កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល់គោលដៅ ៧០០លានដុល្លារ ត្រឹមឆ្នាំ២០៣០
កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល់គោលដៅ ៧០០លានដុល្លារ ត្រឹមឆ្នាំ២០៣០ សំដៅឈានទៅសម្រេចបានលទ្ធផលជាក់ស្តែង ជូនប្រជាជននៃប្រទេសទាំងពីរ។ នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីនៃប្រជាមានិតឡាវ កាលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី មេដឹកនាំទាំងពីរ បានឯកភាពលើកិច្ចខិតខំជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងឈានដល់គោលដៅ ៧០០លានដុល្លារ ត្រឹមឆ្នាំ២០៣០។ បន្ថែមលើនេះ ក្នុងកិច្ចការថាមពលប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីធានានូវសន្តិសុខថាមពលរវាងប្រទេសទាំងពីរ។
បន្ថែមពីនេះ នាយករដ្ឋមន្រ្តីទាំងពីរបានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាអំពីយន្តការនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសលើ៖ នយោបាយ-ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ធនាគារ កសិកម្ម ថាមពល ការតភ្ជាប់រវាងប្រជាជន និងប្រជាជន ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កិច្ចការព្រំដែន ការពារជាតិ និងសន្តិសុខ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការប្រែក្លាយតំបន់ព្រំដែន ទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
លើសពីនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សំដៅសម្រួលដល់ការដឹកជញ្ជូនទំនិញទៅវិញទៅមក។ ក្នុងន័យនេះ កម្ពុជាអាចដឹកជញ្ជូនផលិតផលកសិកម្ម ទៅកាន់ប្រទេសទីបី ដោយឆ្លងកាត់ប្រទេសឡាវ ឯប្រទេសឡាវក៏អាចចាត់ទុកកម្ពុជាជាច្រកផ្លូវដឹកជញ្ជូនទំនិញពីប្រទេសឡាវទៅកាន់ទីផ្សារអន្តរជាតិដោយឆ្លងកាត់កម្ពុជា និងប្រើប្រាស់ផែសមុទ្រកម្ពុជា ស្របតាមយុទ្ធសាស្ត្រប្រែក្លាយប្រទេសឡាវពីប្រទេសដែលគ្មានព្រំដែនជាប់សមុទ្រ (landlocked) ទៅជាប្រទេសដែលមានការតភ្ជាប់ (land-linked)។
- Video Advertisement -