដែលចំណេញទាំងពេលវេលា និងថវិកា៕ (អានបន្ថែម)

- Video Advertisement -