ក្នុងខែឧសភា កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីជាង $២៤៦លាន ក្នុងនោះមានចិនជិត ៥០%
ក្នុងខែឧសភា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន ២៤គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ១គម្រោង មានទុនវិនិយោគ សរុបប្រមាណជាង ២៤៦លានដុល្លារ ក្នុងនោះមានទុនវិនិយោគមកពីប្រទេសចិនចំនួន ៥០ភាគរយ។
គួរបញ្ជាក់ថា គម្រោងវិនិយោគថ្មីទាំង២៥ខាងលើ អាចជួយបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាបានប្រមាណ ១៥ពាន់កន្លែង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញផ្សាយនៅថ្ងៃទី១០ ឧសភា ២០២៤។
ក្នុងចំណោមគម្រោងវិនិយោគទាំង២៤ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៧គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៨គម្រោង។
ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែឧសភានេះ រួមមាន៖
ក. ក្រៅតំបន់សេដ្ឋកិច្ចពិសេស
១. គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយ៍អគ្គិសនីដើរដោយថាមពលព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តកំពង់ឆ្នាំង ដែលមានទីតាំងស្ថិតនៅភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគប្រមាណជាង ៦៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៥កន្លែង។
២. គម្រោងវិនិយោគបង្កើតរោងចក្រ និងកែច្នែលោធាតុ ដែលមានទីតាំងស្ថិតនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ២៦លានដុល្លារ និងអាចបង្កើតការងារបាន ២២៩កន្លែង។
៣. គម្រោងវិនិយោគបង្កើតរោងចក្រផលិតបំពង់ទីបដែល មានទីតាំងស្ថិតនៅភូមិអូរត្រជាក់ចិត្តឃុំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណជាង ១៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២២៩កន្លែង។
ខ.ក្នុងតំបន់សេដ្ឋកិច្ចពិសេស
១.គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ជាំងស៊ូ ផ្លូវជាតិលេខ៦ ក្នុងទុនវិនិយោគចំនួន ២៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៦៨៤កន្លែង។
ជាងនេះទៅទៀត ក្នុងខែឧសភានេះ ឃើញថាវិស័យឧស្សាហកម្មបានស្រូបទាញទុនវិនិយោគបានរហូតដល់ជិត ១៨១លានដុល្លារ ដោយឡែកវិស័យហេដ្ឋរចនាសម្ព័ន្ធ និងវិស័យផ្សេងៗស្រូបបានត្រឹមតែជាង ៦៥លានដុល្លារប៉ុណ្ណោះ។
- Video Advertisement -