កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២
កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាមួយនឹងកម្មវិធីឯកទេសក្នុងការកែច្នៃកសិ-ឧស្សាហកម្ម បដិសណ្ឋារកិច្ច និងភាសា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា និងស្ថានទូតលុចសំបួ ប្រចាំប្រទេសឡាវ បានឯកភាពគ្នានឹងចុះកិច្ចព្រមព្រៀងលើការគាំទ្រលើការអភិវឌ្ឍជំនាញដល់យុវជននៅតំបន់ដាច់ស្រយាលក្នុងខេត្តស្ទឹងត្រែង និងរតនគិរី។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ជាមួយលោក ថូមាស់ ឡាម៉ា (Thomas Lammar) ភារធារីស្ដីទីនៃស្ថានទូតលុចសំបួប្រចាំប្រទេសឡាវ កាលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។
ទាំងពីរភាគី បានឯកភាពគ្នាលើគម្រោងចុះកិច្ចព្រមព្រៀងលើការគាំទ្រលើការអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជន នៅតំបន់ដាច់ស្រយាលក្នុងខេត្តស្ទឹងត្រែង និងរតនគិរី ដោយផ្តោតសំខាន់លើជំនាញកែច្នៃផលិតផលកសិកម្ម ទេសចរណ៍ និងបដិសណ្ឋារកិច្ច និងភាសាអន្តរជាតិ តាមរយៈកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។
នាឱកាសនោះ ឯកឧត្តម ហេង សួរ បានឱ្យដឹងថា ចំពោះខេត្តស្ទឹងត្រែង និងរតនគិរី ទោះបីជាស្ថិតនៅតំបន់ដាច់ស្រយាលក៏ដោយក៏វាជាខេត្តស្ថិតក្នុងរបៀបវារៈនៃការអភិវឌ្ឍន៍របស់កម្ពុជាដែរ ហើយការចាប់ផ្តើមនៅខេត្តទាំងនេះនឹងក្លាយជាគន្លឹះដ៏សំខាន់ដើម្បីឱ្យការរីកចម្រើនអាចមានភាពស្មើគ្នារវាងទីក្រុង និងខេត្តដាច់ស្រយាល។
ជាមួយគ្នានេះ លោក ថូមាស់ បានវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ ខណៈលោកថា កិច្ចសហការនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈគំនិតផ្តួចផ្តើម និងគម្រោងអភិវឌ្ឍន៍សំខាន់ៗ។
សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ ភាគីទាំងពីរ ក៏ប្ដេជ្ញាចិត្តរួមគ្នា ក្នុងការបន្តការកសាងភាពជាដៃគូយូរអង្វែង ជាពិសេសការពង្រីកកម្មវិធីបណ្តុះបណ្តាលនេះទៅកាន់ខេត្តគោលដៅផ្សេងទៀត និងនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរថែមទៀត។ ថ្មីៗនេះ ក្រសួងការងារក៏បានចុះអនុស្សរណៈនៃការយោគយល់ ជាមួយក្រុមហ៊ុនចិន លើជំនាញរ៉ូបូត និងផលិតកម្មឆ្លាតវៃផងដែរ (អានបន្ថែម)
- Video Advertisement -