កម្ពុជា-អាល្លីម៉ង់ សហការគ្នាគ្រប់គ្រងកាកសំណល់រឹងនៅសៀមរាប
រដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានសហការគ្នា ដើម្បីគ្រប់គ្រងកាកសំណល់រឹងនៅក្រុងសៀមរាប ដែលជាក្រុងគំរូមួយនៅតំបន់អាស៊ាន ក្នុងវិស័យទេសចរណ៍ នឹងបានកំពុងឆ្ពោះទៅជាក្រុងគ្មានប្រើប្លាស្ទីក សម្រាប់ទៅអនាគត។ នេះបើតាមសិក្ខាសាលាស្តីពី “ការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែមួយដង តាមទម្លាប់ចាស់” កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ដោយសារមានការកើនឡើងព្រមគ្នានៃការប្រើប្រាស់ផលិតផលប្លាស្ទិក ដូចនេះយើងត្រូវរកវិធីសាស្ត្រដោះស្រាយ ដោយផ្តល់ជាចំណេះដឹងដល់អារជីវករពាក់ព័ន្ធទាំងអស់ ក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ ដើម្បីបង្កើនការយល់ដឹង និងចែករំលែកបទពិសោធន៍អំពីការគ្រប់គ្រងកាកសំណល់ និងការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែមួយដង នៅក្នុងភោជនីយដ្ឋាន ហាងកាហ្វេ និងកន្លែងលក់ម្ហូបអាហារទាំងអស់ក្នុងខេត្តសៀមរាប។
លោកបន្តថា រៀបចំសិក្ខាសាលានេះឡើង គឺដើម្បីប្រមូលធាតុចូលពីម្ចាស់អាជីវកម្ម និងអ្នកពាក់ព័ន្ធ អំពីបញ្ហាប្រឈម និងដំណោះស្រាយក្នុងការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែមួយដងពិតជាមានសារៈសំខាន់ណាស់ក្នុងការបង្កើនទស្សនទានជារួម ដើម្បីជំរុញឱ្យមានការកាត់បន្ថយ និងឈានទៅរកការបញ្ឈប់ទាំងស្រុងលើការប្រើប្រាស់ប្លាស្ទិកដែលប្រើបានតែមួយដងតាមទម្លាប់ចាស់។
ជាមួយគ្នានេះដែរ លោក Frank Jattke ប្រធានក្រុមការងារអាស៊ានប្រចាំប្រទេសកម្ពុជា នៃទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានមានប្រសាសន៍ថា ដើមី្បកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែមួយដង តាមទម្លាប់ចាស់ នៅតាមលំនៅដ្ឋាន ឬ ភោជនីយដ្ឋាន សណ្ឋាគារ និងនៅតាមទីផ្សារ ទីប្រជុំជន គួរតែយើងគ្រប់ៗគ្នាធ្វើការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយជ្រើសរើសយកឧបករណ៍ដែលប្រើប្រាស់ហើយវាមិនប៉ះពាល់ដល់បរិស្ថានលើភពផែនដី និងក្នុងទឹក ព្រមទាំងបង្កើតបាននូវជីវៈចម្រុះបម្រើដល់ធម្មជាតិ និង ផលប្រយោជន៍ដល់យើងផងដែរ។
គួរបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) និងសមាគមក្លឹបទេសចរណ៍សៀមរាប បានសហការគ្នាយ៉ាងស្អិតរមួតក្នុងការគ្រប់គ្រងកាកសំណល់រឹងនៅក្នុងទីក្រុង ខណៈខេត្តសៀមរាប ជាខេត្តមួយកំពុងសិក្សាសាកល្បងលើកកម្ពស់ការគ្រប់គ្រងសំរាម សំណល់រឹងនៅក្នុងទីក្រុង ដើម្បីជាគំរូដល់ទីក្រុងដទៃយកទៅសិក្សា និងអនុវត្ត ដោយធ្វើការចែករំលែកទៅកាន់ប្រទេសឯទៀតដែលជាសមាជិកនៅក្នុងប្រទេសអាស៊ានផងដែរ។
- Video Advertisement -