ករណីធ្លាយសារធាតុគីមីចូលទន្លេមេគង្គឡាវ មិនប៉ះពាល់ដល់ទឹកទន្លេមេគង្គកម្ពុជានោះទេ ព្រោះ…

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ឧបទ្ទវហេតុ នៃការក្រឡាប់រថយន្តដឹកសារធាតុគីមី បណ្តាលឱ្យលេចធ្លាយសារធាតុគីមីចូលក្នុងស្ទឹងណាម ខាន់ ដៃទន្លេមេគង្គ ក្នុងប្រទេសឡាវ គឺពុំប៉ះពាល់ដល់ទឹកទន្លេមេគង្គនោះទេ ពិសេសទឹកទន្លេមេគង្គក្នុងប្រទេសកម្ពុជា ពីព្រោះបើគិតពីចំណុចកើតហេតុមកដល់ព្រំប្រទល់កម្ពុជា-ឡាវ មានចម្ងាយដល់ទៅជាង ១ពាន់គីឡូម៉ែត្រឯណោះ ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួង អំពីឧបទ្ទវហេតុខាងលើ កាលថ្ងៃទី៨ ខែមេសា។

ក្រសួងបញ្ជាក់ដូច្នេះ បន្ទាប់ពីកម្ពុជាទទួលបានព័ត៌មានពីឧបទ្ទវហេតុនៃការលេចធ្លាយសារធាតុគីមីចូលក្នុងស្ទឹងណាម ខាន់ (Nam Khan River) ស្ថិតនៅក្នុងក្រុងហ្លួងប្រាបាង នៃខេត្តហ្លួងប្រាបាង ប្រទេសឡាវ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។

ក្រសួងបន្តថា ស្ទឹងណាម ខាន់ ជាដៃទន្លេមេគង្គ ដែលហូរសារធាតុគីមីចូលត្រង់ចំណុចទីក្រុងហ្លួងប្រាបាង ហើយមានចម្ងាយពីព្រំប្រទល់កម្ពុជា-ឡាវ ដល់ទីនោះ ប្រមាណ ១.៣៧០គម ខាងលើក្រុងប៉ាក់សេ ប្រមាណ ១.២២០គម និងខាងលើរដ្ឋធានីវៀងចន្ទន៍ ប្រមាណ ៥០០គម។ រីឯទីតាំងនៅខាងក្រោមទីក្រុងហ្លួងប្រាបាង ចម្ងាយប្រមាណ ១២០គម និងនៅលើដងទន្លេមេគង្គមានទំនប់វារីអគ្គិសនី សាយ៉ាបូរី។

ក្រសួងបន្ថែមថា ផ្អែកលើលទ្ធផលនៃការចុះពិនិត្យអង្កេតជាក់ស្តែងដោយលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងស្ថាប័នជំនាញពាក់ព័ន្ធរបស់ឡាវ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ បង្ហាញថា ពុំមានផលប៉ះពាល់ដល់គុណភាពនៃស្ទឹងណាម ខាន់ និងទន្លេមេគង្គ ដែលបង្កឡើងដោយឧបទ្ទវហេតុ នៃការក្រឡាប់រថយន្តដឹកសារធាតុគីមីនោះទេ។

គួរបញ្ជាក់ដែរថា តាមការជូនដំណឹងពីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សារធាតុគីមីដែលកំពប់នោះ គឺអាស៊ីដស៊ុលផួរិច ដែលមានបរិមាណសរុបប្រហែល ៣០តោន តែមិនបានហៀរចូលក្នុងទឹកទាំងអស់ទេ។

យ៉ាងណាមិញ ក្រសួង និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាននិងកំពុងសហការជាមួយ ភាគីពាក់ព័ន្ធ ដើម្បីពិនិត្យតាមដានវាយតម្លៃជាបន្ត ដើម្បីធានាដល់កិច្ចការពារបរិស្ថាន និងសុខភាពសាធារណៈរបស់ ប្រជាពលរដ្ឋរស់នៅតាមដងទន្លេ។ ក្នុងករណីមានផលប៉ះពាល់ដែលអាចកើតមានពីករណីឧបទ្ទវហេតុខាងលើ មកលើគុណភាពទឹកទន្លេមេគង្គក្នុងប្រទេសកម្ពុជាយ៉ាងណានោះ ក្រសួងនឹងជូនដំណឹងបន្ថែម៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]