កម្មវិធីធុរកិច្ច៖ ក្រុមហ៊ុនកូរ៉េល្បីៗមួយចំនួនធំកំពុងពង្រីកទីផ្សារសម្ភារសំណង់មកកម្ពុជា
ដើម្បីឆ្លើយតបទៅនឹងឧស្សាហកម្មសំណង់ដែលកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា ក្រុមហ៊ុនកូរ៉េប្រមាណជាង ២០ ក្រុមហ៊ុនបានមកធ្វើការតាំងបង្ហាញសម្ភារសំណង់ដែលមានគុណភាពខ្ពស់សម្រាប់ទីផ្សារកម្ពុជា តាមរយៈកម្មវិធីធុរកិច្ចសម្ភារសំណង់ កម្ពុជា-កូរ៉េ កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ ដែលរៀបចំឡើងនៅឯសណ្ឋាគារ សូហ្វីថែល ភ្នំពេញ។
សមាគមអ្នកសាងសង់កម្ពុជាដែលតំណាងឲ្យក្រុមហ៊ុនប្រកបអាជីវកម្មសំណង់ ១៦៨ក្រុមហ៊ុន និងទីភ្នាក់ងារលើកកម្ពស់ពាណិជ្ជកម្មរបស់កូរ៉េខាងត្បូង ទីភ្នាក់ងារសម្រាប់ជំរុញពាណិជ្ជកម្ម និងការវិនិយោគកូរ៉េ ឬ KOTRA បានសហការរៀបចំ «កម្មវិធីធុរកិច្ចសម្ភារសំណង់ កម្ពុជា-កូរ៉េ ២០១៩» ដោយមានក្រុមហ៊ុនកម្ពុជានិងកូរ៉េជាង ១២០ ក្រុមហ៊ុន បានចូលរួមក្នុងកម្មវិធីរយៈពេល១ថ្ងៃពេញនេះ ក្រោយពីភាគីទាំងពីរ បានចុះអនុស្សរណៈយោគយល់គ្នាកាលពីពេលថ្មីៗនេះ ។ (អានបន្ថែម)
លោក Kyungmoo Kwon នាយកទូទៅប្រចាំភ្នំពេញរបស់ KOTRA បានថ្លែងក្រោយកម្មវិធីថា៖ «ដោយសារតែឧស្សាហកម្មសំណង់នៅកម្ពុជាកំពុងរីកចម្រើនយ៉ាងខ្លាំង យើងបានដឹងមកថា សម្ភារសំណង់មួយចំនួននៅកម្ពុជាមិនសូវមានប្រសិទ្ធភាពខ្លាំង ហើយកម្ពុជាពឹងផ្អែកលើសម្ភារសំណង់ពីប្រទេសផ្សេងទៀត ចិន វៀតណាម និងថៃ»។
លោកបានបន្តថា៖ «ពួកគាត់ [អ្នកអភិវឌ្ឍន៍] ចង់មានសម្ភារ និងបរិក្ខាសំណង់ដែលមានគុណភាពល្អប្រសើរជាងនេះ ដូច្នេះយើងពិតជាចង់ណែនាំពីផលិតផលកូរ៉េដែលមានគុណភាពល្អ និងឧបករណ៍ទាក់ទងនឹងការសាងសង់»។
ដោយលើកឡើងថា វិស័យសំណង់នៅតែមានភាពរឹងមាំក្នុងឆ្នាំ ២០១៩នេះ ដោយទុនវិនិយោគមានការកើនឡើងជាង៦០ភាគរយក្នុងរយៈពេល៤ខែដំបូង ឯកឧត្តម ឆាន់ សូរ្យផល អគ្គនាយកសំណង់របស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្វាគមន៍ចំពោះក្រុមហ៊ុនសម្ភារសំណង់របស់ប្រទេសកូរ៉េ ដែលក្រុមហ៊ុនទាំងនេះ នឹងជួយជំរុញឲ្យសម្ភារសំណង់មានគុណភាពកាន់តែល្អជាងនេះទៀត។
ឯកឧត្តមថ្លែងថា៖ «ការចូលរួមរបស់ក្រុមហ៊ុនកូរ៉េក៏ដូចជាក្រុមហ៊ុនបរទេសមួយចំនួនទៀតនិងក្រុមហ៊ុនក្នុងស្រុក ធ្វើឲ្យមានការប្រកួតប្រជែងក្នុងការផ្គត់ផ្គង់សម្ភារក្នុងវិស័យសំណង់ ហើយខ្ញុំជឿជាក់ថា ការប្រកួតប្រជែងនេះគឺនឹងទាញទៅរកគុណភាព»។
លោកឧកញ៉ា ហាន់ ឃៀង អនុប្រធានទីមួយរបស់សមាគមអ្នកសាងសង់កម្ពុជា ជឿជាក់ថា កិច្ចសហប្រតិបត្តិការដំបូងរវាងភាគីទាំងពីរនេះគឺជាសញ្ញាដ៏ល្អមួយសម្រាប់វិស័យសំណង់កម្ពុជាស្របពេលដែលសម្ភារដែលបានដាក់តាំងបង្ហាញសុទ្ធសឹងតែមានគុណភាពខ្ពស់។
លោកឧកញ៉ា ហាន់ ឃៀង ថ្លែងថា៖ «ខ្ញុំថា [កម្មវិធីនេះ] មានអត្ថប្រយោជន៍ច្រើនណាស់ និយាយពីសម្ភារសំណង់របស់កូរ៉េគឺគុណភាពល្អ ហើយតម្លៃក៏ប្រកួតប្រជែងបាន។ សម្ភារសំណង់ដែលខ្ញុំបានឃើញមានគុណភាពល្អ»។
យោងតាមការឲ្យដឹងពី លោកឧកញ៉ា ហាន់ ឃៀង សម្ភារសំណង់ពីប្រទេសកូរ៉េក៏ត្រូវបានប្រើប្រាស់យ៉ាងច្រើនសម្រាប់ឧស្សាហកម្មនេះ ជាពិសេសទាក់ទងនឹងសម្ភារខ្សែអគ្គិសនី។
ក្នុងគោលបំណងលើកស្ទួយស្តង់ដារសំណង់នៅកម្ពុជា ឯកឧត្តម សូរ្យផល ក៏បានមានប្រសាសន៍ដែរថា ក្រសួងកំពុងរៀបចំច្បាប់សំណង់ថ្មីដែលនឹងត្រួតពិនិត្យលើក្រុមហ៊ុនសម្ភារសំណង់ផងដែរ ដើម្បីឲ្យស្របទៅតាមស្តង់ដារបច្ចេកទេស។
- Video Advertisement -