កម្ពុជា-ជប៉ុនចុះអនុស្សារណៈលើកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលអគ្គិសនី

ក្រសួងរ៉ែ​ និងថាមពល និងទីភ្នាក់ងារធានារ៉ាប់រង និងការវិនិយោគជប៉ុន (NEXI) ដែលជាក្រុមហ៊ុនឯកជនរបស់រដ្ឋាភិបាលជប៉ុន បានចុះហត្ថលេខារួមគ្នាលើអនុស្សារណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យផលិត បញ្ជូន និងចែកចាយថាមពលអគ្គិសនី។

ការចុះហត្ថលេខានេះ ធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីស្តីពី “សហគមន៍ឧស្ម័នសូន្យអាស៊ី-Asia Zero Emission Community (AZEC)” ដែលបានប្រព្រឹត្តនៅថ្ងៃទី៣-៤ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ដោយមានការចូលរួមពីរដ្ឋមន្ត្រីថាមពលនៃប្រទេសអូស្ត្រាលី ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាមនិងដៃគូអភិវឌ្ឍន៍របស់ AZEC។

ស្ថិតក្រោមអនុស្សារណៈនេះ ទីភ្នាក់ងារ NEXI  របស់ជប៉ុន នឹងជួយសិក្សាអំពីលទ្ធភាពក្នុងការផ្តល់សេវាឥណទាន និងមូលបត្រសម្រាប់គម្រោងអភិវឌ្ឍន៍ប្រភពថាមពលបៃតង ការពង្រឹងប្រព័ន្ធបណ្តាញអគ្គិសនីរបស់កម្ពុជា និងការនាំចេញអគ្គិសនីនាពេលអនាគត។

ជាមួយគ្នានេះផងដែរ ជាជំហានដំបូង គម្រោងនេះ នឹងពិនិត្យលទ្ធភាពក្នុងការសិក្សាអំពីបច្ចេកវិទ្យា និងវិធានការអាទិភាពនានា ដោយផ្អែកលើលទ្ធផលនៃការសិក្សាផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការបំភាយឧស្ម័នកម្រិតសូន្យឆ្នាំ២០៥០ ដែលក្រសួងរ៉ែ និង​ថាមពលបានសហការជាមួយទីភ្នាក់ងារ JICA និងលទ្ធផលនៃការសិក្សាអំពីលទ្ធភាពក្នុងការអភិវឌ្ឍប្រព័ន្ធវិញ្ញាបត្របៃតងជាមួយ UNDP។

គម្រោងនេះ នឹងផ្តល់ជំនួយក្នុងការរៀបចំគោលការណ៍ណែនាំសម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់ថាម​ពល​ពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជាផងដែរ។

គួរបញ្ជាក់ថា កិច្ចប្រជុំ AZEC រយៈពេល ២ថ្ងៃនៅទីក្រុងតូក្យូ  គឺដើម្បីបង្ហាញអំពីការប្តេជ្ញារួមគ្នាក្នុងការបង្កើនល្បឿនអន្តរកាលថាមពលស្អាត មានចីរភាព មានតម្លៃសមរម្យ និងដាក់បញ្ជូលគម្រោងអន្តរកាលថាមពល ដើម្បីឆ្ពោះទៅរកអព្យាក្រឹត្យកាបូន/ការបំភាយឧស្ម័នកម្រិតសូន្យក្នុងតំបន់អាស៊ី ជាមួយនឹងការធានាឱ្យបាននូវសន្តិសុខថាមពល និងស្របទៅតាមលក្ខខណ្ឌនៃភូមិសាស្ត្រ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងភាពចម្រុះនៃប្រភពថាមពល និងបច្ចេកវិទ្យារបស់ប្រទេសនីមួយៗ។

សហគមន៍នេះ នឹងរួមគ្នាលើកកម្ពស់អន្តរកាលដែលសមស្របជាមួយនឹងកំណើនសេដ្ឋកិច្ចនិងភាពធន់ ជាពិសេសតាមរយៈនាវានុវត្តន៍ ការចែករំលែកគំនិតយោបល់ និងទស្សនៈលើបញ្ហាប្រឈម និងឱកាសក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ដើម្បីចូលរួមប្រឆាំងនឹងបំរែបម្រួលអាកាសធាតុ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]